ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានៅថ្ងៃចន្ទនេះ បានហាមមិនឱ្យមានការទិញឧបករណ៍តេស្តរហ័សពីក្រសួងយកទៅធ្វើអាជីវកម្មបន្ត និងអំពាវនាវឲ្យមានការរាយការណ៍ទៅក្រសួង ប្រសិនមានអ្នកយកទៅលក់បន្ត។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសាររបស់ខ្លួនជាសាធារណៈថា ការលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ក្នុងតម្លៃដើម៣.៧ដុល្លាអាមេរិកនេះ គឺដើម្បីឱ្យក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានទាន់ពេលវេលាប៉ុណ្ណោះ។ ក្រសួងបន្ថែមថា ក្នុងករណីដែលមានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះពីក្រសួងយកទៅធ្វើអាជីវកម្មបន្តនោះ ក្រសួងសូមឱ្យរាយការណ៍មកកាន់លេខទូរសព្ទ ០១២ ៩៨៨ ៨៩៨ ឬ ០៩២ ២២៤ ៤៥៤។
ទំព័រហ្វេសប៊ុករបស់ក្រសួងខាងលើនោះបានបញ្ជាក់ទៀតថា៖ «ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បានទាន់ពេលវេលាដោយទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ក្នុងតម្លៃដើមត្រឹមតែ៣.៧ដុល្លារ យកទៅប្រើប្រាស់ក្នុងអង្គភាពខ្លួន ហើយមិនត្រូវយកទៅលក់បន្តស្របតាមការណែនាំ»។
គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩បានចំនួន៤៦,៦៧៥ ជូន២១០ក្រុមហ៊ុន និងស្ថាប័ន៕