សាលារាជធានីភ្នំពេញនៅថ្ងៃសុក្រ បានប្រកាសផ្អាកដំណើរការផ្សារអូឡាំពិកក្នុងរយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថាមានបុគ្គលពាក់ព័ន្ធក្នុងផ្សារឆ្លងជំងឺកូវីដ១៩ ។
បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ចេញនៅថ្ងៃសុក្រ ទី២ ខែកក្កដានេះ បានលើកឡើងពីប្រការ៣ ពីការហាមឃាត់មិនឱ្យមានការចេញ-ចូល ក្នុងបរិវេណផ្សារអូឡាំពិក ប៉ុន្តែមានករណីលើកលែងមួយចំនួនដូចជា៖ « ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីរករ អតិថិជន និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។ ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល។ ការចេញ-ចូល និងការជួបជុំរបស់គណ:កម្មការផ្សារ អាជ្ញាធរមានសម្ថកិច្ច និងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណ:»។
រដ្ឋបាលសាលារាជធានីបានបញ្ជាក់ក្នុងប្រការ២ថា អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវទៅយកសំណាកវិភាគរកមេរោគ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯគណ:កម្មការផ្សារអូឡាំពិក ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងៗទៀត។
ករណីបុគ្គលពាក់ព័ន្ធមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬមិនធ្វើចត្តាឡីស័កទេ ត្រូវទទួលការពិន័យក្នុងទឹកប្រាក់ចន្លោះពី ១លានរៀល ដល់ ១០លានរៀល ដូចដែលបានចែងក្នុងសេចក្តីប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ចុះកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១មក។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសដដែល។
«គណ:កម្មការផ្សារ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថានប័នតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។
គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥២,៣៥០នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៦៦០នាក់៕