ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមិថុនានេះ បានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៨នាក់ និងអ្នកឆ្លងថ្មីចំនួន៦៥៥នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៤ ខែមិថុនា មានអ្នកជាសះស្បើយចំនួន៦៩៦នាក់ ហើយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប កើនដល់ ៤៥,៣៦៦នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៤០,០១០នាក់ និងអ្នកស្លាប់សរុបកើនដល់៤៩៣នាក់។
សេចក្តីជូនព័ត៌មានដដែលនោះបានបញ្ជាក់ទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៦៥៥នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៧២នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស ហើយនាំឱ្យករណីនាំចូលពីក្រៅប្រទេសកើនសរុបរហូតទៅដល់១,៩២៥នាក់»។
បញ្ជាក់ផងដែរថា កំណើនអត្រាការចាក់វ៉ាក់សាំងកូវីត១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១មាន៣៦,១៩%ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់៕