អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ថ្ងៃ​អង្គារ ទី២១ ខែកក្កដា បានអំពាវនាវឱ្យ​រដ្ឋាភិបាលកម្ពុជា​ទម្លាក់​បទ​ចោទ​ប្រ​កាន់លើ​សកម្មជនបរិស្ថាន និង​បញ្ឈប់ការធ្វើ​ទុកបុក​ម្នេញលើ​​អ្នក​ធ្វើ​យុទ្ធនាការ​ដោយ​សន្ដិ​វិធី។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាននិយាយក្នុង​​​សេច​ក្ដី​ថ្លែងការណ៍ថារដ្ឋាភិបាល​កម្ពុជាគួរ​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំងក្រុម​សកម្មជនបរិស្ថានចលនា​មាតា​ធម្មជាតិ​ចំ​នួន​បី​​​នាក់​រួមមាន​កញ្ញាស៊ុន រដ្ឋាអាយុ​២៦ឆ្នាំ​​ លោកយឹម លាងហ៊ី៣២ឆ្នាំ និងលោកលី ចន្រ្ទាវុធ អាយុ​២២ឆ្នាំ។

នាយក​រងទទួលទទួលបន្ទុកកិច្ចការ​តំបន់​អាស៊ី​របស់​​អង្គការឃ្លាំ​មើលសិទ្ធិ​មនុស្ស​​ លោកហ្វីល រ៉ូប៊ើតសិន​ បាន​លើក​ឡើង​ថា «រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន»។

សេចក្ដី​ថ្លែង​ការណ៍ដដែលបាន​ស្នើរ​ទៅ​រដ្ឋាភិបាល​បរទេស ក្រុម​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​គួរ​តែ​អំពាវ​នាវ​ ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​មិន​សម​ហេតុ​ផល​ចំពោះ​សកម្ម​ជន​បរិស្ថាន​ និង​ថ្កោល​ទោស​ជាសាធារណៈ​ចំពោះ​ការ​គាប​សង្កត់​បន្ថែម​ទៀត​លើ​សកម្មភាព​សន្តិភាព​ដោយ​សេរី​។

​លោកហ្វីល រ៉ូប៊ើតសិន​ បាន​លើក​ឡើង​ថា​តុលា​ការ​នៅ​ប្រទេស​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​នយោបាយ​​ ដូចនេះ​សកម្មជន​បរិស្ថាន​គ្មាន​ឱកាស​ទទួល​បាន​យុត្តិ​ធម៌ទេ​ ដូច្នេះ​មាន​តែ​សម្ពាធ​អន្តរជាតិ​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​ប៉ុណ្ណោះ​ ទើប​អាច​ជួយ​សង្គ្រោះ​សកម្ម​ជន​ទាំង​នេះ​ពីការ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិ​ធម៌​បាន​។

Newsroom Cambodia បាន​ទាក់ទង​ទៅជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ជិន​ ម៉ាលីន​តាម​រយៈ​ប្រព័ន្ធតេឡេក្រាម ​(Telegram) តែ​លោក​មិន​បាន​ឆ្លើយ​តប​នោះ​ទេ​។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បាននិយាយថាអង្គការមាតាធម្មជាតិជាបណ្ដាញសកម្មជនខុសច្បាប់ ហើយបានបន្តលោក Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះអង្គការនេះ បានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន ០៣រូប ដោយបានប្រើពាក្យពេចន៍ប្រមាថលើអង្គព្រះមហាក្សត្រ និងរដ្ឋាភិបាល។

ក្រសួងមហាផ្ទែបាននិយាយដូច្នេះថា «ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន»។

គួរបញ្ជាក់​ផង​ដែរ​ថា ​សហរដ្ឋអាមេរិកមួយផ្នែកដោយសារតែការយាយីសកម្មជនការពារបរិស្ថាន បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនាថាខ្លួននឹងកាត់ផ្តាច់ថវិកាជាង ១០០លានដុល្លារសម្រាប់គម្រោង «បៃតងព្រៃឡង់» របស់រដ្ឋាភិបាលកម្ពុជា ហើយថវិកាទាំងនេះនឹងបង្វិលទៅក្រុមសង្គមស៊ីវិលដែលធ្វើការលើកិច្ចការពារបរិស្ថានវិញ៕