អង្គការ​សង្គម​ស៊ី​វិល​មក​ពី ​៧៥​ស្ថាប័ន​ផ្សេងគ្នា​នៅថ្ងៃ​អង្គារនេះ​បាន​ចេញ​សេច​ក្តីថ្លែង​ការ​ណ៍​រួម​គ្នា​មួយ​ដោយ​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ សកម្ម​ជន​បរិស្ថាន​ដទៃ​ទៀត ព្រម​ទាំង​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​ផ្សេងទៀត​ឱ្យ​បាន​ឆាប់​ និង​ទម្លាក់​ចោល​បទ​ចោល​ប្រកាន់​ដោយ​ឥតលក្ខខណ្ឌ​។​

យោង​តាម​សេចក្តី​ថ្លែង​ការ​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ទាំង​៧៥​ស្ថាប័ន​កាល​ពី​ថ្ងៃទី​២២ ​ខែ​មិថុនា ​ឆ្នាំ​២០២១​ពួក​គេ​ក៏បានទាមទារ​ឲ្យ​បញ្ឈប់​ការ​រិត​ត្បិត ​និង​ផ្តន្ទាទោស​ឥត​ឈប់​ឈរ​ទៅ​លើ​ចលនា​បរិស្ថាន​នានាផងដែរ​។

សកម្មជនរួមមាន​កញ្ញាស៊ុន រដ្ឋា លោកយឹម​ លាង​ហ៊ី​ លោក​Alejandro Gonzalez Davison និង​លោក​ លី ចាន់​ដារ៉ា​វុត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​និង​បទប្រមាថចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​។ ​នេះបើ​យោ​ងតាម​សេចក្តី​ថ្លែង​ការ​ដដែល​។

សេចក្តីថ្លែង​ការ​ដដែល​នោះ​បាន​លើក​ឡើង​ថា៖«ការ​ចាប់​ខ្លួន​ពួក​គេ​គឺ​មិន​សម​ហេតុ​ផល និង​បទ​ចោទប្រកាន់​ពួក​គេ​គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ និង​ជា​ឧទាហរណ៍​មួយ​ទៀត​នៃអា​ជ្ញាធរ​កម្ពុជា និង​ប្រព័ន្ធ​យុត្តិ​ធម៌ ក្នុង​ការ​ប្រើ​ប្រាស់​បទ ចោទ​មិន​ត្រឹម​ត្រូវ ដើម្បី​ចាប់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​ដាក់​ពន្ធ​ធនាគារ»។

សេចក្តី​ថ្លែង​ការណ៍បន្ត​​ទៀត​ថា៖ «ការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​មនុស្ស​ និង​ការ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ការពារ​បរិស្ថាន​ មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេស​ជាតិ​ ដាក់​ពន្ធ​ធានាគារ គឺ ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​យើង​ទាំង​អស់​គ្នា»។

«ការ​ចោទ​ប្រកាន់​សមា​ជិក ​៤នាក់​នៃ​ចលនា​បរិស្ថាន​មាតា​ធម្មជាតិ​ពី​បទ​រួម​គំនិត​ក្បត់​ប្រឆាំង​នឹង​រដ្ឋ និង​បទ​ប្រមាថចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ដែល​ជា​ផ្នែក​នៃ​ការ​ផ្តន្ទាទោស​ដោយ​ការ​ដាក់​គោល​ដៅពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​អ្នក​ការពារ​បរិស្ថាន​ និង​សកម្មជន​មូលដ្ឋាន​ជួរ​មុខ​នេះ​គឹ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។​ នេះ​យោង​តាម​​កា​រលើ​ឡើង​របស់​អង្គការ​ទាំង ​៧៥​ស្ថាប័ន​នោះ។

សេចក្តី​ថ្លែង​កា​រ​ដដែល​នោះ​បាន​បង្ហាញ​លើក​ឡើង​ទៀត​ថាអាជ្ញាធរ​ហាក់​ដូច​ជា​មាន​ចេតនា​ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ណា​ដែល​បញ្ចេញ​មតិ​រិះ​គន់ ​ឬ​តវ៉ា​ដោយ​សន្តិ​វិធី​ រីឯតុលាការ​វិញ​បង្ហាញ​ចេតនា​តិចតួច​ក្នុង​ការ​ដោះ​លែង​មុន​ពេល​កំណត់​ចំពោះ​ពិរុទ្ធជន​ដែល​​បាន​ប្រព្រឹត្ត​បទល្មើស​អហិង្សា​ ហើយ​នៅ​តែ​បន្ត​ចាប់​ខ្លួន​សកម្មជន​អហិង្សា​ដាក់​ពន្ធ​នាគារដោយ​មិន​ខ្វល់​ចំពោះ​បញ្ហា​សុខភាព​ស្រប​ពេល​ដែល​ជំងឺ​កូវីដ-១៩​បាន​កំពុង​រាត​ត្បាត។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃទី​២៣​ ខែ​មិថុនា​ឆ្នាំ ២០២១នេះ​ដែរ​បាន​ឱ្យ​ដឹង​ថា​ការ​ចាប់​ខ្លួន​យុវជន​ទាំង​ ០៣​រូប​នោះ​ជា​ការ​អនុវត្ត​ច្បាប់​លើ​បណ្តាញ​សកម្មជន​ខុស​ច្បាប់​ដែល​ជ្រក​ក្រោម​ស្លាក​នៃអង្គការ​មាតា​ធម្មជាតិ​។

ក្រសួង​បាន​បំភ្លឺថាអង្គការ​មាតា​ធម្មជាតិ​ពុំ​មាន​អត្ថិភាព​ និង​លែង​មាន​នីតិ​សម្បទា​ផ្លូវ​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៀត​ហើយ​ពីព្រោះ​ក្រសួង​មហា​ផ្ទៃ​បាន​យល់​ព្រម​រំលាយ​អង្គការ​នេះ​ ចេញ​ពី​បញ្ជី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃទី​១៥ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​កន្លង​ទៅហើយ។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​ខាងលើ​នោះ​បាន​បន្ថែម​ទៀត​ថា៖ «ជាក់ស្តែង​កាល​ពីថ្ងៃទី​១៤​ខែ​ឧសភា​ឆ្នាំ​២០២១ ឈ្មោះ​នេះ​បាន​ដឹក​នាំ​​កិច្ច​ប្រជុំ​ជាមួយ​សកម្ម​ជន​របស់​ខ្លួន​០៣រូប​ដោយ​ក្នុង​កិច្ច​ប្រជុំ​ពួក​គេ​បាន​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​អង្គ​ព្រះ​មហា​ក្សត្រ​និង​ប្រមុខ​រាជ​រដ្ឋា​ភិបាល​»។

«ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ទាំង​០៣រូប​ក៏​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ក្រោម​ផ្លាក​អង្គ​ការ​មាតា​ធម្មជាតិ​ប៉ុន្តែ​ការ​ពិត​គឺ​ចង់​ឱ្យ​មាន​ការ​ងើប​បះ​បោរ ប្រឆាំង​ហើយ​ឈាន​ទៅផ្តួល​រលំ​រាជ​រដ្ឋា​ភិបាល​ តាម​វិធាន​ការណ៍​ផ្ទុយ​ និង​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុ​បក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​»។ នោះ​ជា​ការ​បញ្ជាក់​របស់​ក្រសួ​ងមហាផ្ទៃ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល។

សូម​ជម្រាប​ផង​ដែរ​ថាចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​យ៉ាង​តិច​ ១៦​នាក់​ហើយ ដោយ​សារ​តែ​ការ​តវ៉ា​ប្រឆាំង។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីថ្លែង​ការណ៍រួម​ដដែល​ខាងលើ​នោះ៕