កូន​ផ្សោត​ទី​៥ ដែល​​មាន​​អាយុ​​តិច​​ជាង​​មួយ​សប្ដាហ៍ ​​ត្រូវ​​បាន​​ប្រទះ​​ឃើ​ញ​​ហែល​​ទឹក​​ជា​​មួយ​​ហ្វូង​ផ្សោត ៩​ក្បាលផ្សេង​ទៀត​ នៅ​ក្នុងទន្លេ​មេគង្គកាំពី​ នៃ​ខេត្ត​ក្រចេះ ដែលនេះការសញ្ញាវិជ្ជមានមួយទៀតអំពីស្ថានភាពផ្សោតនៅក្នុងប្រទេស​។ នេះយោងតាមអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិនៅកម្ពុជា (WWF in Cambodia​)។​

យោងតាមទំព័រទ្វីទ័រ របស់WWF នៅថ្ងៃទី១ ខែកក្ដដា ឆ្នាំ ២០២១ កូនផ្សោតទី ៥នេះ ត្រូវបានគេប្រទះឃើញហែលទឹកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ផ្សោតនៅប្រទេសកម្ពុជាមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្រ្តបានពន្យល់ថាចំនួននេះស្ថិតនៅក្នុងកម្រិតថេរ ក្នុងរយៈពេលចំនួនបីឆ្នាំចុងក្រោយនេះ។ នេះយោងតាមរបាយការណ៍ឆ្នាំ២០២០ របស់រដ្ឋបាលជលផល និងWWF in Cambodia​។

យោងតាមការស្រាវជ្រាវដដែល ភាពវិជ្ជមាននៃការរស់រានរបស់កូនផ្សោតដល់ធំពេញវ័យក្នុងនោះ ៤,២២ភាគរយ ជាអាត្រារាប់ថ្មីខ្ពស់បំផុតដែលមិនធ្លាប់ត្រូវបានកត់ត្រាក្នុងប្រវិត្តសិក្សាអង្គេតចំនួនសត្វផ្សោតក្នុងរយៈកាលមួយទសវត្សរ៍ចុងក្រោយនេះ ដែលជាសញ្ញាបង្ហាញពីទំនោរនៃកំណើនសន្សឹមៗនៃចំនួនផ្សោតនៅកម្ពុជា។

តែទោះជាយ៉ាង សត្វផ្សោតទន្លេមេគងដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការIUCN នៅតែរងការប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នេះបើតាមរបាយាការណ៍របស់ WWF។

មងនេសាទ ការសាងសង់ទំនប់នៅតាមទន្លេមេគង្គខាងលើ ការនេសាទហួសកម្រិត ការនេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ នុយពុល គ្រាប់បែកឆ្នៃ សុទ្ធសឹងតែជាកត្តាគម្រាមកំហែងចម្បងៗដល់ការរស់រានមានជីវិតរបស់ផ្សោតទន្លេមេគង្គ៕