ក្រសួងការពារជាតិកម្ពុជាបានប្រកាសនៅថ្ងៃទី២ ខែកក្កដានេះថា រដ្ឋាភិបាលនឹងបង់ថ្លៃសិក្សាសម្រាប់និស្សិតកម្ពុជាទាំង៦ នាក់ដែលកំពុងសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិករហូតដល់ចប់ បន្ទាប់ពីទីក្រុងវ៉ាស៊ីងតោនផ្តាច់ជំនួយដោយហេតុថាទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ មានភាពមិនសូវចុះសម្រុងគ្នា។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានលើកឡើងថា៖ «ដោយមើលឃើញអំពីការលំបាក របស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និងនៅក្នុងស្មាររតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន ជាស្ថាពរ»។
ក្រសួងការពារជាតិបាននិយាយថា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ ហើយបានយល់ឃើញថា ការផ្តាច់អាហាររូបករណ៍នេះ ជាការសម្រេចចិត្តតែម្ខាង ដែលក្រសួងការពារជាតិនឹងធ្វើនូវចំណាត់ការជាបន្ទាន់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សដែលរៀននៅសាលាបណ្ឌិតសភាយោធាលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
យោងតាមវិទ្យុសំឡេងសហរដ្ឋអាមេរិក (VoA) លោកArend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានបញ្ជាក់ថា និស្សិតទាំង៦នាក់នោះអាចបន្តការសិក្សាបាន ប្រសិនបើពួកគេអាចរកថវិកាបង់ដោយខ្លួនឯងបាន ឬររដ្ឋាភិបាលកម្ពុជាចំណាយឱ្យដោយផ្ទាល់។
លោក Arend បានបកស្រាយ តាមសារអ៊ីម៉េលដូច្នេះថា៖ «បន្ទាប់ពីកម្ពុជាកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធា និងយោធា គឺប្រទេសនេះបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធារបស់សហរដ្ឋអាមេរិក»។
ក្រោយពីកម្ពុជាបានលុបចោលសមយុទ្ធប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០១៧ ហើយរដ្ឋាភិបាលកម្ពុជាងាកទៅជិតស្និទ្ធជាមួយនឹង ប្រទេសចិនកាន់តែខ្លាំង សហរដ្ឋអាមេរិកបានផ្តាច់ជំនួយស៊ីវិល និងយោធាមួយចំនួនបន្ទាប់ពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិព្រមទាំងធ្វើទុក្ខបុក្ខម្នេញអ្នករិះគន់បណ្តាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។
និស្សិត ៥នាក់ក្នុងចំណោម៦នាក់ក៏ធ្លាប់បានសរសេរលិខិតទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឲ្យជួយធ្វើអន្តរាគមន៍ដើម្បីបានសិក្សាដល់ចុងបញ្ចប់ដោយសារនិស្សិតខ្លះបានសិក្សាដល់ឆ្នាំទី៤។ ពួកគេបានចាត់ទុកថាការសិក្សានៅសាកលវិទ្យាល័យដ៏មានកិត្តិយសទាំងបួននឹងជួយផ្លាស់ប្តូរជីវិតរបស់ពួកគេ និងការប្តេជ្ញាកសាងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ នេះយោងតាម VoA។
យោងតាម VoA ដដែល និស្សិតទាំង៦រូប ដែលក្នុងចំណោមនោះ មាននិស្សិត២ រូបកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point ២រូបទៀតកំពុងសិក្សានៅបណ្ឌិតសភាទ័ពអាកាស ១រូបទៀតនៅផ្នែកកងទ័ពជើងទឹក និង១ រូបចុងក្រោយសិក្សាខាងឆ្មាំសមុទ្រ៕