ក្រសួងធនធានទឹកប្រកាសពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតំបន់វាលទំនាបចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែកក្កដា ខាងមុននេះ ស្របពេលដែលការព្យាករណ៍ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល មានឥទ្ធិពលមូសុងនិរតី និងសម្ពាធទាបពីប្រទេសចិន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧតុនិយម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាលដូចតទៅ៖ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ។ ពីថ្ងៃទី៤ ដល់ ៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន»។
ដោយស្ថានភាពអាកាសធាតុមានភាពខុសៗគ្នាទៅតាមតំបន់ទាំងបី ដូចជាខេត្តនៃតំបន់វាលទំនាបកណ្តាលនឹងមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ទី៣ ខែកក្កដា និងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ ឯផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែកក្កដា។ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ដោយអន្លើរ។ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ដែលអាចកើតមាន ជាពិសេសនៅតំបន់ទំនាបកណ្តាល៕