ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃអាទិត្យ នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩បន្ថែមលើយន្តការដែលមានស្រាប់។
តាមរយៈសេចក្តីជូនដំណឹងចេញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍បាននិយាយថាប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សនេះ មានគោលបំណងដើម្បីពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងដដែលនោះថា ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងអាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ «ដាក់បញ្ជាទិញ» និងធ្វើតាមការណែនាំដូចក្នុងជំហានដែលបង្ហាញនៅលើគេហទំព័រ។ ក្រោយពេលទូទាត់ប្រាក់រួចហើយ សារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍តាមលំដាប់នៃការបញ្ជាទិញនឹងត្រូវផ្ញើជូន។ នេះតាមសេចក្តីជូនដំនឹងរបស់ក្រសួងដដែល។
សូមបញ្ជាក់ផងដែរថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយកឧបករណ៍តេស្តរហ័សនេះពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច៕