ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះនិងខ្យល់កន្ទ្រាក់ខណៈដែលឥទ្ធិពលជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីនឹងប៉ះមកលើកម្ពុជាក្នុងពេលមួយសប្តាហ៍ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ដែលនឹងបណ្តាលឱ្យមានបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់នៅតាមបណ្តាខេត្តតំបន់វាលទំនាបកណ្តាលក្នុងរយៈពេលមួយសប្តាហ៍ រហូតដល់ថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា៖ «បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពចន្លោះពី ២៤ ទៅ ៣៥ អង្សាសេ និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពចន្លោះពី២២ ទៅ៣៣ អង្សាសេ នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពពី២៤ទៅ៣៣អង្សាសេនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ»។
ក្នុងសេចក្តីជូនដំណឹងនោះដែរ ក្រសួងបានណែនាំដល់សាធារណៈជនឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចកើតមានពីស្ថានភាពបែបនេះជាពិសេសនៅតំបន់ទំនាបកណ្តាល៕