កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រីជា​​ច្រើន​រយ​នាក់​​មិន​សុខចិត្ត​ ចំពោះ​ការ​ដែល​ក្រុមហ៊ុននេះ​​មិន​ គោរព​ទៅ​តាម​គោលការណ៍​នៃ​ការ​សន្យា​បើក​ប្រាក់​ខែ​ចុង​ក្រោយឱ្យ​គ្រប់​ចំនួន​ និង​ទាន់ពេល​វេលា​​​​ ​ ​ខណ:កម្មករមួយចំនួនរងចាំ​ប្រាក់​ដែល​ខ្លួន​ខំធ្វើ​ពីកន្លះខែ​មុន​ដើម្បី​​ទ្រទ្រង់​ជីវភាព​ នៅ​អំឡុង​ពេល​មិនទាន់ទទួល​បាន​ការ​ងារ​ថ្មី​ធ្វើ​។

នាព្រឹក​ថ្ងៃពុធ ទី​១៤ ខែ​ កក្កដានេះ ​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីនទ្រីជា​​ច្រើន​រយនាក់​បាន​នាំគ្នា​មក​បើក​ប្រាក់​ខែដែល​នៅ​សល់​កន្លះ​ខែ តាម​ការ​សន្យារបស់​ក្រុមហ៊ុន​ស៊ីនទ្រី ​ក្រោយ​កម្មករ​ត្រូវ​បាន​បញ្ឈប់ពី​​ការងារ​ដោយ​ប្រថុច​ញ៉ុច​ ដោយ​កម្មករ​អះអាងថា​ ពួកគេមិន​ទទួល​បាន​ប្រាក់​ដូច​ដែល​ក្រុមហ៊ុន​បាន​សន្យា។

ក្រុម​កម្មករ​ដែល​មាន​វត្ត​មាន​នៅ​ហ្គារ៉ាស់ជួសជុលឡាន​សំរាម​ស៊ីនទ្រី​ ស្ថិត​នៅ​ខណ្ឌ​ដង្កោ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ បាន​លើកឡើង​ថា ប្រាក់ខែ​ទាំង​នោះ​ជា​ប្រាក់​ស្មើ​នឹង​៥% នៃ​ប្រាក់ខែ​សរុប​ ដែល​ផ្ទុយ​ពី​ការ​ដែល​ក្រុមហ៊ុន​បាន​ប្រាប់​ថា ​ជា​ប្រាក់​ខែ​ក្នុង​រយ:ពេល​កន្លះ​ខែ​ដែលកម្មករ​ទាំងអស់​បាន​បំពេញ​ឱ្យ​ក្រុមហ៊ុន​មុន​ទទួល​បាន​ការ​បញ្ឈប់​។

​កម្មករ​ទាំងនោះបាន​និយាយ​ថា ដោយ​មាន​កម្មករ​ខ្លះ​បង្ខំចិត្ត​ទទួល​យក​ប្រាក់​សំណង​ដែល​មិន​ស្រប​តាម​ចំនួន​ដែល​គាត់​បាន​ខិតខំ​បំពេញ​តួនាទី​ការងារ​ឱ្យ​ក្រុម​ហ៊ុន​បាន​កន្លះ​ខែ​នោះទេ​ ដោយ​បាន​ចន្លោះពី​១០ម៉ឺន ទៅ​២០​ម៉ឺន​ជាង​ដោយ​បែង​ចែក​ទៅ​តាម​មុខងារខុសៗគ្នា​កម្មករ​ម្នាក់​ៗ ដែល​ហាក់​មិន​មាន​ភាព​ច្បាស់​លាស់​ណាមួយ​បញ្ជាក់​ពី​ថរិកា​ដែល​ចែក​ឱ្យ​កម្មករ​ទាំង​អស់​នៅ​ថ្ងៃ​ពុធ​ សប្តាហ៍​នេះ​ជា​ប្រាក់អ្វី​ឱ្យ​ពិត​ប្រាកដ​ទេ។

លោក រី សារ៉ាយ​ ជា​អ្នក​​ស្រុក​ខេត្ត​ ព្រៃវែង មាន​កូន​ប្រុសចំនួន​៥នាក់​ក្នុង​បន្ទុកបាន​ប្រាប់​ Newsroom Cambodia នៅរសៀល​ថ្ងៃទី១៤ ខែកក្កដា​នេះ ដែល​ត្រូវ​ជា​ថ្ងៃ​បើក​ប្រាក់​ខែ​​ដែល​នៅ​សេសសល់​​ថា ​លោក​បាន​មកចាំ​បើក​ប្រាក់​ខែកន្លះខែ​​ដែល​​បាន​ធ្វើ​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២១ ដល់​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២១ ប៉ុន្តែ​លោក​ថា តាំង​ពី​ម៉ោង​៧ព្រឹក រហូត​ដល់​​ម៉ោង​ប្រមាណ​១២ថ្ងៃត្រង់ ​​លោក​នៅតែ​មិនទាន់ទទួលបាន​ប្រាក់​ខែ​របស់​ខ្លួន​នៅ​ឡើយ។

អតីត​កម្មករស៊ីនទ្រី​ដែល​ជាអ្នក​​ប្រមូល​សំរាម​អស់រយ:ពេល​២ឆ្នាំ​រូប​នេះបាន​​​បញ្ជាក់​ពី​ក្តី​កង្វល់​របស់​ខ្លួន​ថា ​ក្នុង​កាល:ទេស:ក្រុមហ៊ុន​បញ្ឈប់ពី​ការងារភ្លាមៗដោយ​មិន​បាន​ផ្តល់​ជូន​ដំណឹង​ទុកជាមុន​ ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភពី​ស្ថានភាពគ្រួសារ​នឹង​កាន់តែ​តឹងតែង ​ដោយសារ​​លោក​មិន​ទាន់ទទួលបាន​ការងារថ្មី​ណា​ធ្វើ​បាន​នៅ​ឡើយ។ លោក​ថា លោក​រង​ចាំ​ប្រាក់ខែ​នេះ​សម្រាប់​ចំណាយ​មុន​នឹង​អាច​រក​ការងារ​ថ្មី​បាន ដោយ​លោក​ថា ផ្ទះ​ឈ្នួល​ដែល​លោកត្រូវ​បង់​មាន​តម្លៃ​ស្មើ​៤០ម៉ឺនរៀល​ក្នុង​មួយ​ខែ​។

លោកនិយាយ​ថា៖ «ពិបាក​ហា៎! ចុះ​ការងារ​បាន​អី​ធ្វើ​ បាន​លុយ​កាក់​ឯណា​ឱ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​គេ​ អត់​មាន​ផង​»។

លោក​​ សារ៉ាយ​  បន្ថែម​ថា ​លោក​នឹង​​តវ៉ា និង​ប្តឹង​​ក្រុមហ៊ុន​ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​មិន​ព្រម​បើក​ប្រាក់​ខែ​ដែល​នៅ​សល់​ប្រមាណ​៤៥ ម៉ឺន​របស់​លោកទេ​នោះ​។

កម្មករផ្នែក​ប្រមូល​សំរាម​រូប​នេះ​បញ្ជាក់​ថា៖ «ការងារ​ក៏​អត់​! បញ្ឈប់​គ្នា​ គ្មាន​ប្រាប់​ផង​! ហើយ​លុយ​ក៏​អត់​បើក​ឱ្យ​គ្នា​ បាតុកម្មប្តឹង​ទាំងអស់គ្នា​ចឹងទៅ​»។

កម្មការិនី​ផ្នែក​បោសសំរាម ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​តាំងពី​ឆ្នាំ២០១០ ប្រាប់ Newsroom Cambodia ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ អ្នកស្រី​​រង​ចាំ​បើក​ប្រាក់​ខែ​ដែល​នៅ​សល់​ពី​ក្រុមហ៊ុន​ចាស់​ (ស៊ីនទ្រី​) អស់​មួយ​ព្រឹក​ធំ​ទាំង​ពោះ​ទទេរ​ តែ​នៅ​មិន​ទាន់​ទទួល​បាន។

អ្នកស្រី​បញ្ជាក់៖​ «ហើយ​ព្រលឹម​ហើយ​នឹង​ អត់​ទាន់​បាន​បើក​លុយ​ផង​នឹង​។​ ចាំតាំង​ពី​ម៉ោង​៨ ព្រឹក រហូត​ដល់​ម៉ោង​១២ ជាង​ឥឡូវ​ហើយ​នឹង​។ អត់ទាន់​បើក​បាន​ទេ។ បើ​លុយ​គេ​ចង​បាច់​ៗ ដូច​បើក​រាល់​ខែ​ដែរ​នេះ​នឹង​ ទៅ​ដល់​បើក​យកៗ​ម៉ង ។ ហើយ​ដល់ពេល​គាត់​បើក​លុយ​ចុង​ក្រោយ​ឱ្យ​គ្នា ម៉េច​បាន​ចាំ​រំលែក​ចឹង​។ ខ្ញុំ​ឆ្ងល់​»។

អ្នកស្រី​សម្តែង​ការ​មិន​សុខចិត្ត​ និង​ការ​ងើយឆ្ងល់​ជុំវិញ​ចំនួន​ទឹក​ប្រាក់មិន​ច្បាស់លាស់​​ដែល​ខ្លួន​អាច​ទទួល​បាន​ក្រោយ​ឃើញ​កម្មករឯទៀត​ទទួល​យក​លុយ​ដែល​មិន​គ្រប់ទៅ​តាមចំនួន​កំណត់​ដែល​ពួកគាត់​គួរ​ទទួល​បាន​។

អ្នកស្រី​ថា​៖ «ប្រាក់​ខែ​នឹង​ឮថាបាន​តែ​១៥ ម៉ឺន​ទេ​ ព្រោះអី​អ៊ុំអត់​ទាន់​បាន​បើក​ផង​នឹង​។ ហើយ​លុយ​ក្នុង Office (ការិយាល័យ) ឃើញ​លុយ​ចង​ដុំ​ហើយ​ ក៏​ប៉ុន្តែ​អ្នក​ក្នុង​ធ្វើការ​នឹង​រំលែក​ស្រាយ​លុយ​ចេញ​ ហើយឃើញ​រំលែក​ចងនៅ​បង់​នេះ​វិញ​។ […] ហើ​យ​កន្លះ​ខែ​លុយ​ខ្ញុំ​ក៏​បាន​៤០ ម៉ឺន​ដែរ មិន​មែន​ត្រឹម​១៥​ ម៉ឺន​នឹង​ទេ​! ដូច​ជា​ស៊ី​លុយ​គ្នា​ហួស​ហេតុ​ហើយ​។  »

កម្មករ​ដែល​ជា​អ្នកបើក​បរ​ឡាន​សំរាម នៅ​ក្រុមហ៊ុន​ស៊ីនទ្រីឈ្មោះ អុង ឌី​ ​បាន​ប្រាប់ថា រហូត​មក​ដល់​ម៉ោង​៣ រសៀល​នេះ​ លោក​និង​កម្មករ​ឯទៀត​ជា​ពិសេស​អ្នក​ដែល​ជា​កម្មករ​ត្រូវ​បាន​បញ្ឈប់​មិនទាន់​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​នោះទេ ខណ:កម្មករ​ដែល​ធ្វើ​ការ​លាលែង​ពី​ការងារ​ដោយ​ខ្លួនឯង​បាន​បើក​ប្រាក់​ខែ​ដែល​នៅ​សេស​សល់​អស់​រួច​ទៅ​ហើយ​។

លោក​បាន​និយាយប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទ​ដៃ​ថា៖ «ឥឡូវ​កំពុង​រង​ចាំ​មើល​ ខ្ញុំ​ចូល​ទៅ​កន្លែង​មេ​ គេ​ថា​អត់​ទាន់​មាន​លុយ​បើក​ទេ​  គេ​បើក​តែ​ពួក​អ្នក​លាលែង​ខ្លួន​ឯង​ ឯអ្នក​ត្រូវ​បាន​គេ​បញ្ឈប់​នឹង​អត់ទាំង​អស់​។ [….] ឯអ្នកគេ​លាលែង​គេ​មាន​ការងារ​ថ្មី អានឹង​គេ​បើក​ឱ្យ​ ហើយ​ពួក​ខ្ញុំ​គេ​បញ្ឈប់​នឹង​ ធ្វើៗ​ដល់​ថ្ងៃគេ​បញ្ឈប់​តែ​ម្តង​នឹង​»។

លោក​បាន​ត្អូញត្អែ​​ពី​ការ​ដែល​គិត​ថា ​ខ្លួន​ និង​កម្មករ​ដទៃ​ត្រូវ​បាន​ក្រុមហ៊ុន​បោក​ប្រាស់ ​ ដោយ​ទោះបី​ជា​ទទួល​ដំណឹង​ថា​ខ្លូន​ជិត​បញ្ឈប់ពី​ការងារ​ចាស់​ក៏​ដោយ ​ក៏​ខ្លួន​ និង​កម្មករ​ជា​ច្រើន​នាក់ទៀត​ត្រូវ​តែ​បង្ខំចិត្ត​បន្ត​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ដដែល​ ដោយ​ខ្លាច​ត្រូវ​សង​សំណង​ឱ្យ​ក្រុមហ៊ុន​វិញ​។

លោក​និយាយ​ថា៖ «ពិបាក​ណាស់​ចែអើយ​។ ចាញ់​បោក​ក្រុម​ហ៊ុន​ផង​ ចាញ់​បោក​សហជីព​ផង​។ នៅ​តា​ម​ដាន​ខ្ញុំ​ដាក់ពាក្យ​ទៅ​ដល់​ក្រុមហ៊ុន​ថ្មី​ក៏​គេ​មិន​ឱ្យ​ទៅ​ គេ​ថា​នឹង​ឱ្យ​ប្រាក់​ខែ​៣ ខែ​ទៀត​សម្រាប់​ពួក​ខ្ញុំ​ ហើយ​អញ្ចឹង​ម្នាក់​ៗចេះ​តែ​នៅ​ៗទៅ​។ ហើយ​ប្រសិន​ជា​ទៅ​គេ​ចាប់​បាន​បង់​ឱ្យ​ក្រុម​ហ៊ុន​១០០​០ ដុល្លារ​»។

ចំណែក​លោក​ កៅ​ សុខវ៉ាត ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ ស៊ីនទ្រី​ បាន​ប្រាប់​ Newsroom Cambodia កាលពី​ថ្ងៃ​សៅរ៍​ សប្តាហ៍​មុន ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កក្កដានេះ​ ដោយ​សម្តី​ស្មើថា៖ « ឥឡូវ​នេះ​សម័យ​កូវីដ​ មិន​បាច់​ដល់​ថា​អ្នកកម្មករ​ធ្វើ​ការងារ​នៅ​ក្រុម​ហ៊ុន​ទេ​។ សូម្បី​តែ​អាជីវករ​លក់​ដូរ​តាម​ផ្ទះ​នឹង​ក៏​មាន​ផល​ប៉ះពាល់​ដែរ អញ្ចឹង​ហើយ​ទម្រាំតែ​ពួកគាត់​ ធ្វើ​ការ​មួយ​ខែ​ដោះ​ទាល់​មួយ​ខែ​ គឺ​អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​នឹង​ជា​ខ្លាំង​! ដោយ​សារ​ បើតាម​ខ្ញុំ​ដឹង​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ជំពាក់​ធនាគារផង​ ហើយ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ផង​ អញ្ចឹង​គាត់​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​ជា​ខ្លាំង​»។

លុះ​ដល់​រសៀល​ម៉ោង​៥ និង​៣០​នាទី លោក​ កៅ សុខវ៉ាត​ បាន​បញ្ជាក់​ប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទ​ថា បន្ទាប់ពី​បាន​ធ្វើ​ការ​ចរចារ​ជាមួយ​ក្រុមហ៊ុន​ រួច​នៅ​រសៀល​នេះ​ លោក​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ក្នុង​នាម​ជា​សហជីព​បាន​ទេ ព្រោះ​លោក​និង​សហជីព​ទាំងមូល​ត្រូវ​បាន​រំលាយ​នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១​។

លោក​ កៅ សុខវ៉ាត​​ បាន​បញ្ជាក់​ថា៖ «ដោយសារ​ខ្ញុំ​ទទួល​រង​សម្ពាធ​ខ្លាំង​ ហើយណាមួយ​​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ខ្ញុំដែរ ដូច​អ្នកដទៃ​ដែរ អញ្ចឹង​ខ្ញុំ​អស់​សិទ្ធិ​អស់​អី​ហើយ​ មិនអាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន​​ទេ​»។

លោក​បាន​បន្ថែមថា ​ ​ក្រោយ​មាន​ការ​ធ្វើ​កូដកម្ម​ពីសំណាក់​កម្មករ​រួច​មក​ ក្រុមហ៊ុន​​បាន​បន្ត​បើក​ប្រាក់​ខែ​ដែល​ក្រុមហ៊ុន​កំណត់​ដោយ​ភាព​ស្រពិចស្រពិល​ដដែល​។ 

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​ទៅ​លោកស្រី​ សេង សូលីដា ដែល​ជា​អនុ​ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី​តាំង​ពី​ថ្ងៃទី​១៣ ខែ​កក្កដា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ ​មិន​ទាន់​មានការ​ឆ្លើយ​តបនៅ​ឡើយ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ​ប្រាប់​ Newsroom Cambodia យ៉ាងខ្លី​តាម​រយ:សារ​តាមទូរស័ព្ទ​ដៃ​កាលពី​ថ្ងៃ​អង្គារ​​ថា​៖ «រដ្ឋបាលរាជធានី​ភ្នំពេញ​ និង​ក្រសួង​កំពុង​រួម​គ្នា​ដោះស្រាយ​ការងារនេះ​»។

ការ​បញ្ឈប់​កម្មករ​​ជាច្រើន​រយ​នាក់​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​រាជធានីភ្នំពេញ បានជូនដំណឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពីការ​ចាប់ផ្តើម​ប្រតិបត្តិការ​ប្រមូលសំរាមរបស់ក្រុមហ៊ុនថ្មី២ទៀត រួមមាន ក្រុមហ៊ុន Mizuda Sanitation ដែលមានម្ចាស់ជា​ជនជាតិចិន និង​ក្រុម​ហ៊ុន 800 Super របស់សិង្ហបុរី នៅថ្ងៃទី១ ខែកក្ក​ដា ឆ្នាំ២០២១ ប​ន្ទាប់ពីពន្យារពេលអស់រយៈពេល៣ខែ។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យា​ជាលាយ​លក្ខណ៍​អក្សរ​ជាមួយ​កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី  ដែលមានប្រមាណ២,១៥០នាក់ ដោយ​ធានា​​​ការផ្តល់សំណងបញ្ចប់កិច្ចសន្យាការងារស្របទៅតាមច្បាប់ និង​មិន​ឱ្យ​ពួកគេ​បាត់បង់​ការងារ​ពេលក្រុមហ៊ុនថ្មីដែលឈ្នះការដេញថ្លៃចូលមកគ្រប់គ្រង និងប្រមូលសំរាមជំនួសក្រុមហ៊ុនរបស់​ពួកគេ។ ការសន្យានេះធ្វើឡើងបន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាមមួយនេះ បាន​ផ្ទុះ​កូដកម្ម​តវ៉ា​មិ​ន​ទៅ​ធ្វើការ​អស់​រយៈពេលជិ​ត១សប្តាហ៍៕