អង្គការចំនួន ៤៥ដែលបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែកក្ដដា បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មាការឯករាជ្យមួយដែលមានភារកិច្ចធ្វើការឯករាជ្យមិនលំអៀងនិងមានប្រសិទ្ធភាព លើឃាតកម្មលោកបណ្ឌិតកែម ឡី។
សេចក្ដីថ្លែការណ៍រួមរបស់អង្គការជាតិ និងអន្តរជាតិរួមមាន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) និងអង្គការ ៤៣ផ្សេងទៀត បានចុះហត្ថលេខាអំពាវនាវក្នុងពិធីគម្រប់ខួប ៥ឆ្នាំ ឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មាការឯករាជ្យមួយដែលមានភារកិច្ចធ្វើការឯករាជ្យ និងធ្វើការស៊ើបអង្កេតលើការស្លាប់របស់លោកបណ្ឌិតកែម ឡី។
សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងថា ដោយអនុលោមតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយប្រទេសកម្ពុជាមានកាតព្វកិច្ចក្នុងការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ មិនលំអៀង និងធ្វើការស៊ើបអង្កេតរាល់ការស្លាប់ទាំងអស់ដែលសង្ស័យថាខុសច្បាប់ដើម្បីកំណត់អត្តសញ្ញាណមិនត្រឹមតែជនល្មើសដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកផ្សេងទៀតដែលអាចទទួលខុសត្រូវចំពោះការប្រព្រឹត្តបទឧក្រិដ្ឋទាក់ទងនឹងការស្លាប់នេះ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ពីចំណុចខ្វះខាតចំនួន ០៧ចំនុចសំខាន់ៗ ដែលទាក់ទងនឹងសំណុំរឿងនេះ ដែលមិនត្រូវបានដោះស្រាយឱ្យបានគ្រប់គ្រាន់ក្នុងការជំនុំជម្រះ រួមមានការអះអាងរបស់ជនដែលត្រូវបានផ្តន្ទាទោស លោកអឿត អាងថា មូលហេតុនៃការបាញ់សម្លាប់ គឺដោយសារបំណុល ៣០០០ដុល្លារ និងដែល ការខកខានមិនបានសម្ភាសន៍សាក្សី។
ចំណុចផ្សេងទៀតរួមមានការខកខានមិនមានវីដេអូស៊ីស៊ីធីវីមួយនៅឯស្ថានីយ៍ប្រេងឥន្ធនៈ របស់អ្នកស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណបុរសម្នាក់ដែលអង្គុយជាមួយលោក កែម ឡី មុនពេលមានការបាញ់ប្រហារ និងការខកខានក្នុងការប៉ុនប៉ងដើម្បីកំណត់អត្តសញ្ញាណជនដែលត្រូវបានផ្តន្ទាទោស ដែលបានអះអាងថាត្រូវបានបាញ់លើរូបគាត់ខណៈដែលកំពុងរត់គេចពីកន្លែងនៃឧក្រិដ្ឋកម្ម។
ចំណុចដ៏ទៃទៀតរួមមាន ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការកំណត់ទីតាំង និងសម្ភាសន៏អ្នកលក់អាវុធដែលត្រូវបានចោទប្រកាន់ និងការខកខានរកប្រវត្តិរបស់ជនដែលត្រូវបានផ្តន្ទាទោស និងទំនាក់ទំនងដែលអាចកើតមានជាមួយយោធា និងចុងក្រោយ ការខកខានមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ក្នុងចំណោមពួកកម្លាំងប្រដាប់អាវុធ ហើយដែលត្រូវបានគេឃើញនៅក្នុងខ្សែវីដេអូដែលតាមស្វែងរកជនដែលត្រូវបានផ្តន្ទាទោស នៅពេលគាត់បានរត់គេចពីកន្លែងឧក្រិដ្ឋកម្ម។
តាមរយៈទំព័រផ្លូវការរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជានៅថ្ងៃទី០៩ ខែកក្កដា លោកW. Patrick Murphy បានចូលរួមរំលែកទុក្ខលើក្រុមគ្រួសារលោកបណ្ឌិតកែម ឡី និងប្រជាជនកម្ពុជាទាំងអស់ដែលបានផ្តល់តម្លៃដល់ភាពស្មោះត្រង់ និងស្នេហាជាតិរបស់លោកបណ្ឌិត។ បន្ថែមពីនេះលោកក៏បានទទូចសុំឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតពេញលេញក្នុងការស្លាប់នេះផងដែរ។
លើកឡើងនៅក្នុងវិទ្យុសិទ្ធិមនុស្សកម្ពុជា ភរិយាបណ្ឌិតកែមឡី លោកស្រីប៊ូ រចនា មានប្រសាសន៏ថា លោកស្រីមិនអាចទទូលយកបានទេ តែយ៉ាងណាលោកស្រីត្រូវតែទទូលយកព្រោះវាគឺជាការពិត។
«កាលដែលគាត់ស្លាប់ដំបូងៗ ពេលដែលដឹងរឿងហ្នឹងមកគឺខ្ញុំស្លុត ខ្ញុំមិនអាចទទួលបានទេ ប៉ុន្តែអ្វីៗវានៅតែជាការពិត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៍ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីនតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានហៅការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនេះថា គឺជាការធ្វើអាជីវកម្មនយោបាយលើមរណៈភាពលោករបស់លោកបណ្ឌិតកែម ឡី។
លោកបាននិយាយថា ការស្នើឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យ ដោយមានការចូលរួមពីបរទេសជាការដែលមិនអាចទៅរួច និងផ្ទុយអំពីច្បាប់រដ្ឋធម្មនុញ និងច្បាប់ជាតិកម្ពុជាផងដែរ៕