សត្វតោចិញ្ចឹម ត្រូវបានប្រគល់ជូនម្ចាស់ជាជនជាតិចិនវិញ កាលពីថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រោមលក្ខខណ្ឌថាម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
លោកហ៊ុន សែន នាយប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ បានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថាការសម្រេចចិត្តនេះគឺ ក្រោយពីមានការពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោកបានសរសេរដូច្នេះថា៖ «អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ មិថុនា រដ្ឋបាលព្រៃឈើ និង អង្គការសម្ព័ន្ធមិត្ត សត្វព្រៃកម្ពុជា បានដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនម្នាក់ ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន នៅក្នុងសង្កាត់បឹងកេងកង ១ ក្រុងភ្នំពេញ ក្រោយដឹងដំណើរដើមចមថាសត្វតោនេះ ត្រូវបានបុរសនេះទិញមកចិញ្ចឹមក្នុងតម្លៃ ១ម៉ឺនដុល្លារ ក្នុងមួយក្បាល។
សត្វតោមួយក្បាលនេះ ជាប្រភេទសត្វតោមកពីតំបន់អាហ្វ្រិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។ នេះជាការបញ្ជាក់ពីរដ្ឋបាលព្រៃឈើ។
អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សប្រចាំកម្ពុជា (CCHR) បានស្នើឱ្យដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំ បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យសត្វតោត្រឡប់ទៅជនជាតិចិនចិញ្ចឹមនៅផ្ទះវិញ។
អ្នកស្រី ចក់ សុភាព បានបង្ហោះសារលើគណនីបណ្តេញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃចន្ទនេះ ដោយភ្ជាប់ជាមួយរូបភាពកាន់ក្រដាសដែលសរសេរថា «ខ្ញុំស្រឡាញ់បរិស្ថាន! ដោះលែង» ដោយភ្ជាប់ជាមួយឈ្មោះសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំ សុំឱ្យដោះលែងសកម្មជនបរិស្ថាន ជាមួយសារសម្តែងការខកចិត្តដែលរដ្ឋាភិបាលមិនព្រមដោះស្រាយបញ្ហាចាប់ខ្លួនសកម្មជនការពារបរិស្ថាន ផ្ទុយទៅវិញបែរជា ដោះលែងសត្វតោ ដោយខុសច្បាប់ ដោយមិនមានចំណាត់ការស៊ីបអង្កេតណាមួយច្បាស់លាស់មុនធ្វើការសម្រេចចិត្ត។
អ្នកស្រីបានបញ្ជាក់ក្នុងសារបង្ហោះនោះថា៖ «រឿងសត្វ និងឈ្មួញ និងលើ្មសយកតោមកចិញ្ចឹមទាំងបំពានច្បាប់ស្រុកខ្មែរ និងច្បាប់ធម្មជាតិមិនត្រូវបានស៊ើបអង្កេតច្បាស់ផង ត្រូវសួរថាតោរត់មកស្រុកខ្មែរ ឬហោះចូលដោយរបៀបណាហើយច្បាប់យើងចែងយ៉ាងណាដែរ ហើយនៅមានសត្វព្រៃមួយចំនួនទៀតដែលអ្នកមានមួយចំនួនយកគ្នាមកជាសម្បត្តិផ្ទាល់ខ្លួន»។
«អស់លោកអ្នកដែលសម្តែងក្តីអាណិតពេលតោត្រូវបានរឹបអូសយកទៅសួនតាម៉ៅនោះ សូមលោកអ្នកគួរពិចារណាថាតើតោនោះត្រូវបានឈ្មួញបំបែកពីមេរោគយ៉ាងណា ដកចង្កូម ឬក្រចកគេយ៉ាងណា តើនោះជាទង្វើនៃក្តីស្រឡាញ់ឬ?»