កាលពីថ្ងៃទី៧ ខែកកក្តដាឆ្នាំ២០២១ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួន​ពាក់ព័ន្ធ​នឹង​ការយល់ឃើញ​អំពី​ការងារស្ម័គ្រចិត្ត។ ពួកគេយល់ឃើញថា ការងារ​ស្ម័គ្រចិត្ត​គឺ​ជាការងារ​មួយ​ដែល​មិន​មាន​ប្រាក់ខែ ប៉ុន្តែវាជាការងារមួយដែលផ្ដល់នូវបទពិសោធន៍យ៉ាងសម្បូរបែបដែលយើងមិនធ្លាប់បាន​ដឹង ដោយបទពិសោធន៍ទាំងនោះមិនអាចយកប្រាក់ទៅទិញបានឡើយ​។

ខាងក្រោមនេះគឺជាការលើកទ្បើងរបស់យុវជនយុវនារីមួយចំនួននៅរាជធានីភ្នំពេញ និង​ខេត្ត​ដែល​បាន​​ផ្តល់​សម្ភាសន៍​​ដល់​ Newsroom Cambodia ។​

កញ្ញា តេង ស៊ីវស៊ីន​ អាយុ ១៨ឆ្នាំរៀនថ្នាក់ទី ១២ នៅខេត្តកោះកុងនិយាយថា៖ «ការងារស្ម័គ្រចិត្ត​គឺជា​ការងារ​មួយដែលមិនមានប្រាក់ខែសម្រាប់ផ្គត់ផ្គង់យើងទេ ប៉ុន្តែវាជាការងារមួយដែលផ្ដល់នូវបទពិ​សោធន៍​យ៉ាង​សម្បូរបែបដែលយើងមិនធ្លាប់បានដឹង ដោយបទពិសោធន៍ទាំងនោះមិនអាចយក​ប្រាក់​ទៅ​ទិញបាននោះទេ»។

កញ្ញា មេង រំភើយ  អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី៣នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា និង​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍គម្រោង នៃសមាគមយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ស្រុកកំណើតនៅខេត្តកំពត​និយាយថា៖  «ការងារស្ម័គ្រចិត្តគឺមានផលប្រយោជន៍ច្រើនណាស់សម្រាប់យើងទាំងអស់គ្នា ធ្វើឱ្យយើងបានស្គាល់​មនុស្ស​ជាច្រើន បានទទួលបទពិសោធន៍ជាច្រើនពីមនុស្សនៅជុំវិញខ្លួនយើង បានចូលរួមក្នុងការជួយ​ការងារ​សង្គមជាតិ  បានចែករំលែកចំណេះដឹង និងក្តីស្រឡាញ់របស់យើងទៅមនុស្សគ្រប់គ្នា»។

កញ្ញា ប៉េ សំរើន  ជានិស្សិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចលើកឡើង​ថា៖ «ការងារស្ម័គ្រចិត្តដ្បិត ពុំបានលុយ ពិតមែនប៉ុន្តែទទួលបានបទពិសោធន៍​ល្អៗ ដូចជា​មា​នគេ​ស្គាល់​ច្រើន បានចំណេះដឹងនិងមានមុខមានមាត់  ពេល​បំពេញការងារ ហើយការងារដែលទទួល​បានសុទ្ធ​តែជា​ការងារល្អ ហើយជួបអ្វី​ប្លែក។

កញ្ញា​បន្ថែម​ថា៖ «មិនតែប៉ុណ្ណោះពេលដែលយើងកំពុងរៀនហើយធ្វើការងារស្ម័គ្រចិត្ត​ពិត​ជា​ល្អសម្រាប់ សិស្សនិស្សិតពេលបំពេញការងារបានល្អ ពេលយើងរៀនចប់​យើង​ទទួល​បាន​ការងារ​មួយ​ល្អមា​ននៅ​កន្លែងដែលយើងធ្វើការស្ម័គ្រចិត្តពីមុន ហើយជាបទពិសោធន៍​​មួយល្អ​ដែល​យើង​ទទួល​បាន​ទាំង​ចំណេះ​ដឹង ចំណេះធ្វើ និងបទពិសោធន៍​​មួយចប់ ច្បាស់លាស់​សម្រាប់ការងារដែលយើងពេញចិត្តនឹង​ត្រូវជំនាញ​ដែលកំពុង​រៀនហើយរៀនចប់ទោះពេលកំពុងរៀនមិនបានលុយតែបាន​បទពិសោធន៍ ព្រោះ​ការងារ​ស្ម័គ្រចិត្តមែនប៉ុន្តែរៀនចប់នឹងទទួលបានការងារហើយបទពិសោធន៍​មួយសម្រាប់ខ្លួនឯង»។

កញ្ញា ចាន់ ល័ក្ខខេណ្ណា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់សិក្សាអប់រំ ឆ្នាំទី២ និយាយ​ថា៖ «ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលជួយជំរុញ​ឱ្យសង្គម​ជាតិ​មាន​ការរីក​ចម្រើន​ ជាការ​ជួយ​ដោយ​មិន​ចង់​បាន​ផលតបស្នងមកខ្លួនវិញ។ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទ ហើយមានមុខងារ និងផល​ប្រយោជន៍​ផ្សេងៗពីគ្នា ការងារស្ម័គ្រចិត្តខ្លះបានជួយឱ្យបរិស្ថានល្អប្រសើរឡើង  ។ ការងារ​ស័្មគ្រ​ចិត្ត​ខ្លះទៀ​ត​បានជួយដល់កុមារ មនុស្សចាស់ និងជនពិការ ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការងារស័្មគ្រចិ​ត្ត​ក៏​បាន​ជួយ​ដល់​កុមារ​ក្រីក្រ ឬកុមារជនបទបានរៀនសូត្រ ដែលការងារស័្មគ្រចិត្តទាំងអស់​នេះ​ជា​ការងារ​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​​ទៅ​មុខ​បាន​ម្ដង​បន្តិចៗ ព្រមទាំង​ប្រជាជន​រស់នៅ​ជាមូយ​គ្នា​ដោយ​សុខសន្តិភាព​ផងដែរ»៕