ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនព័ត៌មានដល់និស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសវៀតណាមទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីបានលក្ខខណ្ឌអនុគ្រោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅពេលខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងថាវៀតណាមនឹងមានគោលការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការងារនៅវៀតណាមទាំងអស់ដោយគ្មានការរើសអើងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួន។
សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ថា៖ «ជនបរទេសកំពុងរស់នៅ សិក្សា និងធ្វើការងារនៅ វៀតណាម នឹងទទួលបានលក្ខខណ្ឌអនុគ្រោះសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅពេលដែលវៀតណាម ទទួលវ៉ាក់សាំងច្រើនបន្ថែមទៀត»។
រដ្ឋាភិបាលវៀតណាមបានសន្យាយកចិត្តទុកដាក់ និងគាំទ្រជនបរទេសទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅវៀតណាមដោយគ្មានការរើសអើងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនព័ត៌មានខាងលើ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម កំពុងសិក្សាធ្វើវិសោធនកម្មគោលនយោបាយអន្តោរប្រវេសន៍ និងវិធានការសុខាភិបាល សម្រាប់អ្នកដំណើរបរទេសអាចចូលវៀតណាមដោយត្រូវមានវិញ្ញាបនប័ត្រវ៉ាក់សាំងឬលិខិតឆ្លងដែនវ៉ាក់សាំង ព្រមទាំងពិនិត្យលើការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក និងចំនួនធ្វើតេស្តកូវីដ-១៩សម្រាប់អ្នកចាក់វ៉ាក់សាំងរួច»។
សូមបញ្ជាក់ផងដែរថា គេនៅមិនទាន់រកឃើញវិធីព្យាបាលជំងឺកូវីដ-១៩បានជោគជ័យនៅឡើយទេ។ យ៉ាងណាក៏ដោយ ការថែរក្សាសុខភាពឱ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩គឹនៅតែជាវិធានការដ៏មានប្រសិទ្ធភាពខ្ពស់ដដែល៕