ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ ២០២១នេះថា សម្រេចផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ AstraZeneca ចំនួន១លានដូសដល់ប្រទេសកម្ពុជា។

យោងតាមសាររបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា ការសម្រេចផ្ដល់ជំនួយនេះគឺធ្វើឡើងស្របតាមចំណងមិត្តភាពរវាងកម្ពុជា ជប៉ុន និងដោយផ្អែកលើស្ថានភាពកូវីត១៩ដែលកម្ពុជាកំពុងប្រឈម។

ឯកអគ្គរាជទូត លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ផងដែរថាវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងប្រទេសជប៉ុន នឹងមកដល់ក្នុងពេលខាងមុខនេះ ហើយនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងការកាត់បន្ថយការព្រួយបារម្មណ៏របស់ប្រជាពលរដ្ឋចំពោះជំងឺកូវីត១៩។

«ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង  នឹងកូវីត១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។

គិតមកទល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីត១៩ ក្រោមរូបភាពជាជំនួយមនុស្សធម៍ និងក្រោមរូបភាពជាការបញ្ជាទិញចំនួនជាង ១៦លានដូស ក្នុងនោះ វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសឥណ្ឌាចំនួន ៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន ប្រាំលាន ពីរសែនដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ដប់លាន ប្រាំសែនដូស។

គិតមកដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១នេះផងដែរ កម្ពុជាសម្រេចចាក់វ៉ាក់សាំងកាពារជំងឺកូវីតជូនពលរដ្ឋរបស់ខ្លួនបានចំនួន ៥លាននាក់ ឬស្មើនឹង៥០% នៃប្រជាជនដែលត្រូវទទួលវ៉ាក់សាំងចំនួន ១០លាននាក់។

យោងតាមលោកមិកាមិ ម៉ាសាហ៊ីរ៉ូ មកដល់ពេលនេះប្រទេសជប៉ុនបានផ្ដល់ជំនួយសរុបជាទឹកប្រាក់ចំនួន ៥០លានដុល្លារដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ជំនួយទាំងនោះរួមមាន បរិក្ខាពេទ្យ ការកែលម្អមន្ទីរពេទ្យ ការផ្ដល់ជាបរិក្ខាសម្រាប់ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវជាដើម។

ក្រៅពីនេះ ប្រទេសជប៉ុនក៏បានផ្ដល់ប្រាក់កម្ចីប្រមាណ ២២៧លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវី១៩ និងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។

គូសបញ្ជាក់ផងដែរថាប្រទេសជប៉ុនគឺជាប្រទេសទីពីរហើយ ដែលបានប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ចំនូន១លានដូសដល់កម្ពុជា។ កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១កន្លងទៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ​W. Patrick Murphy​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថាវ៉ាក់សាំងចំនួន១.១លានដូសនឹងមកដល់កម្ពុជានៅត្រឹមដំណាច់ខែឧសភា ក៏ប៉ុន្តែមកដល់ពេលនេះវ៉ាក់សាំងទាំងនោះ ប្រទេសកម្ពុជាមិនទាន់ទទួលបាននៅឡើយទេ៕