ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានចំនួនជាង៤លាននាក់ ឬស្មើនឹង៤១ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាបានគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៤១ភាគរយ បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៤,១៥៨,៣១២នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន ៤,១០០,១០៤នាក់ និងចំនួន៥៨,២០៨នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក មានចំនួន២,៩៩៣,៣៧៩នាក់ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ខាងលើ។
បើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានថ្លែងសារជាសំឡេងក្នុងតេឡេក្រាមកាលពីថ្ងៃអង្គារ ជំងឺកូវីដ-១៩នៅកម្ពុជាបច្ចុប្បន្នឈានដល់បន្ទាត់ក្រហមនៃការឆ្លងរាលដាលក្នុងសហគមន៍ហើយ៕