ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្មី ជំនួស លោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែងកាលពីដើមខែមិថុនាឆ្នាំ២០២១កន្លងទៅ។
ការត្រាស់បង្គាប់តែងតាំង លោក ប្រាជ្ញ ចន្ទ បានកើតឡើងបន្ទាប់ពីលោកស៊ិក ប៊ុនហុក បានដាក់ពាក្យសុំឈប់ពីតំណែងដោយសារតែបញ្ហាសុខភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាបោះឆ្នោតទុកចិត្តឱ្យធ្វើជាប្រធានគជប នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះ។
អ្នកនាំពាក្យគជប លោកហង្ស ពុទ្ធា បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ Newsroom Cambodia ថាឯករាជ្យភាពរបស់ គជប គឺនៅតែបន្តមាន ដោយផ្អែកទៅលើច្បាប់ជាធរមាន។
«មិនមែនមានន័យថាឯករាជ្យហើយនៅក្រៅច្បាប់ទេ ហើយច្បាប់ដែលមានជាធរមានគឺការរៀបចំ និងដំណើរប្រព្រឹត្តទៅនៃគជប ហើយមានរូបមន្តមកពីគណបក្សកាន់អំណាច៤ មកពីគណបក្សផ្សេងៗ៤ និងមានម្នាក់ដែលយើងប្រើពាក្យថាសង្គមស៊ីវិល ដូច្នេះពេលអវត្តមានឯកឧត្តមប្រធានចាស់ ស៊ិក ប៊ុនហុក ដូច្នេះខាងកូតារបស់គាត់ត្រូវតែដាក់ជំនួសមកវិញនូវសមាសភាពខាងគណបក្សគាត់ហ្នឹងហើយ»។
លោកបានបន្តទៀតថាទម្រង់របស់គជប មាន៣ប្រភេទ ទី១គឺ គជបចាត់តាំងដោយរដ្ឋាភិបាល ទី២. គជប កើតចេញពីរូបមន្តស្រុះស្រួលគ្នារវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភា ហើយទី៣ សមាសភាពគជប គឺជាមនុស្សឯករាជ្យចេញមកពីសង្គមស៊ីវិលជាដើម។
ស្ថាបនិកអង្គការវេទិកាអនាគត(Future Forum) លោកអ៊ូ វីរៈ បានយល់ឃើញថាការតែងតាំងប្រធានថ្មីរបស់គជប គឺត្រឹមត្រូវទៅតាមច្បាប់របស់គជបដែលបានចែងជាធរមានព្រោះច្បាប់បានបែងចែកតាមកូតាគណបក្សនយោបាយ។
លោកបានថ្លែងប្រាប់Newsroom Cambodia តាមទូរសព្ទនៅថ្ងៃនេះថា៖ «តាមពិតអ្វីដែលបានធ្វើហ្នឹងគឺ មិនខុសច្បាប់ទេ ច្បាប់គជបយើងគឺយើងបែងចែកតាមកូតាបក្សនៅក្នុងសភា អ៊ីចឹងអ្វីដែលបានធ្វើហ្នឹងមិនមានអ្វីខុសច្បាប់ទេ ប៉ុន្តែច្បាប់ដែលបានចែងហ្នឹងវាខុសពី គោលការណ៍អព្យាក្រឹត្យភាព និងឯករាជ្យភាពរបស់គជប ព្រោះកាលពីដើមមក ទោះបីជាមានបក្សពីរ ក៏វាផ្ទុយនឹងគោលការណ៍ឯករាជ្យភាពរបស់គជបដែរ»។
លោកបានពន្យល់ទៀតថា ពីព្រោះកាលពីដើមមក គេបែងចែកគ្នារវាងគណបក្សពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ហើយកាលពីជំនាន់ដើមហ្នឹងក៏ខុស ហើយពេលនេះក៏ខុសផងដែរ ទោះបីមានបក្សពីរក៏ដោយ បក្សបីក៏ដោយ បក្សតែមួយក៏ដោយ ហើយជាគោលការណ៍គេមិនត្រូវចងក្រងច្បាប់គជប បែបហ្នឹងទេ។
«ប៉ុន្តែការពិតច្បាប់គ.ជ.បហ្នឹងគួរតែកែប្រែដើម្បីឱ្យស្របទៅហ្នឹងគោលការណ៍ឯករាជ្យភាពនិងអព្យាក្រឹត្យភាពរបស់គជប ហើយនៅពេលបច្ចុប្បន្នការអនុវត្តតាមច្បាប់គឺមិនខុសទេ ប៉ុន្តែច្បាប់គួរតែកែប្រែឡើងវិញ ហើយសង្ឃឹមថារដ្ឋសភានឹងសើរ៉ើច្បាប់គជបឡើងវិញ»។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្តីសម្រេចមួយស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយកំណត់យកកាលបរិច្ឆេទថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕