វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាត្រូវបានរងផលប៉ះពាល់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានប៉ះពាល់ដំណើរការយឺតនៃការលក់ ការទិញទ្រព្យសម្បត្តិ និងលទ្ធភាពក្នុងការបង់រំលស់ដោយអតិថិជនដល់អ្នកអភិវឌ្ឍន៍។ នេះបើយោងតាមលោកឡែម ឌឿន ដាឡឹម ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអេតសឹលូសិន រៀលអ៊ីស្តេត។
លោកឡែម ឌឿន ដាឡឹម បានផ្តល់បទសម្ភាសន៍បែបសំណួរ ចម្លើយដល់សិក្ខាកាម Newsroom Cambodia កញ្ញាហឿន យ៉ាត នាពេលថ្មីៗនេះ អំពីផលប៉ះពាល់ទាំងនោះលើវិស័យអចលនទ្រព្យ។
Q: តើវិស័យអចលនទ្រព្យនៅរដូលកាលកូវីតមានបញ្ហាប្រឈមអ្វីខ្លះ?
A: វិស័យអចលនទ្រព្យនៅកម្ពុជារបស់យើងគឺវាមានផលប៉ះពាល់ច្រើនគួសមដែរ ដោយសារតែវិបត្តិកូវីដនេះវាជាវិបត្តិសកល ហើយការជួបប្រទះទៅលើហានិភ័យដល់វិស័យអចលនទ្រព្យនេះ ក៏ប៉ះពាល់ទូទាំងពិភពលោកដូចគ្នាដែរ។
អ៊ីចឹងនៅក្នុងប្រទេសកម្ពុជារបស់យើង ការប្រឈមនេះគឺ ទីមួយការទិញលក់ ការទិញលក់វាមិនសូវមានចរន្តខ្លាំងដូចមុនទេ អ៊ីចឹងនិយាយសរុបសេចក្ដីមកវាប៉ះពាល់ដល់ការទិញលក់ ដល់ការអភិវឌ្ឍន៍ទៅលើវិស័យអចលនទ្រព្យហ្នឹង ហើយបញ្ហាមួយទៀតការកកស្ទះទៅចរន្តសាច់ប្រាក់អ្នកអភិវឌ្ឍន៍ដែលតាមរយៈការ
ពន្យាទៅលើការបង់ប្រាក់ពីអតិថិជនដែលគាត់រងផលប៉ះពាល់ដោយសារកូវីដ១៩ហ្នឹងដែរ។
Q: តើអចលនទ្រព្យប្រភេទណាដែលជួបបញ្ហាខ្លាំងជាងគេ? ព្រោះអ្វី?
A: នៅក្នុងផ្នែកអចលនទ្រព្យដែលជួបបញ្ហានេះគឺយើងជួបបញ្ហាគ្រប់ផ្នែកទាំងនៃអចលនទ្រព្យ ទាំងការទិញលក់ ទាំងការជួល ទាំងការអភិវឌ្ឍ ហើយនិងភ្នាក់ងារគឺគាត់ជួបបញ្ហាហ្នឹងខ្លាំងមែនទែន អ៊ីចឹងចំណុចទាំងអស់ហ្នឹង វាជួបបញ្ហាប្រហាក់ប្រហែលគ្នា ដែលកើតមាននៅក្នុងប្រទេសកម្ពុជារបស់យើង ជាពិសេសទៅលើការទិញលក់ជួលជួបបញ្ហាខ្លាំងទៅលើចំណុចនេះ។
ប៉ុន្តែវិបត្តិកូវីតនេះ វាក៏ជាឱកាសសម្រាប់អ្នកដែលមានលុយគាត់ទិញអចលនទ្រព្យទុក ដោយសារតែជួបបញ្ហានេះ អ្នកដែលគាត់មានដី មានផ្ទះ គាត់ត្រូវការលុយដោះស្រាយទៅលើបញ្ហាបំណុល ហើយនិងតម្រូវការផ្សេងៗរបស់គាត់ អ៊ីចឹងអ្នកដែលខ្វះខាតគាត់ត្រូវការលក់អចលនទ្រព្យនេះ ហើយការលក់របស់គាត់ទៀតសោតគឺគាត់លក់ក្រោមតម្លៃទីផ្សារជាក់ស្ដែង អ៊ីចឹងវាជាឱកាសសម្រាប់អ្នកមានលុយគាត់ទិញអចលនទ្រព្យទុក។
Q: ភាគច្រើន តើជនបរទេសណាខ្លះមកវិនិយោគវិស័យអចលទ្រព្យនៅស្រុកខ្មែរ?
A: នៅក្នុងប្រទេសកម្ពុជាយើង ចំពោះជនបរទេសដែលមកវិនិយោគនៅពេលបច្ចុប្បន្ននេះគឺមកពីតាមបណ្ដាប្រទេសជាង៥០ ប៉ុន្ដែជនបរទេសដែលមកវិនិយោគច្រើនជាងគេគឺ ជនជាតិចិន ហើយបន្ទាប់មកមាន កូរ៉ែ តៃវ៉ាន់ ហុងកុង។
Q: ហើយនៅក្នុងរដូវកាលកូវីតនេះទៀត តើមានការផ្អាក់ឬពន្យាពេលទិញអចលនទ្រព្យដែលឬទេ?
A: បច្ចុប្បន្ននៅក្នុងរដូវកាលកូវីតនេះមិនមានការផ្អាក ក្នុងការទិញលក់អចលនទ្រព្យនោះទេ ទាំងការជួល ទាំងការទិញលក់ វានៅតែមានចរន្តនៃការទិញលក់ ជួល និងការអភិវឌ្ឍន៍ទៅលើអចលនទ្រព្យគឺនៅដដែល ប៉ុន្តែគ្រាន់តែថាល្បឿននៃការទិញលក់ ជួល វាមានការធ្លាក់ចុះហើយនិងយឺតជាងមុន។
Q: ក្នុងរដូវកាលកូវីដនេះ លោកអាចណែនាំបានទេ តើអ្នកទិញគួរទិញអចលនទ្រព្យប្រភេទណាដែរចំណេញទៅថ្ងៃខាងមុខ? ព្រោះអ្វី?
A: សម្រាប់គំនិតរបស់ខ្ញុំ សម្រាប់អ្នកដែលមានលុយគឺគាត់អាចទិញដីក៏បាន ទិញផ្ទះក៏បាន ឬទិញខនដូក៏បានឱ្យតែក្រោមតម្លៃទីផ្សារនិងទៅតាមលទ្ធភាពដែលអាចទៅរួច ហើយបើទិញអចលនទ្រព្យគឺសំខាន់ណាស់ទីតាំង និងគោលបំណងនៃការទិញរបស់យើង។ យើងអាចសិក្សាទីតាំងដែលយើងចង់ទិញថា តើស្ថិតនៅតំបន់ណា? នៅថ្ងៃអនាគតទៅយើងអាចប៉ាន់ប្រមាណគម្រោងអភិវឌ្ឍន៍ណាមួយដែលធ្វើឱ្យអចលនទ្រព្យរបស់យើងវាមានការកើនតម្លៃបានលឿនដែរ ឬក៏អត់? ហើយនៅក្នុងសម័យកាលបែបនេះ បើមានលុយសម្រាប់ការវិនិយោគទៅលើអចលនទ្រព្យ យើងគួតែទិញទៅលើដី ផ្ទះ ឱ្យតែមានលទ្ធភាព និងទិញបានក្រោមតម្លៃទីផ្សារ។
ពីព្រោះអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ មិនមែនមានន័យថាអចលនទ្រព្យធ្លាក់ថ្លៃនោះទេ អចលនទ្រព្យមានតែឡើងថ្លៃជាងមុន អ្វីដែលធ្លាក់ថ្លៃគឺម្ចាស់អចលនទ្រព្យត្រូវការលុយលឿន អ៊ៅចឹងគាត់លក់ទម្លាក់តម្លៃ៕