​តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជានៅ​ថ្ងៃ​សៅរ៍នេះ​បាន​សម្តែង​ក្តី​បារម្ភ​ពីការ​ឆ្លង​កាន់​តែ​ច្រើន​ឡើងនៅកម្ពុជា​នូវ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ​ ដែលតា(Delta) ហើយ​ថា​ត្រូវ​តែ​ចាត់​​ការ​ជាបន្ទាន់​ និង​ចាត់​ការ​ដោយ​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា។

តំណាង​អង្គការ​សុខភាព​ពិភព​លោក​នៅ​កម្ពុជា លោកស្រី​ វេជ្ជ​បណ្ឌិត លី អៃល៊ាន​ នៅ​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ទ្វីធើ(Twitter)ផ្ទាល់​ខ្លួន «​យើង​ពិត​ជា​មាន​ក្តីបារម្ភ​អំពី​ជំងឺ​កូវីដ-១៩បំប្លែងថ្មី»។

លោកស្រីបាន​បន្ត​​ទៀត​ថា៖ «ជំងឺ​កូវីដ-១៩និង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩បំប្លែង​ថ្មី​ត្រូវ​គេ​រំពឹង​មាន​កាន់​តែច្រើន​នៅ​កម្ពុជា។ យើង​ត្រូវ​តែ​ចាត់​ការ​ជា​បន្ទាន់​ ចាត់​ការ​ទាំង​អស់​គ្នា​ដោយ​ការ​ទទួលខុសត្រូវ»។​

​ជាមួយ​គ្នា​នេះ​ដែរ លោក​ស្រី​ លី​ អៃ​ល៊ាន បាន​បញ្ជាក់​ទៀត​ថា​ឧបករណ៍និង​ការ​វាស់វែង​នានា​នៃ​បច្ចុប្បន្នភាព​ជំងឺ​កូវីដ-១៩ជួយ​ទប់ទល់​នូវ​ការ​ប្រឈម​ថ្មីៗនេះ​ ប្រសិន​បើ​គេ​អនុវត្តវា​យ៉ាង​មាន​ប្រសិទ្ធិភាពនោះ។​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ម៉ម​ ប៊ុនហេង កាលពីថ្ងៃសុក្រក៏បាន​ចេញលិខិត​ដ៏​ប្រញាប់​មួយ​ធ្វើ​ការ​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ឱ្យ​ពង្រឹង​វិធាន​ការ​ចត្តាឡីស័ក​នៅតាម​បណ្តា​ច្រក​ព្រំដែន​នានា និង​ពង្រឹង​វិធាន​ការ​រដ្ឋ​បាល​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​បម្លែង​ខ្លួនថ្មី​​​ប្រភេទ​Delta ក្នុង​សហគមន៍។

លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ក្នុង​លិខិត​ប្រញាប់​នោះ​ថា៖ «​សភាព​ការណ៍​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បម្លែង​ខ្លួន​ថ្មី​ប្រភេទ​Delta​ឆ្លង​ចូល​ក្នុង​សហគមន៍​តាម​រយៈ​ការ​នាំចូល​ពី​បណ្តា​ច្រក​ព្រំដែន​នានា»។

លោក​បាន​បន្តទៀត​ថា៖​ «​ត្រូវ​ចាត់​វិធាន​ការ​ពង្រឹង​​ការ​គ្រប់​គ្រង​​ប្រជា​ពល​រដ្ឋ​ធ្វើ​ចំណាក​ស្រុក​ ដែល​វិល​ត្រឡប់​មក​ភូមិ​-ឃុំ​វិញ​ និង​ត្រូវ​អនុវត្ត​វិធាន​ការ​ចត្តា​ឡីស័ក​​នៅមណ្ឌល​ចត្តា​ឡី​ស័ក​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ពុំ​បាន​ឆ្ល​ង​​កាត់​ការ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​តាម​ព្រំ​ដែន»។

សូមបញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ដើម​ខែ​មិថុនាឆ្នាំ​២០២១​រហូត​មកដល់​ថ្ងៃទី​១៩​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ ​ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មីប្រភេទ​ Delta​នេះ​ត្រូវ​បាន​គេ​រកឃើញ​វត្តមាន​​នៅ​កម្ពុជា​​សរុប​​១០​ករណី​​​ហើយ​៕