រដ្ឋា​ភិបាល​​កម្ពុជា​នៅ​ថ្ងៃ​អង្គារនេះ​បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លង​កាត់​ព្រំ​ដែន​​កម្ពុជា​-វៀត​ណាមដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ចម្លង​ចូល​មក​ទឹក​ដី​កម្ពុជារយៈពេល​មួយ​ខែ​។

យោង​តាម​​លិខិត​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី១៣ ​ខែ​កក្កដា ឆ្នាំ​២០២១​នេះ ការ​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ននេះគឺនឹង​អនុវត្ត​ចាប់​ពីថ្ងៃទី​​១៨ ​ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ​តទៅ។

ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ការ​ផ្អាក​ចេញ​-ចូល​នេះ​ត្រូវ​បាន​លើក​លែង​សម្រាប់​អ្នក​ជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​​នៅ​វៀត​ណាម​ អ្នក​ការទូត មន្ត្រីរាជការដែល​មាន​បេសកម្ម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​រួម​ទាំង​និស្សិត សិក្ខាកាមដែល​បាន​បញ្ចប់​វគ្គ​សិក្សា ឬ​ករណី​មាន​ការ​អនុញ្ញាត​ពិសេស​ពី​​រដ្ឋាភិបាល។នេះ​យោង​តាម​ការ​បញ្ជាក់​ដដែល​របស់​លិខិត​ខាងលើ។

រដ្ឋ​លេខា​ធិការ​ប្រ​ចាំ​ការ​របស់​ក្រសួង​ការ​បរទេស​ លោកអ៊ុច បូររិទ្ធ​បាន​បញ្ជាក់​ក្នុង​លិខិត​ខាងលើ​នោះ​ថា៖ «ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់​ក្រុម​ហ៊ុន​វៀត​ណាម ដែល​បាន​ចូល​មក​កម្ពុជា​រួច​ហើយ ទាំង​អ្នក​ដែល​បាន​ធ្វើ​ចត្តាឡីស័ករួច និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក មិន​ត្រូវ​អនុញ្ញាតឱ្យ​វិល​ត្រឡប់​​ទៅ​ប្រទេស​វៀត​ណាម​​វិញ​ទេ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្អាក​ការ​ចេញ-ចូល​បណ្តោះ​អាសន្ននេះ»។

លោក​អ៊ុច បូររិទ្ធ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ដំណើរ​ការ​នៃ​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​ និង​នាំ​ចូល​ទំនិញ​នានា​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ តាម​វិធាន​សុខាភិបាល​នៃ​ប្រទេស​ទាំងពីរ។​

គួរ​បញ្ជាក់​ផងដែរ​ ជំងឺកូវីដ-១៩​នៅ​កម្ពុជា​កំពុងតែ​ឆ្លង​រាលដាល​ខ្លាំង​ទាំងនៅ​ក្នុង​សហគមន៍​គិត​ត្រឹម​ថ្ងៃ​ទី​១៣​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ-១៩កើន​ដល់​ ៩៨៦នាក់ ​និង​ឆ្លង​សរុប​កើ​​ន​ដល់​៦៣.៦១៥នាក់៕