គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីណែនាំថ្មី៩ចំណុច ដើម្បីឆ្លើយតបការរីករាលដាលនៃមេរោគបំប្លែងថ្មី ដែលតា (Delta) ដែលឆ្លងតាមរយ:អ្នកដំណើរពីប្រទេសថៃ ចូលមកកម្ពុជា ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីណែនាំរបស់គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ចេញនៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានលើកឡើងពី ការចេញសេចក្តីណែនាំអំពីវិធានការការពារ និងទប់ស្កាត់ការរីកដុះដាលនៃជំងឺបំប្លែងថ្មី និងមេរោគកូវីដ-១៩ ចំនួន៩ចំណុច។ ក្នុងនោះមានដូចជា៖
ទី១ ប្រគល់តួនាទី ក្នុងការធ្វើចត្តាឡីស័កដល់ អនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងអនុគណ:កម្មការសាងសង់ និងជួសជុល រៀបចំជាបន្ទាន់នូវមណ្ឌលចត្តាឡីស័ក នៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ។ អនុគណ:កម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ត្រូវជួយគាំទ្រ ក្នុងការរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ជាពិសេសចំពោះខេត្តដែលពុំទាន់មាន។ បន្ថែមពីនេះ អនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស ត្រូវសហការជាមួយ គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត បែងចែកឱ្យដាច់ពីគ្នា រវាងអ្នកធ្វើចត្តាឡីស័ក ដែលមកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ២០២១ ដើម្បីបង្ការការចម្លងនៃមេរោគបំប្លែងថ្មី ចូលទៅមណ្ឌលចត្តាឡីស័ក ដោយយថាហេតុ។
ទី២ ប្រគល់តួនាទី អនុគណ:កម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ សហការនឹងអនុគណ:កម្មការបច្ចេកទេសនិងព្យាបាល ក្នុងការផ្គត់ផ្គង់នូវសម្ភារបរិក្ខារពេទ្យ និងឱសថព្យាបាលចាំបាច់នានា ដល់បណ្តាខេត្តជាប់ព្រំដែន តាមសភាពការណ៍ជាក់ស្តែង។
ទី៣ រៀបចំឱ្យមាន “មណ្ឌលសង្រ្គោះបន្ទាន់កម្រិតតំបន់” ក្នុងការបង្កើនសមត្ថភាពមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។
ទី៤ ដើម្បីពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ពលករខ្មែរ ត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា និងបញ្ជៀសការលួចឆ្លងដែនខុសច្បាប់ គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ជាប់ព្រំប្រទល់ ត្រូវបង្កើនការសហការនឹងខេត្តជាប់ព្រំដែនប្រទេសថៃ។ ហើយស្ថានទូតប្រទេសកម្ពុជាប្រចាំប្រទេសថៃ ត្រូវផ្សព្វផ្សាយបន្ថែម ជូនដល់ពលករខ្មែរនៅប្រទេសថៃមិនឱ្យមានការព្រួយបារម្ភ ក្នុងការខ្លាចបាត់បង់ការងារក្រោយត្រឡប់មកកម្ពុជា នោះទេ។ ពោលពលករខ្មែរ ត្រូវបានមើលថែដោយយកចិត្តទុកដាក់ពីអាជ្ញាធរថៃ នៅប្រទេសថៃផ្ទាល់។
ទី៥ គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវចាត់វិធានការបន្ថែម ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល និងវិធានការច្បាប់បន្ថែមលើការអប់រំ និងការអំពាវនាវ។
ទី៦ ការផ្គត់ផ្គង់សម្ភារឃីត និងទឹកបរិសុទ្ធ ដល់អ្នកធ្វើចត្តាឡីស័កតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវគ្រប់គ្រងដោយ គ.ប.ក ជំនួសឱ្យការដឹកជញ្ជូនពីរាជធានីភ្នំពេញ និងការផ្តល់ថវិកា គ្រប់គ្រងដោយ អនុគណ:កម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ។
ទី៧ ការរៀបចំផែនការផ្គត់ផ្គង់និងហិរញ្ញវត្ថុ សម្រាប់រយ:ពេល៦ខែ ដោយផ្នែកពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នា និងពិគ្រោះយោបល់គ្នាឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមលក្ខណ:ឆ្លើយតបនឹងការវិវត្តថ្មីនៃកូវីដ-១៩។
ទី៨ ការធ្វើចត្តាឡីស័ក ដោយការធ្វើតេស្តរហ័សប្រចាំខែលើកងកម្លាំងជួរមុខ តាមបណ្តាគោលដៅឈរជើងនៅមាត់ច្រកព្រំដែន។
ទី៩ អនុវត្តការធ្វើតេស្តរហ័សរៀងរាល់ ៧២ម៉ោងម្តង លើអ្នកដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។
កម្ពុជាបានរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា ( Delta ) ច្រើនករណីលើពលករចំណាកស្រុកត្រឡប់ពីប្រទេសថៃដែលវីរុសថ្មីនេះមានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ខ្លាំងជាង១៥ដង ដោយបច្ចុប្បន្ននេះមិនទាន់ដឹងថា តើបុគ្គលណាខ្លះបានឆ្លងវីរុសនេះនៅឡើយទេ។ នេះបើយោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី ២៨ ខែមិថុនា នេះ៕