ការនាំចេញអង្ករកម្ពុជាទៅកាន់បរទេស មានការធ្លាក់ចុះ​ប្រមាណជា ២៩.៤៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយសារតែបញ្ហាការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៏អឺរ៉ុប។ ​នេះយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៏របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆមាសទី១​ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំ៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនូន ២៨០៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧លានដុល្លាសហរដ្ឋអាមេរិក។

ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧២% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទូលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លា មកត្រឹម២០២.៦៧លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ នេះយោងតាមរបាយការណ៌។

សហព័ន្ធអង្ករកម្ពុជាបានរៀបរាប់ថា ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃគឺដោយសារតែជួបបញ្ហាប្រឈមការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៏អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញ នៅត្រឹមកំពង់ផែ​របស់អង្ករក្រអូបកម្ពុជា​ បានធ្លាក់ចុះយ៉ាងគំហុក។​

កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ គឺមានប្រទេសនាំមុខចំនួន៥ រួមមាន ប្រទេសចិន បារំាង ហ្កាប៊ុង ប្រទេសម៉ាឡេស៊ី និងប្រទេសហូឡង់ ហើយសំរាប់ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ នៃឆ្នាំនេះ មានអង្ករក្រអូបប្រណិត អង្ករក្រអូបធម្មតា អង្ករសគ្រាប់វែង អង្ករចំហុយ អង្ករសរីរាង្គ អង្ករបាក់ និងអង្ករដំណើប។

សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករដែលកម្ពុជានាំចេញមានចំនូន៤៧ ៤១៩តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនាឆ្នាំមុន គិតជាទឹកប្រាក់ចំនួន៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និង​តំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់ ១៥.១៥លានដុល្លារ ដែលតួរលេខការនាំចេញទៅចិនមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ដែលមានប្រមាណត្រឹម១១​ ១​២៤តោន៕