កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សីនឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីរំឮកខួបអនុស្សាវរីយ៍លើកទី២៥នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្សី តាមប្រព័ន្ធវីដេអូ ក្រោមការសម្របសម្រួលរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ីនា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សីវិញម្តង ចាប់ពីខែសីហា ឆ្នាំ២០២១នេះ។
ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សីនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី និងសហព័ន្ធរុស្សីនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។ នេះបើតាមការបញ្ជាក់របស់សេចក្តី ប្រកាសព័ត៌មានខាងលើនោះ។
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរនៅថ្ងៃស្អែកដើម្បីនឹងពិនិត្យឡើងវិញ នូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្សីដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានខាងលើនោះបានបញ្ជាក់ថា អាស៊ាន-រុស្សីក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះសម្រេចបានសមិទ្ធផលលើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ព្រមទាំងបន្តតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សីស្តីពីជំងឺកូវីដ-១៩កាលពីឆ្នាំមុនជាដើម។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើតាមប្រព័ន្ធវីដអូនេះ គឹជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគួយុទ្ធសាស្ត្រអាស៊ាន-រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។ នេះបើតាមសេចក្តីក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕