ក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះ បានណែនាំពីគោលការណ៍អនុវត្តសម្រាប់អ្នកកើតជំងឺ កូវវីដ១៩ និងណែនាំពីវិធីព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងអ្នកគ្មានរោគសញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ។
យោងតាមសេចក្តីណែនាំដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថាអ្នកដែលមានរោគសញ្ញាកូវីដ១៩ ដូចជាអស់កម្លាំង ឬហត់បន្តិចបន្ទួច ឬមិនស្រណុកក្នុងខ្លួន សម្រាប់ការព្យាបាល គឺគ្រាន់តែបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ដូចជា សាច់ បន្លែ ផ្លែឈើ ហើយត្រូវពិសារទឹកឱ្យបានច្រើន និងសម្រាកឱ្យបានច្រើន។
សម្រាប់អ្នកមាន អាការៈដូចជាក្តៅខ្លួន ឬឈឺក្បាល ឬឈឺបំពង់ក ឬឈឺសាច់ដុំ ឬឈឺសន្លាក់ ចំពោះការព្យាបាលមនុស្សពេញវ័យ ឬកុមារចាប់ពី៣០គីឡូក្រាមឡើង ត្រូវប្រើប៉ារ៉ាសេតាមុល៥០០មីលីក្រាម ៣ដងក្នុងមួយថ្ងៃ។ កុមារដែលមានទំងន់ចាប់ពី២០ រហូតដល់២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាមុល៣០០មីលីក្រាម ៣ដងក្នុងមួយថ្ងៃ។
ចំពោះអ្នកមានអាការ:តឹងច្រមុះ ឬផ្តាសាយ ឬហៀរសំបោរ ឬក្អក (មានស្លេស ឬគ្មានស្លេស) សម្រាប់ការព្យាបាលចំពោះមនុស្សពេញវ័យ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវប្រើប្រូម៉ិចស៊ីន ៨មីលីក្រាម ៣ដងក្នុងមួយថ្ងៃ ឬសេទីរីហ្សុន ១០មីលីក្រាម ១ដងក្នុងមួយថ្ងៃ។ សម្រាប់មនុស្សពេលវ័យ ត្រូវប្រើថ្នាំគ្រាប់ លៀនហ័រ ឈីងវីន (Lanhua Qngwen Capsules) លេបចំនួន៤គ្រាប់ក្នុង១ដង និងចំនួន៣ដងក្នុង១ថ្ងៃ។
យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលដដែល បានបញ្ជាក់ទៀតថាសម្រាប់អ្នកគ្មានរោគសញ្ញាដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមកំដៅតិចជាង ឬស្មើ៣៧.៥ ពុំចាំបាច់ប្រើឱសថទេ។
នៅក្នុងសេចក្តីណែនាំខាងលើក៏បានណែនាំពីគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ១៩នៅតាមផ្ទះផងដែរ គឺត្រូវដាក់ជំងឺឲ្យដាច់ដោយឡែកពីគ្រួសារ នៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ និងមានបន្ទប់ទឹកបង្គន់ខាងក្នុង។ បរិភោគអាហារ និងប្រើប្រាស់សម្ភារ:បរិក្ខារដាច់ដោយឡែកពីគ្រួសារ។ ខ្ចប់សំណល់ពីការប្រើប្រាស់ក្នុងស្បោងប្លាសស្ទិកឱ្យបានត្រឹមត្រូវ ដាក់ដាច់ដោយឡែកពីសំរាមរបស់សមាជិកគ្រួសារដទៃទៀត ទុកឱ្យមានសុវត្ថិភាពរយ:ពេល៧២ម៉ោងមុននឹងយកទៅដាក់នៅកន្លែងប្រមូលសំរាម។
អ្នកជំងឺត្រូវពាក់ម៉ាសជាប់ជានិច្ច លាងដៃជាមួយអាល់កុល ឬលាងជាមួយសាប៊ូ និងទឹកជាប្រចាំ ត្រូវរក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច២ម៉ែត្របើត្រូវពិភាក្សាគ្នា។
ប្រសិនបើមានរោគសញ្ញាអាសន្នត្រូវឆាប់ទាក់ទងមកគ្រូពេទ្យដើម្បីព្យាបាល ដែលមានអាការ:ដូចជា ហត់ ឬពិបាកដកដង្ហើម ឈឺទ្រូងខ្លាំង និងភ្លាមៗ វង្វេងស្មារតី បាត់មាត់បាត់ក បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ អ្នកជំងឺត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ដោយវាស់កំដៅរៀងរាល់ព្រឹក និងល្ងាច ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យព្យាបាលតាមរយ:ទូរស័ព្ទ ឬ បណ្ដាញសង្គមរាល់ថ្ងៃ ត្រូវបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។
ក្នុងសន្និសីទសារព័ត៌មាននៅឯសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ថា តួលេខអ្នកដែលបាន និងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានចំនួន១,០៣៣ នាក់ ចំណែកអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ២៦៨នាក់។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៦២,៧០០នាក់ អ្នកជាសះស្បើយចំនួន ៥៤,៤៨៩នាក់ និងមានអ្នកស្លាប់ចំនួន៩៥៣នាក់៕