ក្នុងរយ:ពេលប្រមាណជាពីរឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីមានការបិទខ្ទប់ ប្រជាជនទាំងអស់តម្រូវឱ្យនៅតាមផ្ទះរៀងៗខ្លួនដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩។ ខណៈកំបុងស្ថិតនៅផ្ទះ យើងឃើញថា ការប្រើប្រាស់បណ្តាញសង្គមនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ បើយោងទៅរបាយការណ៍ស្តីពី «ស្ថិតិប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ប្រទេសកម្ពុជា» ដែលចេញផ្សាយលើអ៊ីធឺណេតលើគេហទំព័រឈ្មោះ DATAREPORTAL បានបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាបានកើនឡើងចំនួន២,៣ លាននាក់ ដែលលោតឡើងដល់២៤% ចន្លោះពីឆ្នាំ២០២០ និង២០២១ ដែលចំនួននៃអ្នកប្រើប្រាស់នេះគឺមានចំនួនលើសពាក់កណ្តាលនៃប្រជាជនសរុបក្នុងប្រទេសកម្ពុជា បើគិតត្រឹមខែមករា ឆ្នាំ២០២១។
ហើយតាមការស្រាវជ្រាវមួយបានឱ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គម មានអត្រាខ្ពស់បំផុត ស្មើនឹង ៣៣%នៃភាគរយអ្នកប្រើប្រាស់សរុប ជាមនុស្សមានវ័យចន្លោះពី ២២ ដល់ ២៦ឆ្នាំ និងលំដាប់ទីពីរ ឈរនៅត្រឹម ២២% ជាយុវវ័យជំទង់ដែលមានអាយុចន្លោះពី១៨ ទៅ ២១ឆ្នាំ ដែលនៅក្នុងនោះក៏មានវត្តមានកុមារអាយុចន្លោះពី១៣ ដល់១៧ឆ្នាំផងដែរ។ នេះបើយោងតាម «ព័ត៌មានអាយុអ្នកប្រើហ្វេសប៊ុក» ដែលមានប្រភពមកពីទិន្នន័យបន្ថែមហ្វេសប៊ុក ក្នុងខែមេសា ឆ្នាំ២០១៩ លើគេហទំព័រ Geek in Cambodia ។
ក្នុងដំណាក់កាលនេះ ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមក្នុងលំហរអ៊ីនធឺណេតនាពេលបច្ចុប្បន្នជារឿងដែលមិនអាចមើលរំលងបាន។] ព្រោះវាបានក្លាយជាផ្នែកមួយដែលមនុស្សស្ទើរគ្រប់រូបក្នុងសង្គមខ្មែរកំពុងតែ ប្រើប្រាស់ជាប្រចាំ ក្នុងទិសដៅផ្សេងៗគ្នា ក៏ជាជះឥទ្ធិពលដល់សង្គមទាំងមូលផងដែរ។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋខ្មែរចំនួន៥រូប ដែលជាអ្នកកំពុងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ ដូចជាហ្វេសប៊ុក (Facebook) អ៊ីនស្តារក្រាម (Instagram) ធីកធុក (Tiktok) ជាដើម ពីទស្សន:យល់ឃើញរបស់ពួកគេក្នុងការប្រើប្រាស់បណ្តាញសង្គម ។
លោក ឈិន ចាន់ណា អាយុជាង ៣០ឆ្នាំ ដែលជាអ្នកលក់ដូរមួយរូប បានប្រាប់ Newsroom Cambodia ពីផលវិជ្ជមាន ក្នុងការប្រើប្រាស់បណ្តាញសង្គមនៅប្រទេសកម្ពុជាថា៖ «និយាយទៅវាល្អ សម្រាប់ទំនាក់ទំនងក្នុងសង្គម ហើយការងាររកស៊ីអី យើងក៏អាចងាយស្រួលអ៊ីចឹង»។
លោកបានបន្ថែមថា លោកតែងប្រើប្រាស់បណ្តាញសង្គមសម្រាប់តាមដានព័ត៌មាន និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិលើបណ្តាញសង្គមជាដើម។
សម្រាប់ផលអវិជ្ជាមានវិញ លោក ចាន់ណា យល់ឃើញថា មានតែនៅលើយុវវ័យ និងក្មេងៗ ដែលមានអាយុក្រោម១៨ឆ្នាំ ។ លោកបានផ្តល់មតិយោបល់ថា៖ «កុំគួរឱ្យលេងល្អ ! ព្រោះអីក្មេងៗ វានៅសិក្សា។ ពេលវាលេងទៅធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ»។
ក្នុងចំណោមបណ្តាញសង្គមទាំងអស់ លោក ចាន់ណា មានប្រើតែ ហ្វេសប៊ុក (Facebook) អ៊ីនស្តាក្រាម (Instagram) លើកលែងតែ ធីកថក (Tiktok) ដែលលោកមិនដែលបានប្រើ ។ លោកបានបញ្ជាក់ថា ខ្លួនចំណាយពេលប្រើបណ្តាញសង្គមមិនមានពេលកំណត់ច្បាស់លាស់នោះទេ គឺអាស្រ័យទៅលើពេលវេលាដែលខ្លួននៅសេសសល់ពីការងាររកស៊ីទើបប្រើ។
យុវត្តី មុន្នី ចាន់ណា អាយុ១៧ ឆ្នាំ ដែលជាសិស្សកំពុងរៀនថ្នាក់ទី ៩ បានប្រាប់ Newsroom Cambodia ថា៖ «ភាគច្រើនខ្ញុំលេងហ្វេសប៊ុក ខ្ញុំមើលវីដេអូដែល Fun [កំប្លែង] វីដេអូ របស់បង NaKh (អ្នកបង្កើតវីដេអូ ក្នុងកម្មវិធី Youtube)»។
ក្រៅពីរៀបរាប់ពីចំណូលចិត្តរបស់ខ្លួនក្នុងការប្រើបណ្តាញសង្គម មានហ្វេសប៊ុក (Facebook) ធីកថក (Tiktok) ក្នុងគោលបំណងដើម្បីជាការកម្សាន្ត និងចែករំលែកតែវីដេអូ ឬមាតិកាណាដែលធ្វើឱ្យសើចសប្បាយទៅកាន់មិត្តៗដែលមានក្នុងបណ្តាញសង្គម។ យុវតី ចាន់ណា បាននិយាយថា ការប្រើប្រាស់បណ្តាញសង្គមមិនបានផ្តល់ប្រយោជន៍នាមួយដល់នាងនោះទេ។
ទោះយ៉ាងណានាងថា នាងក៏បានទទួលចំណេះដឹងខ្លះតាមរយ:ការមើលវីដេអូអប់រំ ដែលចែករំលែកចំណេះដឹង។ ចាន់ណា បានបញ្ជាក់ថា នាងចំណាយពេលប្រើទាំងហ្វេសប៊ុក (Facebook) និង ធីកថក (Tiktok) ស្មើគ្នាដោយយល់ថាពេញចិត្តទាំងពីរ ដោយហ្វេសប៊ុក (Facebook) សម្រាប់មើលតែវីដែអូកំប្លែង ឯធីកថក (Tiktok) សម្រាប់មើលវីដេអូដែលគេចែករំលែកពីរបៀបប្រើប្រាស់កម្មវិធីដែលខ្លួនមិនទាន់ចេះប្រើ។
យុវជន ឈឿន រតន អាយុ ២២ ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកសូរិយោដីនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលាភ បាននិយាយពីការយល់ឃើញរបស់ខ្លួនពីការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា គឺជះឥទ្ធិពលទៅតាមវ័យ និងប្រភេទរបស់អ្នកប្រើប្រាស់រៀងៗខ្លួន ហើយបានលើកពីទម្លាប់របស់ខ្លួនដែលជានិស្សិតមួយរូប ក្នុងការប្រើប្រាស់បណ្តាញសង្គម ថា៖ «ខ្ញុំជានិស្សិតអីចឹង ពេលខ្លះពួកខ្ញុំចែករំលែកអ្វីដែលថ្មី ឬក៏ទាក់ទាញនឹងជំនាញរបស់ខ្ញុំ។ ពួកខ្ញុំចែករំលែក ពាក់ព័ន្ធនឹងការងារអ្វីដែលសំខាន់ៗ ដូចជាព័ត៌មានសង្គម។ ដូចជាក្នុងរយ:ពេលកូវីដអញ្ចឹង ពួកខ្ញុំអាចលេងដើម្បីយល់ដឹង តាមដានការរីករាលដាលនៃកូវីដ»។
និស្សិតឆ្នាំទី ៣ រូបនេះបានរៀបរាប់ពីគុណសម្បត្តិដែលខ្លួនទទួលបានតាមរយ:ការលេងបណ្តាញសង្គមថា អាចជាការលេងកម្សាន្ត ស្វែងយល់ពីចំណេះដឹង ការរស់នៅរបស់បរទេស និងជាបណ្តាញផ្តល់ព័ត៌មានសង្គមបានរហ័ស ។ ក្រៅពីអត្ថប្រយោជន៍ដែលទទួលបាន រតនា ក៏បានបង្ហាញពីគុណវិបត្តិដែលខ្លួនបាននឹងកំពុងជួបប្រទេះជាញឹកញាប់នាពេលថ្មីៗនេះ ថា៖ «ប៉ុន្មានរយ:នេះ ខ្ញុំក៏មើលឃើញគុណវិបត្តិដែលទាក់ទងនឹង Fake News [ព័ត៌មានក្លែងក្លាយ]។ ហើយអ្វីដែលមិនពិត គេយកវាមកកាត់តអីអញ្ចឹង ធ្វើឱ្យពេលខ្លះអ្វីដែលដើមវាជាស ពេលខ្លះមកជាខ្មៅ។ ឧទាហរណ៍ពេលខ្លះ មានននរណាម្នាក់និយាយម៉ាវីដេអូឡើងវែង គាត់កាត់យកតែពីរ បីចំណុចនឹង។ ធ្វើឱ្យអ្នកស្តាប់ គាត់និយាយនឹងទៅធ្វើឱ្យអ្នកស្តាប់យល់ច្រឡំនឹងគាត់។ អ្នកខ្លះទៀតគ្រាន់តែឃើញគេ Share [ចែករំលែក] សរសេរតែ Caption [ចំណងជើង] ដាក់តែប៉ុន្មានម៉ាត់ចូលជេរប្រដោយ។ ហើយអ្នក Comment [បញ្ចេញមតិយោបល់] ឃើញគេជេរ គឺជេរតគ្នា ប៉ុន្តែមិនបានតវ៉ាថាវីដេអូនោះមកពីណា»។
យុវសិស្សប្រុស រតនា ដែលមិនចូលចិត្តការចែករំលែក និងនិយាយរិះគន់ក្នុងពេលលេងលើបណ្តាញសង្គមហ្វេសប៊ុក ប្រាប់ថាខ្លួនតែចុច រាយការណ៍ ( Report ) ព័ត៌មានបំពុលសង្គមទាំងនោះ កុំឱ្យមានការរាលដាលច្រើនតទៅទៀត។
ជានិស្សិតម្នាក់ រតនា បានបញ្ជាក់ថាខ្លួនតែងចំណាយពេលអនឡាញច្រើនលើបណ្តាញសង្គម ជាពិសេសពេលទំនេរពីការសិក្សានាពេលរាត្រី រតនាតែងអនឡាញរយ:ពេលប្រមាណ ៤ ម៉ោង ជាការកម្សាន្តអារម្មណ៍មុនចូលគេង។
យុវជន ពិន ណារ៉ាក់ ដែលកំពុងឆ្លងឆ្នាំកំណើតវ័យ២០ឆ្នាំ នៅថ្ងៃដែល Newsroom Cambodia បានទៅសម្ភាសន៍ផ្ទាល់តែម្តង បានប្រាប់ពីអត្ថប្រយោជន៍ក្នុងពេលប្រើប្រាស់បណ្តាញសង្គមថា អ្វីដែលចំបងនោះគឺធ្វើឱ្យការទំនាក់ទំនងគ្នាមានភាពងាយស្រួល និងបង្កើនការយល់ដឹងតាមរយ:ការមើលវីដេអូអប់រំនានាលើបណ្តាញសង្គមជាដើម ។
ខុសប្លែកពីយុវជនដទៃដែលចូលចិត្តលេង ហ្វេសប៊ុក (Facebook) តែយុវសិស្សឆ្នាំទី២ រូបនេះអះអាងថា ខ្លួននិយមលេង អ៊ីនស្តាក្រាម (Instagram) ជាងគេក្នុងចំណោមបណ្តាញសង្គមទាំងអស់នៅកម្ពុជា បាននិយាយតាំងសើចថា៖ «គុណវិបត្តិ ឱ្យតែពេលជក់លេងហើយគឺដាច់យប់តែម្តង»។
ណារ៉ាក់ ដែលជានិស្សិតឆ្នាំទី២ ខាងផ្នែកគណនេយ្យបានយល់ថា យុវវ័យបច្ចុប្បន្នច្រើនតែលេង ឬបង្ហោះអ្វីដែលគ្មានប្រយោជន៍៖ «រឿងដែលមិនគួរ Post [បង្ហោះ] ក៏គាត់ Post [បង្ហោះ] ដែរ»។
ឯការប្រើប្រាស់បណ្តាញសង្គមវិញ គឺប្រើប្រាស់ជាប្រចាំ ជាពិសេសនៅកន្លែងធ្វើការ ជាចាំបាច់ក្នុងការទំនាក់ទំនងជាមួយមិត្តរួមការងារ និងពេលរៀនសូត្រផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនិស្សិត ណារ៉ាក់ ។
យុវត្តី មុន្នី ចាន់ណា អាយុ១៧ ឆ្នាំ ដែលជាសិស្សកំពុងរៀនថ្នាក់ទី៩ បានប្រាប់ Newsroom Cambodia ថា៖ «ភាគច្រើនខ្ញុំលេងហ្វេសប៊ុក ខ្ញុំមើលវីដេអូដែល Fun [កំប្លែង] វីដេអូ របស់បង NaKh (អ្នកបង្កើតវីដេអូក្នុងកម្មវិធី Youtube)»។
កញ្ញា ធីតា ដែលជាអ្នកធ្វើការងារ មួយកន្លែងក្នុងរាជធានីភ្នំពេញ បាននិយាយថា ខ្លួនលេងតែហ្វេសប៊ុក (Facebook) និងមិនដែលលេង ធីកថក (Tiktok) ទេ និងគិតថា ខ្លួនទទួលបានព័ត៌មានពីសង្គមខាងក្រៅបន្ថែមបានតាមរយ:ការលេងបណ្តាញសង្គមមួយនេះ។
កញ្ញារូបនេះបានបញ្ជាក់ថា ខ្លួនមិនសូវរកឃើញពីគុណវិបត្តិនៃការប្រើប្រាស់បណ្តាញសង្គមទេ ព្រោះដោយហេតុថាខ្លួនមិនសូវមានពេលទំនេរក្នុងការលេងបណ្តាញសង្គមទេ។ ប៉ុន្តែកញ្ញា ធីតា បានសម្តែងការយល់ឃើញចំពោះការប្រើប្រាស់បណ្តាញសង្គមទូទៅក្នុងប្រទេសកម្ពុជាថា៖ «និយាយឱ្យចំទៅ ពេលខ្លះ Post [បង្ហោះ] រឿងឈ្លោះគ្នាអីនៅក្នុងសង្គមមានតែប៉ុន្នឹង។ ប៉ុន្តែបើយើងទាញ បច្ចុប្បន្នយើងកុំទៅខ្វល់អារឿងរបស់គេនឹង យើងមើលតែកន្លែងណាមានប្រយោជន៍សម្រាប់យើងទៅបានហើយ»៕