អង្គការ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន បានអំពាវនាវដល់រដ្ឋាភិបាលឱ្យមានតម្លាភាពអំពីគម្រោងអភិវឌ្ឍន៍កោះអរិយក្សត្រ ក្នុងស្រុកល្វាឯម ខណ:ដែលប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានការព្រួយបារម្ភពីផលអវិជ្ជមានដែលអាចកើតមានដោយសារគម្រោងចាក់ដីចូលទន្លេភ្ជាប់បន្តពីកោះដែលមានប្រមាណ ៧០ហិចតា។
លោកសាន ម៉ាឡា ដែលជាសកម្មជនបរិស្ថាន បានប្រាប់ Newsroom Cambodia កាលពីថ្ងៃព្រហស្បតិ៍នេះថា ពីក្តីព្រួយបារម្ភនៃការអភិវឌ្ឍដោយសារការចាក់ដីលុបទន្លេ ស្ទឹង ព្រែក ឬបឹង អាចផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានដែលអាចធ្វើឱ្យទន្លេរួមតូចនាពេលអនាគត ក៏ដូចជាបាត់បង់នូវសោភណ្ឌភាព។
លោកសាន ម៉ាឡាបានបន្តថា រាជរដ្ឋាភិបាលគួរពិចារណាពីនិន្នាការណ៍អភិវឌ្ឍន៍ដែលប្រើមធ្យោបាយចាក់បំពេញដីចូលក្នុងប្រភពទឺកនេះឡើងវិញ។
«ប្រទេសកម្ពុជាយើងត្រឹមចំនួនប្រជាពលរដ្ឋ ១៥- ១៦ លាននាក់ ខ្ញុំគិតថានៅមិនទាន់ដល់ពេលដែលយើងត្រូវលុបទន្លេ ស្ទឹង ឬក៏បឹងបួរ ដើម្បីអភិវឌ្ឍន៍នោះទេ បើយើងនៅសេសសល់ដីទូលាយច្រើន»។
លោកសាន ម៉ាឡា បានជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍតាមគំរូដែលបុព្វបុរសខ្មែរសម័យបុរាណដែលបានធ្វើការអភិវឌ្ឍរាជធានី តាមរយ:ការសាងសង់ប្រព័ន្ធធារាសាស្រ្តបានល្អ ដោយមានការប្រើប្រាស់គូរទឹកព័ទ្ធជុំវិញប្រាសាទដែលជាសសរគ្រឹះការពារប្រាសាទឱ្យកាន់តែស្ថិតស្ថេរយូរអង្វែង ជៀសវាងការបំផ្លាញធនធានធម្មជាតិផ្លូវទឹកបែបនេះដែលលោកគិតថាមិនមែនជាគំរូល្អនោះទេ។
លោកបានបញ្ជាក់ថា៖ «ដូចដែលយើងបានឃើញនៅតំបន់អង្គរ យើងឃើញមានការស្ថាបនាបារាយណ៍ទឹក មានទឹកព័ន្ធជុំវិញប្រាសាទផ្សេងៗ។ ដូច្នេះ អ្នកអភិវឌ្ឍន៍នៅក្នុងសម័យទំនើបនេះ ឬក៏រដ្ឋាភិបាលគួរតែយកគំរូតាមដូនតារបស់យើងដែលបានសាងសង់សំណង់ប្រាសាទផ្សេងៗ ជៀសវាងការអភិវឌ្ឍដែលត្រូវចាក់លុបបឹង ស្ទឹង ឬក៏ទន្លែបែបនេះវាមិនមែនជាគំរូល្អនោះទេ»។
អ្នកស្រីចក់ សុភាព ប្រធានប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយដោយតម្លាភាព គឺត្រូវមានការជូនដំណឹងដល់ប្រជាពលរដ្ឋជាមុនដើម្បីឱ្យពួកគាត់បានត្រៀមលក្ខណ: និងផ្តល់នូវសំណងដែលសមស្របអាចទទួលយកបានដល់សំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតំបន់នោះ ដោយសារគម្រោងអភិវឌ្ឍន៍នៅដែលស្ថិតនៅកោះអរិយក្សត្រនេះ។
លោកហែម ឧត្តម ជាអ្នកប្រឹក្សាយោបល់ឯករាជ្យសម្រាប់អភិបាលកិច្ចធនធានធម្មជាតិនៃទន្លេមេគង្គ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១២ ខែកក្កដានេះថា សកម្មភាពចាក់ថ្ម ចាក់ខ្សាច់ចូលទៅក្នុងទន្លេលោកសង្កេតឃើញថា ជាបញ្ហាចម្បងសំខាន់គឺតម្លាភាព ត្រូវការទទួលដឹង ឮនូវព័ត៌មានដែលគេធ្វើសកម្មភាពចាក់ដី។
លោកបានមានប្រសាសន៍ថា៖ «យើងមិនអាចបដិសេធចំពោះការអភិវឌ្ឍន៍បានទេ ហើយជាពិសេសការប្រើប្រាស់ធនធានធម្មជាតិ យើងរាប់តាំងពីព្រៃឈើ ខ្សាច់ ហើយទន្លេក៏នៅក្នុងហ្នឹងដែរ ប៉ុន្តែយើងត្រូវគិតអពីនិរន្តរភាពនៃការទាញយកធនធានធម្មជាតិប្រើប្រាស់ដូចជាទន្លេ តើយើងប្រើប្រាស់កម្រិតណា»។
លោកបានបន្ថែមថា ការចាក់ខ្សាច់ ចាក់ថ្មចូលទន្លេត្រូវដឹងពីជម្រៅ វិសាលភាព ចំងាយ ទាំងនេះជាចំណុចសំខាន់ ហើយផលប៉ះពាល់ត្រូវតែមានការសិក្សាឱ្យបានច្បាស់លាស់ មិនអាចធ្វើការប៉ាន់ស្មានបានទេ ប៉ះពាល់តែងតែកើតមានតិច ឬច្រើន។
លោកបានថ្លែងថា៖ «ដើម្បីឱ្យគម្រោងនេះមានភាពប្រក្រតី ឬល្អប្រសើរ យើងគួរតែមានព័ត៌មានបកស្រាយដើម្បីឱ្យអស់ចម្ងល់កាលណាដែលយើងមិនមានតម្លាភាពនៅក្នុងការធ្វើអ្វីដែលយើងធ្វើទេ ការសង្ស័យ ការរិះគន់ ការប៉ាន់ស្មាន វានឹងមានមិចអាចចៀសផុត និងអាចប៉ះពាល់ដល់គម្រោងដែលយើងកំពុងនឹងធ្វើ គម្រោងហ្នឹងអាចនាំផលវិជ្ជមានច្រើនជាងអវិជ្ជមានក៏អាចថាបាន ឬមួយអវិជ្ជមានច្រើនជាងវិជ្ជមានក៏យើង អត់ដឹង»។
ស្របពេលមានការចាក់ថ្មចូលទឹកទន្លេក្នុងភូមិសាស្រ្តអរិយក្សត្រ ប្រជាពលរដ្ឋដែលរស់នៅមិនឆ្ងាយពីទឹកទន្លេ បានបង្ហាញក្តីព្រួយបារម្ភអំពីការបណ្តេញចេញនៅពេលខាងមុខ ខណៈពួកគេមិនមានព័ត៌មានអំពីការអភិវឌ្ឍនៅទីនោះនៅឡើយទេ។
ប្រជាពលរដ្ឋជាស្រ្តីវ័យចំណាស់មួយរូបសុំមិនបញ្ចេញឈ្មោះ ដោយហាក់មានការភ័យខ្លាចផង និងស្តាយស្រណោះទទឹមគ្នាផងបាននិយាយប្រាប់ Newsroom Cambodia ថា៖ «ខ្ញុំមិនដឹងជាអ្វីទេ បានតែនៅអញ្ចឹង អារម្មណ៍វាចេះតែមានហើយគ្រាន់តែថាមិនដឹងធ្វើយ៉ាងម៉េច ។»
Newsroom Cambodia បានខិតខំព្យាយាមទាក់ទងទៅលោកមេឃុំ អរិយក្សត្រកាលពីថ្ងៃ០៧ ខែកក្កដានេះច្រើនលើកច្រើនសារ តែមិនអាចសុំការបកស្រាយលំអិតពីរឿងនេះបានទេ។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រាប់សារព័ត៌មានថ្មីៗ ថាការចាក់ថ្មចូលទឹកទន្លេក្នុងភូមិសាស្រ្តអរិយក្សត្រ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀ (Khun Sea Development Group) ដែលបានជួលដីរដ្ឋចំនួន ៧០ហិកតា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចតាមដងទន្លេនេះ។
ការចាក់ថ្ម ឬចាក់គ្រឹះនៅក្នុងទន្លេនេះ គឺជាការចាប់ផ្តើមនៃការអភិវឌ្ឍមួយ ដោយលោកបានបន្ថែមថា មានការសិក្សាពីអ្នកជំនាញផ្នែកបរិស្ថានគ្រប់ស្ថាប័នរួចហើយ ដើម្បីធានាមិនឲ្យប៉ះពាល់លំហូរទឹកទន្លេ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ពីវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)។
តំណាងក្រុមហ៊ុន គឺលោកសេង ផេង បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាក្រុមហ៊ុនបានជួលដីរដ្ឋចំនួន ៧០ហិកតា រយៈពេល៥០ឆ្នាំ ដោយបានដោះស្រាយរួចរាល់ហើយចំពោះប្រជាពលរដ្ឋដែលមានផ្ទះនៅទីនោះ។ លោកបញ្ជាក់ថាក្រុមហ៊ុននឹងអភិវឌ្ឍតំបន់នោះឲ្យដូចជានៅទីក្រុងហុងកុង ដែលអាចមើលឃើញទឹកទន្លេនាពេលយប់។ លោកបន្ថែមថាក្រុមហ៊ុននឹងស្ថាបនាសំណង់នានា ដើម្បីធានាការទប់ច្រាំងទន្លេផងដែរ។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការអធិប្បាយបន្ថែមបានទេ។
គួរបញ្ជាក់ផងដែលថា អនុក្រឹត្យចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋ
មន្ត្រីហ៊ុន សែន បានសម្រេចជួលដីកោះមាស ទំហំជាង ៣៤០ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនៅជាប់ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុន «ឃុន សៀ Import Export» ដើម្បីធ្វើការអភិវឌ្ឍរយៈពេល ៥០ឆ្នាំ ខណៈដីទំហំ៧០ហិកតាទៀតក៏ត្រូវបានរដ្ឋាភិបាលជួលឱ្យក្រុមហ៊ុននេះ សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចតាមដងទន្លេត្រើយខាងកើត ក្បែរគ្នាអភិវឌ្ឍន៍កោះពេជ្រ៕