កម្ពុជាបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមកពីឥណ្ឌាវិញហើយ ដោយសារស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ-១៩បានធូរស្រាល និងការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមកអវិជ្ជមាន។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលណែនាំដល់នាយកដ្ឋានសាខា និងការិយាល័យគយ និងរដ្ឋាករ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាកម្ពុជាបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមកពីប្រទេសឥណ្ឌាចេញវិញ ដោយសាស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅឥណ្ឌាមានភាពធូរស្រាល ហើយសាច់បង្កកទាំងនោះមានតេស្តអវិជ្ជមានកន្លងមក។
លិខិតដដែលនោះបានបញ្ជាក់នូវវិធានការជំនួសបណ្តោះអាសន្នដែលត្រូវអនុវត្តបន្ថែមលើការនាំចូលសាច់បង្កក និងទំនិញបង្កកទាំងនោះថា៖ «តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-លើសាច់បង្កក»។
លិខិតខាងលើនោះបានបន្តទៀតថា៖ «នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ»។
វិធានការនោះនឹងត្រូវបន្ធូរបន្ថយរហូតដល់ការលុបចោលទាំងស្រុងនៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលនៅពេលណាប្រទេសនាំចេញ និងលទ្ធផលតេស្តអវិជ្ជមានជាបន្តបន្ទាប់លើសាច់បង្កកទាំងនោះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អតីតប្រធានអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការសិក្សា និងការអភិវឌ្ឍវិស័យកសិកម្ម(CEDAC) លោកស្រី តុង ច័ន្ទធាង បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១តាមទូរសព្ទថា អ្នកស្រីនៅតែបារម្ភអំពីបញ្ហាសុខភាព ជាពិសសេសទាក់ទងនឹងវីរុសកូវីដ-១៩ ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។
លោកស្រីបានបន្ថែមថា៖ «ការពិតទៅអ្វីដែលយើងបារម្ភទាក់ទងទៅហ្នឹងបញ្ហាសុខភាព គឺយើងបារម្ភខ្លាំង បន្ថែមលើវីរុសនោះទៀត គឹសុវត្ថិភាពចំណីអាហារ ឧទាហរណ៍ថាបើការបង្កកហ្នឹងធ្វើតាមបច្ចេកទេស រក្សាក្នុងសីតុណ្ហភាពមួយតាមស្តង់ដារដែលបានកំណត់នោះវាមិនមានបញ្ហាអ្វីទេ»។
លោកស្រីបានបង្ហាញសេចក្តីបារម្ភថា៖ «ប៉ុន្តែខ្លាចតែ ការរក្សាទុកនោះមិនបានល្អត្រឹមត្រូវតាមបច្ចេកទេស វាអាចប៉ះពាល់ដល់អ្នកបរិភោគ ព្រោះថាអ្នកបរិភោគគ្នាមិនដឹងទេ ដឹងតែថាពេលគេលក់មក គ្នាមិនមានអីលទ្ធភាពអីទៅពិនិត្យមើលអាហារនិងផលិតផលនៅមានអ្វីខ្លះទេ គឺយើងមិនដឹងនោះទេ»។
គួរបញ្ជាក់ថា កម្ពុជាបានដាក់បម្រាមមិនឱ្យនាំចូលសាច់ក្របី និងផលិតផលសាច់ផ្សេងទៀតដែលមានប្រភពមកពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយសារតែស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសនេះមានភាពធ្ងន់ធ្ងរ៕