មន្រ្តីជំនាញលើកឡើងថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជាកំពុងសិក្សា និងរៀបចំការតវ៉ាតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការសាងសង់សំណង់លើទឹកដីថៃ ដែលមានរចនាបថចម្លងតាមប្រាសាទអង្គរវត្ត។
ការលើកឡើងរបស់មន្រ្តីជំនាញកម្ពុជា ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានប្រតិកម្មអំពីរូបភាពប្រាសាទមួយដែលថៃកំពុងសាងសង់ក្នុងខេត្តបុរីរម្យ ដោយចម្លងតាមរចនាបថប្រាសាទអង្គរវត្តនៅកម្ពុជា។
លោក អ៊ឹម សុខរឹទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានសម្តែងការរីករាយចំពោះការដែលចេះឈឺឆ្អាល និងគិតគូរពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលបង្ហាញការទាមទារតាមរយ:បណ្តាញសង្គមក្នុងពេលថ្មីៗនេះ។ លោកបានប្រាប់ Newsroom Cambodia នៅថ្ងៃសុក្រនេះថា៖ «ខ្ញុំយល់ថាវាជាការងារត្រឹមត្រូវ។ បន្ទាប់មកទៀត យើងត្រូវគិតឱ្យបានវែងឆ្ងាយបន្តិច ដើម្បីកុំឱ្យការជាតិនិយមរបស់យើងទៅមុខ វាជ្រុលលើសពីបន្ទាត់ក្រហម។ យើងត្រូវធ្វើការប្រតិកម្មតាមរបៀបអ្នកចេះ របៀបអ្នករៀនសូត្រ របៀបអ្នកស៊ីវីល័យ មិនមែនជារបៀបអ្នកកាប់ចាក់»។
លោក សុខរឹទ្ធី បានបន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនបានប្រងើយកន្តើយទៅលើការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការលើកឡើងថាលួចចម្លងតាមក្បាច់ប្រាសាទអង្គរវត្តនោះទេ។ លោកថា ក្រសួងកំពុងចាត់វិធានការឱ្យមានការរៀបចំឯកសារក្នុងការតវ៉ា និងចាត់អ្នកជំនាញ និងអ្នកតំណាងកម្ពុជាទៅត្រួតពិនិត្យផ្ទាល់ផងដែរ។
លោកបញ្ជាក់ថា៖ «ដើម្បីឱ្យលឿនយើងត្រូវមានតំណាងរដ្ឋាភិបាលយើងដែលជាទូតនៅប្រទេសថៃនោះ លោកបានចុះទៅមើលផ្ទាល់ហើយ។ [….] មកដល់ថ្ងៃនេះយើងមិនទាន់បានព័ត៌មានទេ ប៉ុន្តែខ្ញុំជឿថាយើងធ្វើក្នុងក្របខណ្ឌច្បាប់អន្តរជាតិហើយ យើងបានអនុវត្តនៅក្នុងច្បាប់រួចហើយ»។
មន្រ្តីអាជ្ញាធរជាតិអប្សរាប្រចាំនៅខេត្តសៀមរាបរូបនេះបានអំពាវនាវ ឱ្យសាធារណជនទាំងអស់មិនគួរមានការព្រួយបារម្ភ ស្លន់ស្លោរឡើយ។ លោកថា ប្រទេសកម្ពុជានឹងមិនទទួលរងផលប៉ះពាល់ផ្នែកទេសចណ៍នោះទេ ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅតែចង់មកទស្សនាស្នាដៃដ៏អស្ចារ្យនៃប្រាង្គប្រាសាទបុរាណតាំងពីបុរាណកាល ដែលជាស្នាដៃដើមពិតៗ ជាជាងការទៅទស្សនាប្រាសាទដែលទើបនឹងកែច្នៃថ្មីធ្វើពីស៊ីម៉ង់នោះ។
បើតាមលោក អ៊ឹម សុខរឹទ្ធី ប្រាសាទអង្គរវត្តមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្បត្តិរួមរបស់ពិភពលោកទាំងមូលដែលចាំបាច់មានការទទួលខុសត្រូវក្នុងការថែរក្សាទាំងអស់គ្នា ។ អាស្រ័យទៅតាមការវាយតម្លៃនៃសម្បិត្តិបេតិកភណ្ឌពិភពលោក ប្រាសាទអង្គរវត្តត្រូវបានចំណាត់ថ្នាក់ឈានមុខគេបង្អស់ក្នុងចំណោមប្រាសាទល្បីៗឯទៀត ហេតុនេះពិភពលោកបានទទួលស្គាល់រួចមកហើយថានេះជាសម្បត្តិជាតិរបស់កម្ពុជា ព្រមទាំងទទួលបានការយកចិត្តទុកដាក់ ថែរក្សា ការពារ ប្រាង្គប្រាសាទពីសំណាក់អង្គការអន្តរជាតិជាច្រើន តួយ៉ាងដូចជាអង្គការយូណេស្កូ ( UNESCO ) ជាដើម ដែលបន្តការពារសហការជាមួយរាជរដ្ឋាភិបាលមកទល់ពេលបច្ចុប្បន្ននេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវិចិត្រសិល្ប: នៅថ្ងៃពុធ ទី៧ ខែកក្កដា សប្តាហ៍នេះបានបកស្រាយពីហេតុផលធំៗ៣ ដែលទទួលបានពីភាគីប្រទេសថៃ ពាក់ព័ន្ធទៅនឹងការសាងសង់ប្រាសាទដែលប្រជាពលរដ្ឋកម្ពុជាយល់ថាជាការលួចចម្លងតាមរចនាបទនៃប្រាសាទអង្គរវត្តរបស់កម្ពុជា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម (Facebook) នៃរូបភាពប្រាសាទមួយដែលកំពុងសាងសង់នៅលើទឹកដីខេត្តបុរីរម្យ នៃប្រទេសថៃរួចមក។
ហេតុផលទី១ ប្រាសាទនេះគឺដូចទៅនឹងប្រាសាទដទៃទៀត ពោលគឺសាងសង់ក្នុងគោលបំណងសម្រាប់គោរពបូជានៃព្រះពុទ្ធសាសនាធម្មតា ដែលមានការចាក់បេតុងបង្កប់ដែកពីក្នុង និងធ្វើពីថ្មភក់ពីក្រៅ។
ហេតុផលទី២ មានការអះអាងពីព្រះចៅអធិការវត្តថា ឯកសារ ប្លង់ប្រាសាទនេះគឺត្រូវបានរចនា និងគូសដោយដោយខ្លួនឯងតាមម៉ូតនៃស្ថាបត្យកម្មរបស់ប្រាសាទលើទឹកដីប្រទេសថៃ ដោយបដិសេធថាខ្លួនមិនបានលួចចម្លងតាមរចនាបថនៃប្រាសាទអង្គរវត្តនៅកម្ពុជាឡើយ។
ហេតុផលទី៣ ភាគីថៃមិនខ្លាចក្នុងការបើកឱ្យមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មនៅកម្ពុជាទៅពិនិត្យដោយផ្ទាល់ ដើម្បីស្រាយបំភ្លឺការសង្ស័យដែលកម្ពុជាមាន ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ Newsroom Cambodia តាមទូរស័ព្ទថា លោកសុំមិនធ្វើការអធិប្បាយលម្អិតជុំវិញបញ្ហានេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រសួងនៅតែបន្តចាំតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យបន្ថែមពីប្រាសាទដែលកំពុងសាងសង់នៅខេត្តបុរីរម្យ នៃប្រទេសថៃដោយផ្ទាល់ ដោយរងចាំពេលដែលជំងឺកូវីដ-១៩ ប្រសើរឡើងបន្តិច ដោយសារបច្ចុប្បន្នប្រទេសកម្ពុជា និងប្រទេសថៃក៏កំពុងរងការរាតត្បាតធ្ងន់ធ្ងរនៅឡើយ។
Newsroom Cambodia បានទាក់ទងទៅអង្គការ UNESCO ប្រចាំនៅកម្ពុជាពាក់ព័ន្ធទៅនឹងរឿងនេះដែរ ប៉ុន្តែតំណាងអង្គការបានបញ្ជាក់ថា មិនទាន់មានអ្នកជំនាញណាអាចផ្តល់ព័ត៌មានពីរឿងសាងសង់ប្រាសាទនេះបាននៅឡើយ។
លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត មានប្រសាសន៍ថា ការសាសងសង់ប្រាសាទនៅខេត្តបុរីរម្យ ប្រទេសថៃនេះ មិនមែនជាការសាងសង់ប្រាសាទអង្គរវត្តនោះទេ។
លោកលើកឡើងថា៖ «ប្រាសាទអង្គរវត្តសាងសង់នៅសតវត្សទី១២ នៅឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០ នៃព្រះបាទសូរ្យវរ្ម័នទី២ នៅសម័យអង្គរឯណោះ។ ដូច្នេះសួរថា តើប្រាសាទនេះធ្វើឡើងដោយម៉ាស៊ីនអត់? បោះពុម្ព? ធ្វើដោយដៃ? [….] ដោយគិតពីអាយុកាល និងពេលវេលា និយាយពីថ្មគឺប្រាកដជាខុស មិនត្រឹមតែប៉ុណ្ណឹងទេគឺគេ (ប្រទេសថៃ) យកថ្មទៅធ្វើមែនពិត ក៏ប៉ុន្តែគេយកស៊ីម៉ង់ទៅឱប ទៅទ្រ ទៅសង្កត់ អញ្ចឹងសួរថាដូចគ្នាកន្លែងណា?»។
សាស្ត្រាចារ្យប្រវត្តិសាស្រ្តរូបនេះ បានផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរកុំឱ្យមានការព្រួយបារម្ភពីបញ្ហានេះដោយលោកលើកឡើងថា ប្រទេសនីមួយៗមានសិទ្ធិគ្រប់គ្រាន់ក្នុងការច្នៃប្រឌិតថ្មី ប៉ុន្តែបើយើងមានច្បាប់ការពារយើងអាចយកមកនិយាយបាន។ លោកបន្ថែមថា អ្វីដែលចាំបាច់បំផុតគឺបន្ទាប់ពីរំងាប់ការព្រួយបារម្ភភ័យព្រួយរបស់ប្រជាជនកម្ពុជាហើយ គឺត្រូវបំប្លែងទៅជាការកម្លាំងចិត្តក្នុងការខិតខំរៀនសូត្រ ពង្រឹងឡើងវិញនូវសមត្ថភាពចំណេះដឹងរបស់ខ្លួនបន្ថែម ហើយបង្កើតច្បាប់សម្រាប់ការពារពីការថតចម្លងតទៅទៀត។
យោងតាមការចុះផ្សាយលើគេហទំព័ររបស់វិទ្យុបារាំងកម្ពុជាក្នុងចំណងជើងថា «តើការចម្លងប្រាសាទអង្គរវត្តជាការរំលោភកម្មសិទ្ធិបញ្ញាដែរ ឬទេ?» កាលពីឆ្នាំ២០១២ បានបង្ហាញថា៖ «នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ប្រាសាទអង្គរវត្ត ដែលត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទទួលបាននូវការការពារពីសំណាក់ អនុសញ្ញា ឆ្នាំ១៩៧២។ ក៏ប៉ុន្តែអនុសញ្ញានេះមានចែងតែអំពីការការពារ និងការអភិរក្សប្រាសាទ កុំឲ្យបាក់បែក ឬខូចខាតតែប៉ុណ្ណោះ មិនមានចែងអំពីការការពារស្នាដៃស្ថាបត្យកម្ម ពីការថតចម្លងនោះទេ»។
គួរបញ្ជាក់ផងដែលថា ការចម្លងសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក មិនមែនទើបតែកើតមានលើប្រាសាទអង្គរវត្តរបស់កម្ពុជានៅពេលនេះទេ។ កាលពីឆ្នាំ២០១២ ឥណ្ឌាក៏គ្រោងសាងសង់សំណង់ដែលមានរចនាបថដូចជាប្រាសាទអង្គរវត្តផងដែរ។ ចំណែកសំណង់ Tour Eiffel Stonehenge និង Parthenon ជាដើម ក៏មានការសាងសង់ចម្លងជាហូរហែ៕