រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តទៅ ដោយបែងចែកជា៣ តំបន់ខុសៗគ្នាក្នុងខណ្ឌទាំង១៤។
យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ចេញនៅយប់ ថ្ងៃទី៣០ ខែមិថុនា បានបញ្ជាក់ថា ក្រុមហ៊ុនថ្មីចំនួន៣ នឹងចុះទៅប្រមូល និងដឹជញ្ជូនសំរាម សំណល់រឹង បន្តពីប្រតិបត្តិករចាស់ នៅតាមតំបន់ដោយឡែកពីគ្នាចំនួន៣៖ «ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងផ្តល់សេវា ដល់តំបន់ទី១ ដែលមានខណ្ឌចំនួន៥ គឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។ ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្តល់សេវា ដល់ខណ្ឌចំនួន៥ ផ្សេងទៀតដែលស្ថិតក្នុងតំបន់ទី២ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ និងក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងផ្តល់សេវា ដល់ខណ្ឌចំនួន៤ ផ្សេងទៀត ក្នុងតំបន់ទី៣ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ»។
សាលារាជធានីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងតាមការកំណត់ ដើម្បីរក្សាអនាម័យ និងបរិស្ថានក្រុងភ្នំពេញឱ្យបានស្អាតល្អ ព្រមទាំងយោគយល់ចំពោះភាពរអាក់រអួលនៃការចាប់ផ្តើមប្រមូលសំរាមដំបូងដោយក្រុមហ៊ុនថ្មីនេះ៕