ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម សីហមុនី នៅ​ថ្ងៃ​ព្រហស្បត្តិ៍នេះ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យត្រាស់​បង្គាប់​តែង​តាំង​ លោក​ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) ​ថ្មី​ ជំនួស​ លោកស៊ិក ប៊ុនហុក​ ដែល​បាន​លាលែងពី​តំណែង​កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​២០២១​កន្លង​ទៅ​។

ការ​ត្រាស់​បង្គាប់​តែង​តាំង លោក ប្រាជ្ញ ចន្ទ បានកើតឡើងបន្ទាប់ពីលោកស៊ិក ប៊ុនហុក​ ​បាន​ដាក់​ពាក្យ​សុំ​ឈប់​ពីតំណែង​​ដោយ​សារ​តែ​បញ្ហា​សុខភាព​​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋសភា នៅថ្ងៃទី​២៤ ​ខែ​មិថុនា ​ឆ្នាំ២០២១​ លោក ប្រាជ្ញ ចន្ទ ត្រូវ​បាន​រដ្ឋ​សភា​បោះ​ឆ្នោត​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​ប្រធាន​គជប នាសម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៦ នីតិ​កាល​ទី​៦នេះ។

អ្នក​នាំ​ពាក្យគជប​​ លោក​ហង្ស​ ពុទ្ធា បាន​មាន​ប្រសាសន៍តាមទូរស័ព្ទ​ប្រាប់ ​Newsroom Cambodia ថាឯករាជ្យ​ភាព​របស់​ គជប គឺ​នៅ​តែ​បន្ត​មាន​ ដោយ​ផ្អែក​ទៅលើ​ច្បាប់​ជាធរមាន។

«មិនមែន​មានន័យ​ថា​ឯករាជ្យ​ហើយ​នៅក្រៅ​ច្បាប់​ទេ ហើយ​ច្បាប់​ដែល​មាន​ជាធរមាន​គឺ​ការ​រៀប​ចំ​ និង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​គជប ហើយ​មាន​រូប​មន្ត​មក​ពី​គណបក្ស​កាន់​អំណាច​៤ មក​ពី​គណបក្ស​ផ្សេងៗ៤​ និង​មាន​ម្នាក់​ដែល​យើង​ប្រើ​ពាក្យ​ថា​សង្គម​ស៊ីវិល ដូច្នេះ​ពេល​អវត្ត​មាន​ឯកឧត្តមប្រធាន​​ចាស់ ស៊ិក ប៊ុនហុក ដូច្នេះ​ខាង​កូតា​របស់​គាត់​ត្រូវ​តែ​ដាក់​ជំនួស​មក​វិញ​នូវ​សមាសភាព​ខាង​គណបក្ស​គាត់​ហ្នឹង​ហើយ»។

លោក​បាន​បន្ត​ទៀត​ថា​​ទម្រង់​របស់​គជប ​មាន​៣ប្រភេទ ទី១គឺ​    គជប​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​ ទី២. គជប កើត​ចេញ​ពី​រូប​មន្ត​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈនៅ​ក្នុង​សភា ហើយ​ទី៣​ សមាស​ភាព​គជប ​គឺ​ជា​មនុស្សឯក​រាជ្យ​ចេញ​មក​ពី​សង្គម​ស៊ីវិល​ជាដើម។

ស្ថាបនិក​អង្គ​ការ​វេទិកា​អនាគត​(Future Forum) លោកអ៊ូ វីរៈ បានយល់​ឃើញ​ថា​ការ​តែង​តាំង​ប្រធាន​ថ្មី​របស់​គជប គឺ​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​របស់គជប​ដែល​បាន​ចែង​ជាធរមាន​ព្រោះ​ច្បាប់​បាន​បែង​ចែក​តាម​កូតា​គណបក្ស​នយោបាយ​។

លោក​បាន​ថ្លែង​ប្រាប់​Newsroom Cambodia តាម​ទូរសព្ទនៅ​ថ្ងៃ​នេះ​ថា​៖ ​«តាមពិត​អ្វី​ដែល​បាន​ធ្វើ​ហ្នឹង​គឺ មិន​ខុស​ច្បាប់​ទេ ច្បាប់​គជប​យើង​គឺ​យើង​បែង​ចែក​តាម​កូតា​បក្ស​នៅ​ក្នុង​សភា​ អ៊ីចឹង​អ្វី​ដែល​បាន​ធ្វើ​ហ្នឹង​មិន​មាន​អ្វី​ខុស​ច្បាប់​ទេ ប៉ុន្តែ​ច្បាប់​ដែល​បាន​ចែង​ហ្នឹង​វា​ខុស​ពី គោលការណ៍អព្យា​ក្រឹត្យ​ភាព ​និង​ឯករាជ្យ​ភាព​របស់​គជប​ ព្រោះ​កាល​ពី​ដើម​មក ​ទោះ​បី​ជា​មាន​បក្ស​ពីរ​ ក៏​វា​ផ្ទុយ​នឹង​គោល​ការណ៍​ឯករាជ្យ​ភាព​របស់​គជប​ដែរ»។

លោក​បាន​ពន្យល់​ទៀត​ថា ​ពីព្រោះ​កាល​ពី​ដើមមក ​គេ​បែ​ង​ចែក​គ្នា​រវាង​គណបក្ស​ពីរ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កាលពី​ជំនាន់​ដើម​ហ្នឹង​ក៏ខុស​ ហើយ​ពេល​នេះ​ក៏ខុស​ផង​ដែរ​ ទោះបី​មាន​បក្ស​ពីរ​ក៏ដោយ បក្ស​បី​ក៏ដោយ បក្ស​តែមួយ​ក៏ដោយ​ ហើយ​ជា​គោលការណ៍​គេ​មិនត្រូវ​ចង​ក្រង​ច្បាប់​គជប ​បែប​ហ្នឹង​ទេ​។

«ប៉ុន្តែការពិត​​ច្បាប់​គ.ជ.ប​ហ្នឹង​គួរ​តែ​កែ​ប្រែ​ដើម្បី​ឱ្យស្រប​ទៅហ្នឹង​គោលការណ៍ឯករាជ្យ​ភាពនិង​អព្យា​ក្រឹត្យ​ភាព​របស់​គជប​ ហើយ​នៅពេល​បច្ចុប្បន្ន​ការអនុវត្ត​តាម​ច្បាប់​គឺ​មិន​ខុស​ទេ ប៉ុន្តែ​ច្បាប់​គួរ​តែ​កែប្រែ​ឡើង​វិញ​ ហើយ​សង្ឃឹម​ថា​រដ្ឋសភា​នឹង​សើរ៉ើច្បាប់​គជប​ឡើង​វិញ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន កាល​​ពី​ថ្ងៃទី​០១ ​ខែ​មីនា ​ឆ្នាំ​២០២១កន្លង​ទៅ​នេះ បាន​ចេញ​សេចក្តី​សម្រេចមួយ​ស្តី​ពី​ការ​ប្រកាស​កាល​បរិច្ឆេទនៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ ដោយ​កំណត់​យក​កាល​បរិច្ឆេទ​ថ្ងៃ​ទី​០៥ ​ខែ​មិថុនា ​ឆ្នាំ​២០២២៕​ ​