ក្រសួងទូរគមនាគមន៍ បានបង្ហាញពីវិធានការការពារ និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយចោរព័ត៌មានវិទ្យា ក្រោយរកឃើញថាថ្មីៗនេះមានការគំរាមកំហែងជំរិតយកប្រាក់ និងធ្វើឱ្យអាប់ឱនដល់កិត្តិយសតាមបណ្តាញអ៊ីនធឺណេតដោយសារការឆ្លងចូលមេរោគចាប់ជំរិត (Ransomware) ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញនៅថ្ងៃសៅរ៍ ទី៣ ខែកក្កដានេះបានបញ្ជាក់ពីសញ្ញាអាសន្ននៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលកើតមានឡើងនៅពេលថ្មីៗទៅនេះ ដោយចោរតាមប្រព័ន្ធអ៊ីធឺណិត និងធ្វើឱ្យមេរោគម៉្យាងឈ្មោះ «មេរោគចាប់ជំរិត» ដែលមានគ្រោះថ្នាក់ខ្លាំងដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលពីទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) រហូតមិនអាចប្រើប្រាស់បាន ក្រោយត្រូវបានឆ្លងចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានសម្រេច។
ក្រសួងបានណែនាំពីយុទ្ធសាស្រ្តការពារចំនួន៥ ទប់ទល់នឹងការរាតត្បាតមេរោគប្រភេទនេះតាមប្រព័ន្ធកុំព្យូទ័រដូចតទៅ៖ «ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយជៀសវាងទាញយកកម្មវិធីតាមអ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់។ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងកុំព្យូទ័រឧបករណ៍ចល័តរបស់អ្នកឱ្យបានទៀងទាត់។ តំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឱ្យបានប្រចាំ។ មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងអ៊ីមែល។ ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណិត (Offline)»៊
មេរោគនេះអាចឆ្លងតាមរយ:កត្តា៣ យ៉ាងដូចជា ៖ «១.ការប្រើប្រាស់សុសវែរមិនមានអាជ្ញាបណ្ណ ២.ការបើកឯកសារភ្ជាប់មកជាមួយអ៊ីមែល ៣.ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវែ និងកម្មវិធីប្រើប្រាស់ជាដើម»។ នេះបើតាមសេចក្តីជូនដំណឹងដដែលរបស់ក្រសួង។
ក្រសួងបានបញ្ជាក់ និងក្រើនរំឮកថា ប្រសិនបើចោរព័ត៌មានវិទ្យាចាប់ចង្ខំឱ្យបង់ប្រាប់ ដោយយកលេសថានឹងបញ្ចេញឯកសារទាំងអស់ដែលបានលួច ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ឬស្ថាប័ននោះ សូមជនរងគ្រោះកុំបង់ប្រាក់ទៅតាមការគំរាមពីសំណាក់ចោរទាំងនោះ ព្រោះមិនប្រាកដថា នឹងទទួលបានឯកសារមកវិញទេ។ គប្បីទាក់ទងទៅនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានតាមរយ:គេហទំព័រ www.camcert.gov.kh ឬតាមរយ:អ៊ីមែល [email protected] ឬទូរស័ព្ទលេខ ០១៦ ៨៥១ ៦៧៨ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ៕