តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបាននិយាយថា កម្ពុជាកំពុងឆ្ពោះទៅរកការឆ្លងកូវីដជាសហគមន៍ទ្រង់ទ្រាយធំ ហើយនឹងមិនមានកន្លែងថែទាំអ្នកជំងឺគ្រប់គ្រាន់នោះទេ បើសិនជាមិនមានវិធានការណ៍ជាលក្ខណៈបុគ្គល និងសង្គមឲ្យបានត្រឹមត្រូវបន្ទាន់ ប្រកបដោយទំនួលខុសត្រូវនិងមានប្រសិទ្ធភាព។
លោកស្រី វេជ្ជបណ្ឌិត លី អៃល៊ាន បាននិយាយតាមបណ្តាញសង្គមទ្វីតធ័រដូច្នេះថា «គួរឱ្យសោកស្តាយ វីរុសកំពុងតែរាលដាលយ៉ាងទូលំទូលាយ ហើយជីវិតមនុស្សថែមទៀតនឹងត្រូវបាត់បង់»។
លោកស្រីបានបន្តថាគោលដៅរួមជួយសង្គ្រោះជីវិត និងកាត់បន្ថយការជួបគ្នាច្រើន។ «យើងត្រូវការសាមគ្គីភាព និងការចូលរួមពីអ្នករាល់គ្នា។ យើងធ្វើការរួមគ្នាដើម្បី៖ (១) កាត់បន្ថយការនាំចូល។ (២) បង្ក្រាបការឆ្លងវីរុស; (៣) បង្កើនសមត្ថភាពថែទាំអ្នកជំងឺ។ (៤) ចាក់វ៉ាក់សាំងការពារមនុស្សឱ្យបានច្រើន»។
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យថា រកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៩៨១ ដោយក្នុងនោះមានឆ្លងសហគមន៌ចំនួន ៧២២ និងនាំចូលចំនួន ២៥៩ និងស្លាប់ចំនួន ២១នាក់។ តួរលេខនេះបានធ្វើឲ្យចំនួនករណីជំងឺកូវីដសរុបកើនដល់ ៦០៩៥៩ និង ស្លាប់ សរុបចំនួន ៩០២។
យោងតាមសារបង្ហោះនៅលើទំព័រ ហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២១កន្លងទៅនេះបានណែនាំឱ្យមានការរៀបចំទិញមឈួសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះឱ្យបានត្រឹមត្រូវ។
លោកបានបន្ថែមទៀតថា៖ «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់ពីព្រោះថាការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព៕