ក្រសួង​រុក្ខ​ប្រមាញ់​ និង​នេសាទ​ បាន​ប្រកាសកាលពីពេលថ្មីនេះថា​ ​បរិមាណ​ត្រី​ធម្មជាតិ​ក្នុង​ប្រទេសបានធ្លាក់ចុះ​ដោយសារមាន​កំណើន​ប្រជរាស្រ្ត​ក្នុង​រយ:ពេល ​១១​ឆ្នាំ​ចុង​ក្រោយ​ និងមានការប្រកួតប្រជែងក្នុង​ការ​គ្រប់​គ្រង​ទី​ផ្សារ​ត្រី​ក្នុង​ស្រុក​។​

យោង​តាម​សេចក្តី​ប្រកាស​ដែល​ចេញ​ពី​ក្រសួង​រុក្ខប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃទី​១៥​ ខែ​មិថុនា​កន្លងទៅ​នេះ​​ ការ​ថម​ថយ​នូវ​ត្រី​ធម្មជាតិ​គឺ​បណ្តាល​មក​ពី​កត្តា​កំណើន​ប្រជាសាស្រ្ត​ កើន​ឡើង​ ១៤,១​​ ភាគរយ​ ដែល​ជា​ហេតុចំបង​ដែល​នាំ​ឱ្យ​ការ​បរិភោគ​ត្រី​មាន​ការ​កើន​ឡើង​ទ្វេឡើង​ដែល តម្រូវ​ការ​​លើស​ពី​លទ្ធភាព​ផ្គត់​ផ្គង់​បាន​។

ក្រសួង​បាន​បន្ត​ថា ​ឱនភាព​ត្រី​​ កើតឡើងក៏ដោយសារកំណើន​អ្នក​នេសាទ​ បទ​ល្មើស​ក្នុង​ការ​នេសាទ​កើន​ឡើង​ខ្ពស់​ ការ​បាត់បង់​ជម្រក​ត្រី​ពង​កូន​ ការ​ប្រើ​ប្រាស់​ដីធ្លី​ លទ្ធភាព​បង្រ្កាប​បទ​ល្មើស​ជលផល​ធ្លាក់​ចុះបន្ទាប់​ពី​ការ​ផ្ទេរសិទ្ធិ​​អំណាច​ផ្នែក​នេះ​ទៅ​ថ្នាក់​ក្រោម​ជាតិ​​។

យោងតាមក្រសួងដដែល កត្តា​ធំៗពីរយ៉ាងផ្សេងទៀត រួមមាន​ ការ​គ្រប់​គ្រងទីផ្សារ​ត្រី​ ដែល​មាន​និន្នាការ​​ទៅ​រក​ផលិតផល​ត្រី​ដែល​នាំចូល​មាន​តម្លៃ​ថោក​ជាង​ និង​ កត្តា​ប្រកួត​ប្រជែង​ទី​ផ្សារ​ក្នុង​ស្រុក​ ដោយ​វារី​វប្បករ​មិន​អាច​ផលិត​ ឬ​ផ្គត់​ផ្គង់​បាន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ក្រៅ​ស្រុក  កត្តា​ត្រួតពិនិត្យ​មាន​ភាព​ស្មុគ​ស្មាញ​ និង​កត្តា​កង្វះ​វិនិយោគ​ឯកជនលើ​វារី​វប្បកម្ម​។​

ក៏ប៉ុន្តែលោកឱម​ សាវ៉ាត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធនធាន​ជល​ផល​ បាន​ប្រាប់​ Newsroom Cambodia ថាការ​ធ្លាក់​ចុះ​នូវ​កម្រិតទឹក​ជា​រឿង​សំខាន់​​ ហើយដែលលោកបាន​ឃើញថា ​ពីរ​ឆ្នាំចុងក្រោយ​នេះ​ ឆ្នាំ​២០១៩ និងឆ្នាំ ២០២០ កម្រិតទឹក​ទាប​មែន​ទែន​ គឺទាប​ខុស​ប្រក្រតី​។

លោកឱម​ សាវ៉ាត បាននិយាយថា «ទិន្នផល​ត្រី​ធ្លាក់​ចុះ​ជាការពិត ដែល​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំងជាមួយ​នឹង​កម្ពស់​ទឹក​នៅក្នុង​តំបន់​បឹង​ទន្លេសាប​យើង​ ព្រោះ​យើង​ដឹង​ថា​ទន្លេ​សាប​ជា​បេះ​ដូង​ ទន្លេ​មេគ្គង​ជា​សរសៃឈាម ចឹង​បើ​សិន​ជា​ចរន្ត​ទឹក​ទន្លេ​មេគ្គង ​៦២% គឺជា​រៀង​រាល់​ឆ្នាំ​ហូរ​ចាក់​ចូល​ទៅ​ក្នុង​បឹងទន្លេ​សាប​តាម​ចំនួន​កម្រិត​កម្ពស់​ទឹក​ វា​ប្រក្រតី​ដូច​រាល់​ឆ្នាំ​ អានឹង​យើង​ឃើញ​ផល​ត្រី​មិន​សូវ​ជា​ប្រែប្រួល​ខ្លាំង​ប៉ុន្មានទេ​»។

អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា ព្រៃលិចទឹក​ ជា​ជម្រកពង​កូន​របស់​ត្រី​ ជា​ជម្រក​សម្រាប់​ការរីក​ធំធាត់​របស់​ត្រី​ ហើយតែ​កាលណា​កម្រិត​ទឹក​ឡើង​ខ្ពស់​ នោះ​វាសាលភាព​នៃ​ទឹក​នឹង​គ្របដណ្តប់​ទៅ​លើ​ព្រៃលិច​ទឹក​ជុំវិញ​បឹងទន្លេសាប​ ហើយ​ត្រី​នឹង​រីក​ធំធាត់​តាម​បរិមាណ​កម្ពស់​ទឹក​ដែល​ ​​​​ផ្តល់​ឱកាស​ដល់​ការ​បង្កបង្កើន​លទ្ធភាព​ត្រី​ពង​កាន់​តែ​កើន​ឡើង​ដែរ ជាពិសេស​នៅ​រដូវ​បិទ​នេសាទ​ ចន្លោះ​ពី​ខែ​មិថុនា​ ដល់​ខែ​កញ្ញា ជារៀង​រាល់ឆ្នាំ​ សម្រាប់​ឱ្យ​ត្រី​ទម្លាក់​ពង​កូន​។

ករណី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​សកម្មភាព​បទល្មើស​​នេសាទជា​លក្ខណ:សិប្បកម្ម​ ឧស្សាហកម្ម​ គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​នានា​ ​ ការ​ការពារ​ព្រៃលិច​ទឹក​មិន​មាន​ប្រសិទ្ធភាព ព្រមទាំង​ការ​លួច​ចាប់​ត្រី​មេពូជ​ជាដើម​។

លោក​ឱម សាវ៉ាត បាន​លើក​ឡើង​ថាប្រសិន​បើមានការគោរព​ច្បាប់នេសាទ​ ​​វាមិន​សូវ​ជាធ្វើឲ្យបរិមាណត្រីធ្លាក់ចុះនោះទេ។

ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ក្នុង​ប្រទេស​កម្ពុជា​នេះ​ បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រជា​ជន​ប្រមាណ ១,៥ ទៅ​២ លាននាក់​ដែល​ប្រកប​របរ​នេសាទត្រី​ ចំណែក​ ៦​លាននាក់​ទៀត​កំពុង​អាស្រ័យ​ទៅ​លើ​ការ​នេសាទ​ ពោល​ជា​អ្នក​នេសាទ​រយ:ពេល​ខ្លី​នៅ​រដូវ​ច្រូតកាត់​រួច​។​ នេះយោងតាមលោក ឱម សាវ៉ាត។

អ្នក​លក់​ត្រី​ធម្មជាតិម្នាក់​នៅ​តាម​ត្រើយ​ម្ខាងនៃរាជធានីភ្នំពេញ ​បាន​​ត្អូញ​ត្អែរ​ពី​ការ​ចាប់​ត្រី​មិន​សូវ​បាន​ដូច​កាលពី​មុន​។

«ធ្លាក់​ចុះ​តាស ព្រោះ​អី​រក​យូរៗ​ទៅ​វា​កាន់​តែ​ខ្សត់ទៅ​ៗហើយ​ត្រី​។​ ប្រសិន​​បើត្រី​គេ​ចិញ្ចឹម​ ចាប់ខែនឹង គេ​ចាប់​ដាក់​លក់​ ដាក់​ចិញ្ចឹម​វិញ​ហើយ​​»។

អ្នកស្រី​ដែល​កំពុង​វិច​ខ្ចប់​ត្រី​បណ្តើរ និយាយ​បណ្តើរ​ ថាខ្លួន​រក​ត្រី​បាន​ច្រើន​បំផុត​នៅ​កំឡុង​ខែ​វិច្ឆិកា ឯថ្ងៃ​ផ្សេងទៀត​មិន​ទៀង​ទាត់​នោះទេ​។​

ក្រសួង​រុក្ខប្រមាញ់ និង​នេសាទ​ បាន​សន្យា​​ក្នុង​សេចក្តី​ប្រកាសដដែល​ថាក្រសួងបាន​នឹង​កំពុង​ខិតខំប្រឹង​ប្រែង​យ៉ាង​សកម្ម​តាម​អភិក្រម​ «រដ្ឋ ឯកជន​ ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​» ដើម្បី​រួម​ចំណែក​ដោះស្រាយនេះ៕