ក្រុម​ហ៊ុ​នអូស្រា្តលី​ ឈ្មោះ​ រ៉ឺនេសង់ មី​នើរ៉ល​ (Renaissance Minerals) ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Emerald Resources បាន​ប្តេជ្ញាចិត្ត​ប្រតិបត្តិការរុក​រក​រ៉ែ​មាស​ តាម​បទដ្ឋានស្តង់​ដា​សុវត្ថិភាព​ខ្ពស់​នៃ​បរិស្ថាន​ និង​សង្គម​ ដំបូង​គេ​នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌល​គិរី​ ក្នុង​​​ប្រទេស​កម្ពុជា​ ខណៈការ​សម្ភោធ​ចាប់​ផ្តើម​អាជីវកម្ម​រ៉ែ​មាសបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នា២០២១​នេះ​។

ក្រុមហ៊ុន​ Emerald Resources បានអះអាង​យ៉ាង​មុត​មាំ​ក្នុង​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា​ ថា​ខ្លួន​នឹង​អនុវត្ត​ការ​ជីក​រក​ធនធាន​ធម្មជាតិ​ក្រោម​ដី​ដ៏​មាន​តម្លៃ​មួយ​នេះ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ស្រប​តាម​អនុលោម​គោលការណ៍​ណែនាំរបស់​ OECD [អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ចនិងអ្នកអភិវឌ្ឍន៍] និង​ច្បាប់​ពាក់​ព័ន្ធនៅ​កម្ពុជា។​ 

ស្ថានទូត​អូស្រា្តលី បាននិយាយ​ថា៖ «របាយការណ៍​ស្តីពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នៃ​គម្រោង​នេះ​ ជា​របាយការណ៍​ដំបូង​ដែល​ត្រូវ​បាន​ធ្វើ​សវនកម្ម​ សមស្រប​ទៅ​នឹង​បទដ្ឋាន​បរិស្ថាន​និង​សង្គម​នៃ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​»។  
លោក​Luke​ Arnold ដែល​ជា​ភារធារី​ស្ថានទូត​អូស្រ្តាលី  បាននិយាយ​បន្ត​ថា ការ​ធ្វើ​សវនកម្ម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រកប​ដោយ​លក្ខខណ្ឌ​ខ្ពស់​នាពេល​អនាគត​ ជួយ​ធានា​ថា ឧស្សាហកម្ម​រ៉ែ​កម្ពុជា​ អាច​ស្រូប​ទាញ​ចំណាប់​អារម្មណ៍​ ពី​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ ដែល​មាន​បទដ្ឋាន​ស្តង់​ដារ​ខ្ពស់ ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សង្គម​ ។ 

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ ​ស្ថានទូត​អូស្រ្តាលី សម្តែង​នូវ​សេចក្តី​សោមនស្ស​​ ដែល​យល់​ឃើញ​ថា​ ការ​វិនិយោគ​​អាជីវកម្ម​​រ៉ែ​​លើក​​ដំបូង​របស់​អូស្រ្តាលីនេះ​ កំពុង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា កសាង​សេដ្ឋកិច្ច​រឹង​ម៉ាំ​មួ​យ​ ប្រកប​ដោយ​តម្លាភាព​ ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ប្រចាំ​តំបន់​។ 

លោក​សាន​ ម៉ាឡា ដែល​ជា​សកម្មជន​​បរិស្ថាន​ បាន​សាទរ​ចំពោះ​ ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ថានទូត​ ក៏​ដូច​ជា​ក្រុម​ហ៊ុន​ អូស្ត្រាលី ក្នុងការអនុវត្ត​ឱ្យ​បាន​នូវ​ស្តង់ដារ​ខ្ពស់​លើ​បរិស្ថាន​ និង​សង្គម​ ក្រោម​អភិបាលកិច្ច​របស់​ខ្លួន​។
 
ទោះបីជា​យ៉ាង​ណា​ក៏​ដោយ សកម្មជន​បរិស្ថានរូប​នេះ បាន​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​អូស្ត្រាលី​ បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​ លើ​គម្រោង​នេះ​ ជាពិសេស​ លោក​ចង់​ឱ្យ​ភាគី​អូស្រ្តាលីធានា​ថា​អាជីកម្ម​មួយ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​សហគមន៍​មូល​ដ្ឋាន ដែល​ធ្លាប់​ប្រ​កប​របរ​យក​រ៉ែ​មាស​ជា​លក្ខណ:គ្រួសារ និង​បរិស្ថាន​ដែល​នៅ​ក្នុង​តំបន់​នោះ​៕