ក្រសួង​មហាផ្ទៃ​បាន​ប្រកាសពី​ការ​ផ្ទេរ​សមត្ថកិច្ច​ក្នុង​ការ​ចេញ​សៀវភៅ​ស្នាក់​នៅ​ទៅ​ឲ្យ​​​រដ្ឋបាល​ឃុំ-សង្កាត់ ​​និង​សៀវភៅ​គ្រួសារ​ ទៅ​​រដ្ឋបាល​ក្រុង​-ស្រុក-ខណ្ឌ​​​ ដើម្បី​ពន្លឿន​ពេលវេលា និង​បង្ក​លក្ខណ:ងាយស្រួល​ដល់​ប្រជាពលរដ្ឋកម្ពុជា​ក្នុង​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ ​និង​សៀវភៅ​គ្រួសារ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ ចេញ​កាលពី​ថ្ងៃទី​១ ខែ​កក្កដា កន្លងទៅ​នេះ​បាន​បញ្ជាក់​ថា ការ​ផ្ទេរនេះ​នឹង​ត្រូ​វ​អនុវត្ត​តាម​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ នៃ​ការ​ចេញ​សេចក្តី​ប្រកាសនេះ​​តទៅ​។​

ក្រសួង​បញ្ជាក់​ក្នុង​ប្រការ​២​នៃ​សេចក្តី​ប្រកាស​នោះ​ថា​៖ «​ត្រូវ​បាន​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការនគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ជូន​ទៅ​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ សង្កាត់​ ក្នុងការ​ពិនិត្យ​ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ ទុតិយតា​សៀវភៅ​ស្នាក់នៅ​ លិខិត​បញ្ជាក់​ទីលំនៅ​ ការ​ប្រែប្រួល​នៃ​សមាជិក​គ្រួសារ​ ការ​ផ្លាស់ប្តូរ​ទី​លំនៅ​ និង​រាល់​ការ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់​»។​

ចំណែកការ​ចេញ​​សៀវភៅ​គ្រួសារ​​ ត្រូវ​ផ្ទេរ​ពី​នគរបាល​រាជធានី​ ខេត្ត ទៅ​នគរបាល​ក្រុង ស្រុក​ ខណ្ឌ​ ជា​អ្នកសម្រេច​។ នេះ​ជា​ការ​បញ្ជាក់​​ក្នុង​ប្រការ​៣​ នៃ​សេចក្តី​ប្រកាស​ដដែល​របស់​ក្រសួង​។​

ក្រសួង​មហាផ្ទៃ​បាន​​បន្ថែម​ថា ចំពោះសៀវភៅ​ស្នាក់នៅ​ និង​សៀវភៅ​គ្រួសារ​ដែល​បាន​ផ្តល់​ជូន​កន្លង​មក​នៅ​តែអាច​ប្រើប្រាស់​បាន​ដដែល​ ​រហូត​ដល់​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​​។ រីឯបែបបទ​នៃ​ការ​ចុះ​បញ្ជីទាំង​សៀវភៅ​គ្រួសារ​ និង​សៀវភៅ​ស្នាក់​នៅ​ ព្រមទាំង​ការ​លុប​ ឬ​បន្ថែម​សមាជិក​ ការ​កែ​សម្រួល​ទិន្នន័យក្នុង​បញ្ជី​ទាំង​ពីរ​នេះ និង​ការ​ចុះ​បញ្ជី​ស្នាក់នៅ​បណ្តោះអាសន្ន​​ គឺ​កំណត់​ដោយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ។​

លោក​ សន​ ជ័យ​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ បាន​​​ប្រាប់​ Newsroom Cambodia ថា​ ការ​ផ្ទេរ​សម្ថកិច្ច​នេះគឺ​ជា​រឿង​ល្អ ប៉ុន្តែ​លោកថា អាជ្ញាធរ​ត្រូវ​ពិនិត្យ និង​ធានា​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​ទទួល​សេវា​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​តម្លា​ភាព។

លោកបញ្ជាក់ថា៖ «​សង្ឃឹមថា​នឹង​មិន​មាន​ការ​ទាមទារ​លុយកាក់​ក្នុង​ទម្រង់ណាមួយ​ពី​ប្រជាពលរដ្ឋទេ​»។

លោក​ សន ជ័យ​ បាន​ប្រាប់​ពី​បទពិសោធន៍​ក្នុង​ការ​ដែល​ធ្លាប់​បាន​ធ្វើ​សៀវភៅ​ស្នាក់​នៅ​កន្លងមក​ថា លោក​ត្រូវ​ចំណាយ​ពេល ​១សប្តាហ៍​នៅ​ប៉ុស្តិ៍​នគរបាល និង​ត្រូវ​មាន​ការ​សួរ​នាំ​ពី​សំណាក់​នគរបាល​ខណ្ឌ​ជា​ច្រើន។​ លោក​ថា ​រយ:ពេល​ធ្វើសៀវភៅ​ស្នាក់​នៅ​តាំង​​ពី​ដើម​​រហូត​ដល់​ទទួល​បាន​ ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១ខែ​ ដែល​លោក​ថា នេះ​ជា​រយៈពេល​យូរ​ក្នុងការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ។​

លោក​ សន ជ័យ បន្ថែម​ថា ដើម្បី​ធានា​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈមួយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​តម្លា​ភាព សមត្ថកិច្ច​​ត្រូវ​ធានា​ថាគោលការណ៍​ទាំង​ឡាយ​របស់​រាជារដ្ឋាភិបាល​ត្រូវ​អនុវត្ត​ឱ្យ​បាប​ខ្ជាប់ខ្ជួន​ដោយ​ប៉ុស្តិ៍នគរបាល​ឃុំ សង្កាត់​ ដោយ​មិន​មាន​អំពើពុករលួយ​។ កំណត់​ពេលវេលា​ឱ្យ​បាន​ជាក់​លាក់​តាម​ការ​កំណត់​ ជៀសវាង​ការ​អូសបន្លាយ​ការ​ធ្វើ​ឯកសារ​អត្តសញ្ញាណ​ដែល​ចំបាច់​សម្រាប់​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​​ទាន់​ពេល​វេលា​ និង​​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ពី​នីតិវិធី​ក្នុង​ការ​ធ្វើ​ឯកសារ​អត្តសញ្ញាណ​ទាំង​នេះ​ ​ឱ្យ​ទូលំទូលាយបន្ថែម​៕​