ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ មានចំនួន៤,២០២,៧៥១នាក់ ឬស្មើនឹង៤២.០៣ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាបានគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៤២.០៣ ភាគរយ បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៤,២៦១,០៨៥ នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន ៤,២០២,៧៥១នាក់ និងចំនួន៥៨,៣៣៤នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក មានចំនួន៣,០៤៨,៩០៥នាក់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ខាងលើ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ចនៅត្រឹមឆ្នាំ២០២១នេះ៕