ក្រសួង​សុខាភិបាល​នៅ​ថ្ងៃអង្គារនេះ ​បានណែ​នាំជា​បន្ទាន់​​ដល់​ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​​ ក្រសួង ​ស្ថាប័ន ​រាជ​ធានី​ ខេត្ត   ​នូវ​​គម្លាត​នៃ​ការ​ចាក់​វ៉ាក់សាំង​រវាង​ដូស​ទី១​និ ង​ដូស​ទី​២​ ដល់​២១​ថ្ងៃ​វិញ។

យោង​តាម​លិខិត​របស់​ក្រសួង​សុខា​ភិបាល​ចុះ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា​ គម្លាត​នៃ​ការ​ចាក់​វ៉ាក់សាំង​ Sinovac និង​វ៉ាក់​សាំង ​Sinopharm រវាង​ដូសទី​១ និង​ដូស​ទី​២​មាន​រយៈពេល​ចំនួន​២១​ថ្ងៃ​វិញ។

លោកស្រី​ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​មាន​ប្រសាសន៍ថា៖ «សូម​ឯកឧត្តម លោក​ជំទាវ រៀប​ចំ​​សេចក្តី​ជូន​ដំណឹង​និង​ធ្វើ​ការ​ណែនាំជា​បន្ទាន់​ដល់​ក្រុម​គ្រូពេទ្យ​នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ក្នុង​ក្រប​ខណ្ឌ​​ក្រសួង​ ស្ថាប័ន រាជ​ធានី ខេត្ត ស្តី​ពី​ការ​កែ​សម្រួល​ទាក់​ទង​នឹង​គម្លាត​នៃការ​ចាក់​វ៉ាក់សាំង​​Sinovac និង​Snopharm ដូស​ទី១ ​និង​ដូស​ទី២​ដោយ​ក្តី​អនុគ្រោះ»។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្លាត​នៃ​ចាក់​វ៉ាក់សាំង​​កូវីដ-១៩​ Sinovac និង​Sinopharm ដែល​ជា​វ៉ាក់សាំង​ផលិត​នៅប្រទេស​ចិន​នេះ​ កាល​ពី​ដើមឡើយ​គម្លាត​នៃ​ការ​ចាក់​រវាង​ដូស​ទី​១ និង​ដូស​ទី​២មាន​រយៈពេល​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ៕