អង្គការសង្គមស៊ីវិលមកពី ៧៥ស្ថាប័នផ្សេងគ្នានៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយស្នើឱ្យមានការដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ សកម្មជនបរិស្ថានដទៃទៀត ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សជាប់ឃុំផ្សេងទៀតឱ្យបានឆាប់ និងទម្លាក់ចោលបទចោលប្រកាន់ដោយឥតលក្ខខណ្ឌ។
យោងតាមសេចក្តីថ្លែងការរួមរបស់អង្គការសង្គមស៊ីវិលទាំង៧៥ស្ថាប័នកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ពួកគេក៏បានទាមទារឲ្យបញ្ឈប់ការរិតត្បិត និងផ្តន្ទាទោសឥតឈប់ឈរទៅលើចលនាបរិស្ថាននានាផងដែរ។
សកម្មជនរួមមានកញ្ញាស៊ុន រដ្ឋា លោកយឹម លាងហ៊ី លោកAlejandro Gonzalez Davison និងលោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្តីថ្លែងការដដែល។
សេចក្តីថ្លែងការដដែលនោះបានលើកឡើងថា៖«ការចាប់ខ្លួនពួកគេគឺមិនសមហេតុផល និងបទចោទប្រកាន់ពួកគេគឺគ្មានមូលដ្ឋានច្បាស់លាស់ និងជាឧទាហរណ៍មួយទៀតនៃអាជ្ញាធរកម្ពុជា និងប្រព័ន្ធយុត្តិធម៌ ក្នុងការប្រើប្រាស់បទ ចោទមិនត្រឹមត្រូវ ដើម្បីចាប់អ្នកការពារសិទ្ធិមនុស្សវ័យក្មេងដាក់ពន្ធធនាគារ»។
សេចក្តីថ្លែងការណ៍បន្តទៀតថា៖ «ការតស៊ូមតិសម្រាប់សិទ្ធិមនុស្ស និងការទាមទារឱ្យអាជ្ញាធរការពារបរិស្ថាន មិនមែនជាបទល្មើសនោះទេ ហើយការចាប់ខ្លួនអ្នកការពារបរិស្ថានដែលជាយុវជនជំនាន់ក្រោយរបស់ប្រទេសជាតិ ដាក់ពន្ធធានាគារ គឺ ធ្វើឱ្យមានគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា»។
«ការចោទប្រកាន់សមាជិក ៤នាក់នៃចលនាបរិស្ថានមាតាធម្មជាតិពីបទរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រដែលជាផ្នែកនៃការផ្តន្ទាទោសដោយការដាក់គោលដៅពីសំណាក់អាជ្ញាធរទៅលើអ្នកការពារបរិស្ថាន និងសកម្មជនមូលដ្ឋានជួរមុខនេះគឹជារឿងមិនអាចទទួលយកបាននោះទេ»។ នេះយោងតាមការលើឡើងរបស់អង្គការទាំង ៧៥ស្ថាប័ននោះ។
សេចក្តីថ្លែងការដដែលនោះបានបង្ហាញលើកឡើងទៀតថាអាជ្ញាធរហាក់ដូចជាមានចេតនាក្នុងការចាប់ខ្លួនអ្នកណាដែលបញ្ចេញមតិរិះគន់ ឬតវ៉ាដោយសន្តិវិធី រីឯតុលាការវិញបង្ហាញចេតនាតិចតួចក្នុងការដោះលែងមុនពេលកំណត់ចំពោះពិរុទ្ធជនដែលបានប្រព្រឹត្តបទល្មើសអហិង្សា ហើយនៅតែបន្តចាប់ខ្លួនសកម្មជនអហិង្សាដាក់ពន្ធនាគារដោយមិនខ្វល់ចំពោះបញ្ហាសុខភាពស្របពេលដែលជំងឺកូវីដ-១៩បានកំពុងរាតត្បាត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២១នេះដែរបានឱ្យដឹងថាការចាប់ខ្លួនយុវជនទាំង ០៣រូបនោះជាការអនុវត្តច្បាប់លើបណ្តាញសកម្មជនខុសច្បាប់ដែលជ្រកក្រោមស្លាកនៃអង្គការមាតាធម្មជាតិ។
ក្រសួងបានបំភ្លឺថាអង្គការមាតាធម្មជាតិពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតហើយពីព្រោះក្រសួងមហាផ្ទៃបានយល់ព្រមរំលាយអង្គការនេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅហើយ។
សេចក្តីប្រកាសព័ត៌មានខាងលើនោះបានបន្ថែមទៀតថា៖ «ជាក់ស្តែងកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន០៣រូបដោយក្នុងកិច្ចប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រនិងប្រមុខរាជរដ្ឋាភិបាល»។
«ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយឈានទៅផ្តួលរលំរាជរដ្ឋាភិបាល តាមវិធានការណ៍ផ្ទុយ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ នោះជាការបញ្ជាក់របស់ក្រសួងមហាផ្ទៃក្នុងសេចក្តីប្រកាសព័ត៌មានដដែល។
សូមជម្រាបផងដែរថាចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរបានចាប់ខ្លួនសកម្មជនយ៉ាងតិច ១៦នាក់ហើយ ដោយសារតែការតវ៉ាប្រឆាំង។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមដដែលខាងលើនោះ៕