ដូចការគ្រោងទុក រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីពង្រឹងចំណងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ។
យោងតាមសារដែលបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកដូមីនិក រ៉ាអាប់(Dominic Raab) បានជួបជាមួយរដ្ឋមន្ត្រីរបស់ក្រសួងបរិស្ថាន លោកសាយ សំអាល់ ហើយបានពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា និងសង្កត់លើទំនាក់ទំនងដ៏ស៊ីជំរៅរវាងប្រទេសទាំងពីរដែលមានរយៈពេល ៣០ឆ្នាំចាប់តាំងពីវត្តមានស្ថានទូតអង់គ្លេសដំណើរការឡើងវិញមកនៅកម្ពុជា។
នៅក្នុងខ្លឹមសារនៃជំនួបដដែលនោះ ភាគីទាំងពីរបានបានលើកយកទិដ្ឋភាពរួមមួយចំនួនផងដែរយកមកពិភាក្សាដូចជាការធ្វើការឆ្ពោះទៅកាន់ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ(NetZero) ការដាំដើមឈើឡើងវិញក៏ដូចជាជីវៈចម្រុះនិងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ជាដើម។ នេះយោងទៅតាមសារដែលបានសរសេរនៅលើទំព័រហ្វេសប៊ុកដដែល។
នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១ដដែល លោក ដូមីនិក រ៉ាអាប់(Dominic Raab)បានបន្តជួបជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន។ នេះបើយោងទៅតាមសារដែលបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាដដែល។
នៅក្នុងជំនួបរវាងលោកប្រាក់ សុខុន និងលោកដូមីនិក រ៉ាអាប់(Dominic Raab)នៅរសៀលនេះនោះ គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងឥណ្ឌូប៉ាស៊ីហ្វិកជុំវិញអាទិភាពរួមពោលគឺ ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញនៃស្ថានភាពកូវីដ សិទ្ធិមនុស្ស និងអំពីប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់នៅក្នុងសារលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសដដែល។
ទំព័រហ្វេសប៊ុកដដែលនោះបាននិយាយទៀតថា៖ «ចក្រភពអង់គ្លេស ទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខក្នុងកំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើសារៈសំខាន់នៃកិច្ចសន្ទនាក្នុងការបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍ទៅវិញទៅមករួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោលសំអាតមីន សុខាភិបាលនិងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត ភក្ត្រាបានថ្លែងនៅសារនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានក្រោយជំនួបនោះថាបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថានដូចជា ការប្រយុទ្ធប្រឆាំងនិងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំCOP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេសទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
នៅក្នុងជំនួបដដែលនោះ លោក សាយ សំអាល់បានមានប្រសាសន៍ថា៖ «អង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថានគឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ បង្កើនភាពជាដៃគូរផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា»។នេះបើតាមសារដែលបានសរសេរលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃនេះដដែល។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាពបានប្រាប់ Newsroom Cambodiaតាមទូរស័ព្ទនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ថាទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសមកកម្ពុជានេះជាឱកាសមួយ ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។
«ប៉ុន្តែយើងគួរចាប់អារម្មណ៍ដែរថាមួយរយៈនេះគឺមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើន រួមទាំងសហរដ្ឋអាមេរិក ហើយលើកនេះមានតំណាងពីចក្រភពអង់គ្លេសដែរ ចឹងយើងមើលឃើញនិងចាប់អារម្មណ៍ពីការទំនាក់ទំនង ហើយក៍ប្រហែលជាពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយដែលយើងឃើញកន្លងមក គឺមានការលើកឡើងពីទំនោរពីភាពជិតស្និទ្ធរវាងប្រទេសកម្ពុជា និងប្រទេសចិនដែរ»។
លោកស្រី ចក់ សុភាព បានបន្តថា «ដូច្នេះអាចថាជាមួយផ្នែកដើម្បីធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសដទៃ»។
លោកស្រីបានបន្តទៀតថា៖ «សម្រាប់ទិដ្ឋិភាពសិទ្ធិមនុស្សវិញក៏ជាឱកាសមួយ សម្រាប់មន្ត្រីជាន់ខ្ពស់ទាំងអស់នោះអាចលើកឡើងពីកង្វល់របស់ខ្លួនដោយផ្ទាល់ជាមួយនឹងមន្ត្រីដែលខ្លួននឹងបានជួបផងដែរ»៕