ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអាទិត្យនេះបានធ្វើការអប់រំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩និងលើកទឹកចិត្តដល់មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចបូជាសព ឬបញ្ចុះសពកុំឱ្យមានការភ័យខ្លាច។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំឱ្យប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានី-ខេត្តឱ្យយកចិត្តទុកដាក់អប់រំណែនាំអនុវត្តតាមខ្លឹមសារអំពីសុវត្ថិភាពកុំឱ្យមានការភ័យខ្លាចឬមន្ទិលសង្ស័យដល់មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចបូជាសពឬបញ្ចុះសព។
លោកបានបញ្ជាក់ក្នុងលិខិតនោះថាឱកាសនៃការចម្លងវីរុសកូវីដ-១៩ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះពីព្រោះវីរុសកូវីដ-១៩ឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩តាមរយៈការនិយាយទល់មុខគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគហើយគ្រប់សាកសពអ្នកជំងឺកូវីដ-១៩ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។
ជាពិសេសទៅទៀតនោះ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅ បូជាឬបញ្ចុះ។
លោកម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា៖ «ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរសុកូវីដ-១៩»។
លោកបានពន្យល់ថា អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជានឹងមានសុវត្ថិភាព ដោយត្រូវពាក់ឧបករណ៍ការពារខ្លួន(PPE) ឱ្យបានត្រឹមត្រូវ ពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ ហើយពេលរៀបចំរួចត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ និងលាងសម្អាតដៃជាមួយអាល់កុល ឬជែល ឬសាប៊ូនិងទឹកស្អាតភ្លាមៗ។
លោកម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា៖ «ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ទៅ ៦នាក់និងត្រូវពាក់សម្ភារៈការពារ(PPE)ត្រឹមត្រូវ»។
«ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ១.៥ម៉ែត្រពីគ្នា និងចំងាយ ៣ម៉ែត្រពីសាកសព ហើយមិនត្រូវឱ្យមានការហែក្បួនឡើយ»។
សូមបញ្ជាក់ផងដែរថា ជំងឺកូវីដ-១៩កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាដែលមានអ្នកឆ្លងកើនដល់៦៣.៦១៥នាក់និងអ្នកស្លាប់កើនដល់៩៨៦នាក់គិតត្រឹមថ្ងៃទី១៣ខែកក្កដាឆ្នាំ ២០២១នេះ៕