គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានសហការណ៍ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១នេះបានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងដាក់ដំណើរការការពិគ្រោះយោបល់ដោយសហការណ៍ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជាធាតុចូលលើសេចក្ដីព្រាងច្បាប់នេះ។
ចំពោះកិច្ចពិគ្រោះយោបល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នឹងបែងចែកជាក្រុមពិគ្រោះយោបល់តាមវិស័យសិទ្ធិមនុស្សនីមួយៗដែលគ្រោងធ្វើដោយផ្ទាល់ ឬ/និងតាមវីដេអូ (Video Conference)។
តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានកំណត់ជា៨ជំពូក រួមដោយចាប់ផ្ដើមពីជំពូកទីមួយ បទប្បញ្ញត្តិទូទៅ ជំពូកទី២ គណៈកម្មការជ្រើសរើស និងជំពូកទី៨ អវសាន្តប្បញ្ញត្តិ និងមាន៣២មាត្រា។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប៉ុន្តែរហូតដល់ល្ងាចថ្ងៃចន្ទ នៅតែមិនមានការឆ្លើយតប។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស (CCHR) បានប្រាប់Newsroom Cambodia ថា អង្គការសង្គមស៊ីវិលមិនសង្ឃឹមថាស្ថាប័នថ្នាក់ជាតិនេះមិនអាចអនុលោមតាមគោលការណ៍ទីក្រុងប៉ារីសទេ។
លោកស្រីបានលើកឡើងថា៖ «ពាក់ព័ន្ធហ្នឹងបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សថ្នាក់ជាតិនេះ កន្លងមកគឺជាការទាមទាររបស់អង្គការសង្គមស៊ីវិល ហើយនិងអ្នករាយការណ៍ពិសេសមួយចំនួនពីមុនមកហ្នឹងក៏លោកធ្លាប់លើកពីកិច្ចការងារនេះដែរ ប៉ុន្តែគ្រាន់តែយើងមើលថាកាលៈទេសៈបច្ចុប្បន្ននេះ ជាក្ដីបារម្ភរបស់អង្គការសង្គមស៊ីវិលហ្នឹងគឺយើងមិនមានសង្ឃឹមថាការបង្កើតគណៈកម្មាធិការថ្នាក់ជាតិមួយដែលអាចអនុលោមទៅតាមគោលការណ៍ទីក្រុងប៉ារីសបាននោះទេ ហើយការធានាឯករាជ្យភាពរបស់ស្ថាប័ននេះទៀតសោតក៏ជាចំណោទដែរ»។
លោកស្រីបានបន្ថែមទៀតថា កន្លងមកគណៈកម្មាធិការជាច្រើនដែលត្រូវដើរតួនាទីឯករាជ្យ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យឯករាជ្យនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ទាំងនីតិបញ្ញត្តិអីហ្នឹងគឺត្រូវបានគ្រប់គ្រងដោយដោយរដ្ឋដែលមកពីគណបក្សកាន់អំណាចសុទ្ធហ្នឹង អ៊ីចឹងយើងមើលទៅដូចជាមិនមានអីដែលយើងអាចរំពឹងថាអាចដំណើរការតាក់តែងនូវច្បាប់មួយដែលយើងធានានូវឯករាជ្យ ហើយទីពីរហ្នឹងការបង្កើតគណៈកម្មាធិការទៀតសោតហ្នឹង តើអាចធានានូវឯករាជ្យកម្រិតណាគឺយើងមិនមានក្ដីសង្ឃឹមទេ»។
យោងតាមគេហទំព័រផ្លូវការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដែលជាស្ថាប័នមានតួរនាទី និងភារកិច្ចក្នុងការពារ អភិវឌ្ឍន៍ និងលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ត្រូវបង្កើតជាផ្លូវការតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៣៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការរៀបចំជាថ្មីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអនុក្រឹត្យ ៥៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការរៀបចំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕