គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្តីណែនាំ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទូទាំងរាជធានី ខេត្តទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ នាពេលខាងមុខ ដើម្បីធានាជូននូវសុវត្ថិភាព និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយអនុប្រធានទី១ លោក គន់ គីម ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនានេះបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ និងការផ្តល់ព័ត៌មានពីគណ:កម្មការទន្លេមេគង្គ បរិមាណទឹកភ្លៀងនឹងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចឱ្យទឹកទន្លេឡើងខ្ពស់ ដោយចាំបាច់ត្រូវត្រៀមលក្ខណ: និងប្រកាន់យកវិធានការសំខាន់ៗមួយចំនួន។
វិធានការសំខាន់ៗក្នុងសេចក្តីណែនាំនោះមានដូចជា ការរៀបចំទីទួលសុវត្ថិភាព (ទីទួលសុវត្ថិភាពសំណង់ វត្តអារាម អគារសាធារណ:។ល។) សម្រាប់ការងារជម្លៀសប្រជាជនឱ្យមានសុវត្ថិភាព ដោយប្រើប្រាស់ធនធាន កម្លាំង និងមធ្យោបាយសរុប ស្របតាមយុទ្ធការគ្រប់គ្រងគ្រោះមហន្តរាយ និងអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ។
ការផ្សព្វផ្សាយព័ត៌មានឱ្យបានញឹកញាប់តាមរយ:ប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Telegram តាមទូរស័ព្ទ ១២៩៤ ស្តីពីការព្យាករអាកាសធាតុ ស្ថានភាពទឹកទន្លេ ជាដើម។ ជាពិសេស ជូនដំណឹងទៅកាន់ប្រជាជនជាមុខសញ្ញាដែលងាយប្រឈមនឹងគ្រោះធម្មជាតិ ព្រមទាំងណែនាំឱ្យមានការទទួលខុសត្រូវខ្ពស់តាមគ្រួសារនីមួយៗ ត្រៀមទុកដាក់សម្ភារសំខាន់ៗ មាន សត្វពាហន: មធ្យោបាយ ស្បៀងអាហារ ដើម្បីជៀសវាងបាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ។
ករណីឃើញមានគ្រោះថ្នាក់ នៃគ្រោះមហន្តរាយកើតឡើងនៅតំបន់ណាមួយ។ អាជ្ញាធរ ត្រូវធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់ ឆ្លើយតបនឹងគ្រោះមហន្តរាយ មុនគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ចុះមកជួយ។
«លេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវសម្របសម្រួលការឆ្លើយតបក្នុងព្រឹត្តិការណ៍គ្រោះមហន្តរាយ ប្រមូលវិភាគព័ត៌មានតាមប្រព័ន្ធព្រឺស៊ឹម និងផ្តល់ចំណាត់ការជូនប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ព្រមទាំងរាយការណ៍ជាប្រចាំមកគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។ នេះបើតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM៕