បច្ចេកវិទ្យាធ្វើឱ្យវិស័យវេជ្ជសាស្ត្រកាន់តែប្រសើរឡើង មានភាពជឿនលឿនក្នុងការព្យាបាល ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ ការវិភាគទិន្នន័យប្រកបដោយភាពងាយស្រួល និងជាមធ្យោបាយទំនាក់ទំនងយ៉ាងរហ័សនិងចំណេញពេលវេលា។ ដល់ពេលហើយដែលកម្ពុជាត្រូវផ្លាស់ប្រែប្រព័ន្ធថែទាំសុខភាពពីធម្មតាទៅជាប្រព័ន្ធថែទាំសុខភាពបែបឌីជីថលដោយបង្កើតជំរើសថែមដើម្បីបន្ថយរបាំងនៃការគ្របដណ្តប់ការផ្តល់ថែទាំសុខភាព ការទទួលបានការថែទាំសុខភាព និងទំនើបកម្មចំពោះការគ្រប់គ្រងប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។
Newsroom Cambodia បានសម្ភាសន៍ជាមួយអ្នកជំនាញសុខាភិបាលចំនួន៦នាក់ដែលជាអ្នកជំនាញខាងវេជ្ជសាស្រ្ត គោលនយោបាយ និងការគ្រប់គ្រងអង្គភាពផ្នែកវិស័យសុខាភិបាលទាំងវិស័យសាធារណៈនិងសង្គមស៊ីវិលតាមទូរស័ព្ទ និងតាមតេឡេក្រាម អំពីទស្សនៈយល់ឃើញជុំវិញថា តើប្រព័ន្ធសុខាភិបាលកម្ពុជាអាចធ្វើទំនើបកម្មទៅជាឌីជីថលបានដែរ ឬយ៉ាងណា។
មន្ត្រីសុខាភិបាលមកពីមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោកស្រី អ៊ុន ផល្លា អាយុ ២៨ឆ្នាំ បានមានប្រសាសន៍ប្រាប់Newsroom Cambodia ថា៖ «តាមយោបល់របស់ខ្ញុំ គឺអាចធ្វើបានព្រោះថាបុគ្គលិកសុខាភិបាលមានចំណេះដឹងពីរបៀបប្រើប្រាស់កុំព្យូទ័រ ការប្រើប្រាស់អ៊ីនធើណែត ហើយការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងប្រព័ន្ធសុខាភិបាលគឺជួយកាត់បន្ថយការប្រើប្រាស់ក្រដាសដែលចំណេញដល់បរិស្ថាន ជួយកាត់បន្ថយការចំលងរោគ អាចជួយរក្សាទិន្នន័យបានល្អ និងមានភាពងាយស្រួលក្នុងការទាញយកទិន្នន័យដើម្បីធ្វើរបាយការណ៍»។
ប្រធានមណ្ឌលសុខភាពមួយរូបមកពីខេត្តពោធិ៍សាត់ លោក មាស តូច បានមានប្រសាសន៍យល់ឃើញថា៖ «ទីមួយកាលណាយើងធ្វើទំនើបកម្មទៅ យើងមានធនធានព្រោះបុគ្គលិកភាគច្រើនមានវ័យក្មេងច្រើន ហើយបុគ្គលិកចាស់ៗគាត់អាចយកបុគ្គលិកក្មេងៗទាំងនោះមកបង្រៀន ហើយបង្វឹកឱ្យចេះបាន ហើយម្យ៉ាងទៀតមិនសំខាន់ថាបុគ្គលិកមានវ័យចាស់ឬក៏ក្មេងទេ កាលណាថ្នាក់លើដាក់ការងារឱ្យធ្វើគឹថាគាត់នឹងធ្វើតាម មានន័យថាគាត់ប្រឹងរត់តាម»។
លោកបានបន្តទៀតថា៖ «ប៉ុន្តែយើងនឹងអាចពិបាកលើការធ្វើទំនើបកម្មលើផ្នែកសម្ភារៈ ព្រោះដើម្បីធ្វើឱ្យវាជឿនលឿន ត្រូវចំណាយថវិការច្រើន ហើយរឿងនេះវាពាក់ព័ន្ធជាមួយនឹងក្រសួងសុខាភិបាល ឬក៏រដ្ឋាភិបាលថាតើលោកអាចជួយសម្ភារៈទាំងអស់ហ្នឹងបានអត់»។
ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា លោកស្រី ប្រាក់ ម៉ានីឡា៖ «បងស្របជាមួយនឹងប្រព័ន្ធសុខភាពឌីជីថលនៅកម្ពុជាដែលអាចនឹងធ្វើទំនើបកម្មបាន ហើយបងយល់ថាវាដល់ពេលវេលាដែលយើងត្រូវផ្លាស់ប្តូរមកជាប្រព័ន្ធថែទាំសុខភាពបែបឌីជីថលហើយ ប៉ុន្តែវាមិនមែនអាចទៅរួចបានគ្រប់ករណីទេ ឧទាហរណ៍ថា ដូចផ្នែកជំងឺធ្ងន់ ឬផ្នែកសង្គ្រោះបន្ទាន់ជាដើមយើងមិនអាចធ្វើបានឌីជីថលបានទេ លើកលែងតែករណីពិគ្រោះជំងឺក្រៅ ទើបយើងអាចធ្វើទំនើបកម្មទាំងស្រុងបាន ដូចជាការតំឡើងការប្រើប្រាស់បច្ចេកវិទ្យាខ្លះដោយគ្រាន់តែថតរូបរោគសញ្ញានៅលើស្បែកហើយគេអាចធ្វើរោគវិនិច្ឆ័យបានដែរ»។
លោកស្រីបានមានប្រសាសន៍ទៀតថាការនេះត្រូវការវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យបាន តែមិនអាចប្រើប្រាស់បានគ្រប់ពេលវេលានោះទេ។
លោកស្រីបន្តថា៖ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងករណីយើងផ្លាស់ប្តូរបែបហ្នឹងគឺពិតជាមធ្យោបាយមួយងាយស្រួលមកដល់ប្រជាជន នៅក្នុងប្រទេសកម្ពុជាយើង ដូចជាមិនចាំបាច់ចំណាយពេល ថវិការដើម្បីធ្វើដំណើរមកកាន់មន្ទីរពេទ្យ តែវានៅ មានរប៉ាំងជាច្រើន»។
លោកស្រីពន្យល់ថាយ៉ាងហោចណាស់ប្រជាពលរដ្ឋត្រូវមានទូរស័ព្ទឆ្លាតវៃប្រើប្រាស់ប្រព័ន្ធថែទាំងសុខភាពបែបឌីជីថល ជាពិសេសគឺផ្តោតលើប្រជាពលរដ្ឋក្រីក្រឱ្យបានច្រើនជាង ដោយសារតែយើងចង់បានការគ្របដណ្តប់សុខភាពជាសាកល។
នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានបញ្ចេញការយល់ឃើញថា៖ «ខ្ញុំគិតថាកម្ពុជាយើងនៅថ្ងៃមុខ អាចប្រែជាប្រព័ន្ធសុខាភិបាលឌីជីថលបាន ព្រោះថាយើងត្រូវតែដើរឱ្យទាន់សម័យកាលដើម្បីដើរតាមបច្ចេកវិទ្យា ហើយប្រព័ន្ធថែទាំងសុខភាពតាមបែបឌីជីថលហ្នឹងមានសារៈសំខាន់ វាផ្តល់ប្រសិទ្ធិភាពជាមួយនឹងភាពច្បាស់លាស់ ពាក់ព័ន្ធនឹងឯកសារអ្នកជំងឹ ការរក្សាទិន្នន័យ ហើយវាមានភាពងាយស្រួលជាងការធ្វើដោយដៃនាពេលបច្ចុប្បន្ន ជួយទុកដាក់ឯកសារបានត្រឹមត្រូវ សន្សំពេលវេលាធ្វើការ និងការប្រើប្រាស់ធនធានមានប្រសិទ្ធិភាពល្អ»។
អនុបណ្ឌិតសុខភាពសាធារណៈផ្នែកអេពីដេមីសាស្ត្រ លោក អ៊ុំ សុភ័ក្តិ ដែលកំពុងបម្រើការងារនៅនៅមន្ទីរពេទ្យជាតិកាល់ម៉ែត្រយល់ឃើញថា៖ «ខ្ញុំគិតថាអាចធ្វើទំនើបកម្មបែបឌីជីថលហ្នឹងបានដោយផ្នែកខ្លះ ផ្នែកខ្លះទៀតគឺនៅតែរក្សាដដែលទេ ឧទាហរណ៍ថា ការធ្វើទម្រង់ការស្កេន ថតកម្មរស្មីអ៊ិច ឬក៏ធ្វើអេកូសាស្ត្រអីនេះ យើងអាចផ្ញើរូបភាពតាមប្រព័ន្ធអ៊ីនធើណែត ឬលទ្ធផលឈាមជាដើម។ ប៉ុន្តែផ្ទុយទៅវិញសម្រាប់ការត្រូវមកពិនិត្យ គឺយើងមិនអាចធ្វើតាមឌីជីថលបានទេ»។
លោកបានបន្ថែមទៀតថា៖ «មួយទៀតការធ្វើទំនើបកម្មប្រព័ន្ធថែទាំងសុខភាពទៅជាឌីជីថលនេះ វាមានភាពងាយស្រួលក្នុងការវិភាគទិន្នន័យផ្សេងៗ ដើម្បីយើងស្វែងរកមូលហេតុណាមួយជាក់ស្តែងបាន ហើយយើងអាចរក្សារទុកទិន្នន័យមួយបានយូរដែរ»។
លោក អ៊ុំ សុភ័ក្តិបានបន្តលើកឡើងថា៖ «ការប្រើប្រព័ន្ធឌីថលនេះត្រូវគិតដល់សុវត្ថិភាពនៃទិន្នន័យ ហើយនឹងរបៀបរក្សាទុកទិន្ន័យកុំឱ្យបាត់បង់ ការពារការលួចទិន្នន័យ ហើយនឹងការចំណាយថ្លៃខ្ពស់អ្នកជំនាញចំនួនច្រើន»។
អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក សៀ ប៊ុនយឿ បានមានប្រសាសន៍ថា៖ «អាចធ្វើបាន ដោយចាប់ផ្តើមពីគម្រោងសាកល្បងតូចមួយជាមុនសិន ដោយត្រូវជ្រើសរើសគំរូជាមុនសិននៅកន្លែងណាដែលមានធនធានមនុស្សដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសធនធានក្មេងៗដែលទើបប្រឡងជាប់ចូលបម្រើក្របខ័ណ្ឌមន្ត្រីសុខាភិបាលដែលទើបចប់ពីសាកលវិទ្យាល័យ ពួកគេអាចប្រើប្រាស់កុំព្យូទ័រ ហើយមួយទៀតរើសយកទីណាដែលមានអតិថិជនប្រើច្រើន ជាតំបន់ទីប្រជុំជន មានថ្នាក់ដឹកនាំយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការងាររបស់ស្ថាប័ន»៕