ដូចការ​គ្រោង​ទុក​ រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់​គ្លេស​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ ដើម្បី​ពង្រឹង​ចំណង​ទ្វេ​ភាគី និង​កិច្ច​សហប្រតិបត្តិ​ការ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ។

យោង​តាម​សារ​ដែល​បា​នសរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ឯក​អគ្គរាជទូត​អង់​​គ្លេស​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​​ថ្ងៃទី​២៣​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អង់​គ្លេស​ លោកដូមីនិក រ៉ាអាប់(Dominic Raab) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​របស់​ក្រសួង​បរិស្ថាន​ លោក​សាយ​ សំអាល់ ហើយ​បាន​ពិភាក្សា​ពី​មហិច្ឆតា​អាកាស​ធាតុ​របស់​កម្ពុជា​ និង​សង្កត់​លើ​ទំនាក់​ទំនង​ដ៏ស៊ី​ជំរៅ​រវាង​ប្រទេស​ទាំង​ពីរដែល​មាន​រយៈពេល​ ៣០​ឆ្នាំ​ចាប់តាំង​ពី​វត្តមាន​ស្ថានទូត​អង់គ្លេស​ដំណើរ​ការ​ឡើង​វិញ​មក​នៅ​កម្ពុជា​។

នៅ​ក្នុង​ខ្លឹមសារ​នៃ​ជំនួប​ដដែល​នោះ​ ភាគី​ទាំង​ពីរ​បាន​បាន​លើក​យក​ទិដ្ឋភាព​រួម​មួយ​ចំនួន​ផង​ដែរយក​មកពិភាក្សា​​ដូច​ជាការ​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ការកំណត់​ការ​បំភាយ​ឧស្ម័នត្រឹម​សូន្យ(NetZero) ការ​ដាំ​ដើម​ឈើ​ឡើង​វិញក៏ដូច​ជា​ជីវៈចម្រុះ​និង​ពាណិជ្ជកម្ម​សត្វ​ព្រៃ​ខុស​ច្បាប់​ជាដើម។​ នេះ​យោង​ទៅ​តាម​សារដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល។

នៅ​រសៀល​ថ្ងៃទី​២៣​ខែ​មិថុនា​ឆ្នាំ​២០២១ដដែល​​ លោក ដូមីនិក រ៉ាអាប់(Dominic Raab)បាន​បន្ត​ជួប​ជាមួយ​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ លោកប្រាក់​ សុខុន។ នេះ​បើ​យោង​ទៅ​តាម​សារ​ដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ឯក​អគ្គរាជទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ដដែល។

នៅ​ក្នុង​ជំនួប​រវាង​លោក​ប្រាក់​ សុខុន និង​លោក​ដូមីនិក រ៉ាអាប់(Dominic Raab)នៅ​រសៀល​នេះ​នោះ​ គឺ​ផ្តោត​សំខាន់​លើ​កិច្ចស​ហប្រតិបត្តិការ​រវាង​ចក្រភព​អង់​គ្លេស​ និង​ឥណ្ឌូប៉ាស៊ីហ្វិកជុំ​វិញ​អាទិភាព​រួម​​ពោល​គឺ ពាណិជ្ជកម្ម ភាព​ប្រសើរ​ឡើង​វិញនៃ​ស្ថាន​ភាព​កូវីដ​ សិទ្ធិមនុស្ស និង​អំពី​ប្រទេស​មី​យ៉ាន់​ម៉ា។ នេះ​បើ​តាម​ការ​បញ្ជាក់នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​អង់​គ្លេស​ដដែល។

ទំព័រ​ហ្វេស​ប៊ុក​ដដែល​នោះ​បាន​និយាយ​ទៀត​ថា៖ «​ចក្រភព​អង់គ្លេស ទន្ទឹង​រង់​ចាំ​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិត​ដិត​ជាមួយ​កម្ពុជា នាពេល​ខាង​មុខ​ក្នុង​កំឡុង​ពេល​ប្រទេសកម្ពុជា​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៅ​ថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ឯកភាព​លើ​សារៈ​សំខាន់​នៃ​កិច្ច​សន្ទនាក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី​និង​កិច្ច​សហប្រតិបត្តិការដើម្បី​ប្រយោជន៍ទៅ​វិញ​ទៅ​មក​រួម​មាន​វិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម អប់រំ ការ​បោលសំអាត​មីន សុខាភិបាល​និង​បរិស្ថាន។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោកនេត​ ភក្ត្រា​បាន​ថ្លែង​នៅសារ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​ក្រោយ​ជំនួប​នោះ​ថាបាន​លើក​ឡើង​ពី​ប្រធាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​វិស័យ​បរិស្ថាន​ដូចជា ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​COP26 ស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ​ និង​កិច្ច​ការ​អាទិភាព​នា​នា​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​រួម​គ្នា​ ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ ជីវៈចម្រុះ ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន និង​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ជា​ដើម។

នៅ​ក្នុង​ជំនួប​ដដែលនោះ​ លោក សាយ​ សំអាល់​បាន​មាន​ប្រសាសន៍ថា៖ «អង់​គ្លេស​អាច​ជួ​យ​កម្ពុជា​បាន​ក្នុង​វិស័យ​បរិស្ថាន​គឺ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ បង្កើន​ភាព​ជា​ដៃ​គូរ​ផ្នែក​ពាណិជ្ជកម្ម និង​ទិញ​ផលិត​ផល​ពី​ប្រទេស​កម្ពុជា»។នេះបើ​តាម​សារ​ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​នេះ​ដដែល។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកស្រី​ ចក់ សុភាព​បាន​ប្រាប់ ​Newsroom Cambodiaតាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ​ឆ្នាំ​២០២១ ថា​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេសមក​កម្ពុជា​នេះ​​ជាឱកាស​មួយ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​និង​ប្រទេស។​

«ប៉ុន្តែ​យើង​គួរ​ចាប់​អារម្មណ៍​ដែរ​ថា​មួ​យរយៈនេះ​គឺ​មាន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីជាន់​ខ្ពស់​ជាច្រើន​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ ហើយ​លើ​កនេះ​មាន​តំណាង​ពី​ចក្រភព​អង់​គ្លេស​ដែរ​ ចឹងយើង​មើល​ឃើញ​និង​ចាប់​អារម្មណ៍ពី​ការ​ទំនាក់​ទំនង ហើយ​ក៍​ប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​ដែល​យើង​ឃើញ​កន្លង​មក​ គឺ​មាន​ការ​លើក​ឡើង​ពី​ទំនោរពី​ភាព​ជិត​ស្និទ្ធរវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ដែរ»។​

លោកស្រី​ ចក់ សុភាព បានបន្តថា «ដូច្នេះអាច​ថា​ជា​មួយ​ផ្នែក​ដើម្បីធ្វើ​ឱ្យ​មាន​តុល្យ​ភាពនៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា ​និ​ង​ប្រទេស​ដទៃ»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ «សម្រាប់​ទិដ្ឋិភាព​សិទ្ធិ​មនុស្ស​វិញ​ក៏​ជា​ឱកាស​មួយ សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់​នោះ​អាច​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​ដោយ​ផ្ទាល់​ជាមួយ​នឹង​មន្ត្រី​ដែល​ខ្លួន​នឹង​បាន​ជួប​ផងដែរ»៕