តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជាបាននិយាយថា កម្ពុជាកំពុងឆ្ពោះទៅរកការឆ្លងកូវីដជាសហគមន៍ទ្រង់ទ្រាយធំ ហើយនឹងមិនមានកន្លែងថែទាំអ្នកជំងឺគ្រប់គ្រាន់នោះទេ បើសិនជាមិនមានវិធានការណ៍ជាលក្ខណៈបុគ្គល និងសង្គមឲ្យបានត្រឹមត្រូវបន្ទាន់ ប្រកបដោយទំនួលខុសត្រូវនិងមានប្រសិទ្ធភាព។

លោកស្រី​ វេជ្ជ​បណ្ឌិត លី អៃល៊ាន បាននិយាយតាមបណ្តាញសង្គមទ្វីតធ័រដូច្នេះថា «គួរឱ្យសោកស្តាយ វីរុសកំពុងតែរាលដាលយ៉ាងទូលំទូលាយ ហើយជីវិតមនុស្សថែមទៀតនឹងត្រូវបាត់បង់»។​

លោកស្រីបានបន្តថាគោលដៅរួមជួយសង្គ្រោះជីវិត និងកាត់បន្ថយការជួបគ្នាច្រើន។ «យើងត្រូវការសាមគ្គីភាព និងការចូលរួមពីអ្នករាល់គ្នា។ យើងធ្វើការរួមគ្នាដើម្បី៖ (១) កាត់បន្ថយការនាំចូល។ (២) បង្ក្រាបការឆ្លងវីរុស; (៣) បង្កើនសមត្ថភាពថែទាំអ្នកជំងឺ។ (៤) ចាក់វ៉ាក់សាំងការពារមនុស្សឱ្យបានច្រើន»។

ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យថា រកឃើញករណីជំងឺកូវីដ-១៩​ ចំនួន ៩៨១ ដោយក្នុងនោះមានឆ្លងសហគមន៌​ចំនួន​ ​​៧២២​ និង​នាំចូលចំនួន​ ២៥៩ និងស្លាប់ចំនួន ២១នាក់។ តួរលេខនេះបានធ្វើឲ្យចំនួនករណីជំងឺកូវីដសរុប​កើនដល់ ៦០៩៥៩​​​​​​​​​​​​ និង ស្លាប់ សរុប​ចំនួន ៩០២។

យោង​តាម​​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ ហ្វេសប៊ុក របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន កាល​ពី​ថ្ងៃទី​០១​ ខែ​កក្កដា​ឆ្នាំ​២០២១​កន្លង​ទៅនេះ​បាន​ណែនាំឱ្យមានការរៀបចំទិញមឈួសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះឱ្យបានត្រឹមត្រូវ​។

លោក​បាន​បន្ថែម​ទៀត​ថា៖​ «ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បញ្ចេញ​ថវិកា​ទិញ​ក្តា​មឈូស​ទុក​សម្រាប់​ប្រើ​ប្រាស់​ពីព្រោះ​​ថា​ការ​រៀប​ចំ​ឱ្យ​សព​មាន​មឈូស​បាន​ត្រឹម​ត្រូវ​ គឺ​ជា​ការ​គោរព​ដល់សព៕