ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះបាន​ធ្វើ​ការ​អប់​រំ​បន្ថែម​អំពី​សុវត្ថិភាព ក្នុង​ការ​គ្រប់​គ្រង​ និង​ការ​ចាត់​ចែង​សាកសព ដែល​មាន​ផ្ទុក​វីរុស​កូវីដ-១៩​​​និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​-បុគ្គលិក និង​អ្នក​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សាក​សព និង​កិច្ច​បូជា​សព ឬ​បញ្ចុះ​សព​កុំឱ្យ​មាន​ការ​ភ័យខ្លាច។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោកម៉ម ប៊ុនហេង កាល​ពី​ថ្ងៃទី១១ ខែកក្កដា ​ឆ្នាំ២០២១​នេះ បានចេញ​លិខិត​​ណែនាំឱ្យ​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ថ្នាក់​រាជធានី​-ខេត្ត​ឱ្យ​យក​ចិត្ត​ទុក​ដាក់​អប់​រំ​ណែ​នាំ​អនុវត្ត​តាម​ខ្លឹម​សារ​អំពី​សុវត្ថិភាព​កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ឬ​មន្ទិល​សង្ស័យ​​ដល់​មន្ត្រី​-បុគ្គលិក​ និង​អ្នក​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សាក​សព និង​កិច្ច​បូជាសពឬ​បញ្ចុះសព។

លោកបាន​​​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ឱកាស​នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩​ពុំ​អាច​កើត​មាន​ឡើយ ប្រសិន​បើ​ពុំ​មាន​ការ​រុះ​រើ​ ឬ​បើក​ថង់​រុំ​សាកសព​នោះ​ពីព្រោះ​វីរុស​កូវីដ-១៩​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​រយៈ​តំណក់​ទឹក​តូច​ៗ​ដែល​ចេញ​ពី​អ្នក​ជំងឺ​កូវីដ-១៩​តាម​រយៈការ​និយាយ​ទល់​មុខ​គ្នា ក្អក កណ្តាស និង​ការ​ប៉ះពាល់​ផ្ទៃ​ ឬ​វត្ថុ​ផ្សេងៗ​ដែល​មាន​មេរោគ​ហើយ​គ្រប់​សាកសព​អ្នក​ជំងឺ​កូវីដ-១៩​ពុំត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​កោសល្យវិច័យ ឬវះ​កាត់​ពិនិត្យ​សាក​សព​ឡើយ។​

ជា​ពិសេស​ទៅ​ទៀត​នោះ​ សាកសព​ត្រូវ​បាន​រៀប​ចំ​ដោយ​រុំ​ក្រណាត់​រួច​ដាក់​ក្នុង​ថង់​ប្លាស្ទិក​បិទ​ជិត​យ៉ាង​ត្រឹម​ត្រូវ​ដោយ​បុគ្គលិក​មន្ទីរពេទ្យ ហើយសាកសព​ខ្លះ​ត្រូវ​បាន​ដាក់​បង្កករក្សា​ទុក​មុន​ពេល​ដាក់​ទៅ​ក្នុង​មឈូស​មុន​យក​ទៅ បូជា​ឬ​បញ្ចុះ។

លោក​​ម៉ម ប៊ុនហេង​ បាន​បញ្ជាក់​ទៀត​ថា៖ «ការ​បូជា ឬបញ្ចុះសាកសព​ ដែល​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​ត្រឹម​ត្រូវ​ អាច​ចៀស​វាង​បាន​ពី​ការ​ចម្លង​វីរសុ​កូវីដ-១៩»។​

លោកបាន​ពន្យល់ថា អ្នក​រៀប​ចំ​ និង​អ្នក​ដឹក​ជញ្ជូន​សាកសព​ អ្នក​លើក​សាក​សព​ដាក់​ចូល​ក្នុង​មឈូស​ និង​លើក​មឈូស​ដាក់​លើ​ទី​តាំង​​បូជានឹង​​មាន​សុវត្ថិភាព​ ដោយ​ត្រូវ​ពាក់​ឧបករណ៍​ការ​ពារ​ខ្លួន​(PPE) ឱ្យ​បាន​ត្រឹម​ត្រូវ ពាក់​ម៉ាស់​ពេទ្យ អាវអៀមការពារ​ខ្លួន និង​ស្រោមដៃ ហើយ​ពេល​រៀប​ចំ​រួច​ត្រូវ​ដោះ​ឧបករណ៍​ការ​ពារ​ខ្លួន​ដែល​ប្រើ​រួច​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​លាង​សម្អាត​ដៃ​ជាមួយ​អាល់​កុល ឬ​ជែល ឬ​សាប៊ូ​និង​ទឹក​ស្អាត​ភ្លាមៗ។

លោកម៉ម ប៊ុន​ហេង ​បាន​បញ្ជាក់​ទៀត​ថា៖ «ចំពោះ​ការ​បញ្ចុះ​សាកសព អ្នក​សែង​មឈូស​យក​ទៅ​​បញ្ចុះ ត្រូវ​មាន​ចំនួន​ពី​៤​ទៅ ៦នាក់​និង​ត្រូវ​ពាក់​សម្ភារៈ​ការពារ(PPE)ត្រឹមត្រូវ»។

«ចំពោះ​សមា​ជិក​គ្រួសារ ឬ​អ្នក​ចូល​រួម​ ត្រូវ​ពាក់​ម៉ាស់​ការ​ពារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ត្រូវ​កំណត់​ចំនួន​មិន​ឱ្យ​លើស​ពី​ ១០​នាក់ ព្រម​ទាំង​ត្រូវ​រក្សា​គម្លាត​រវាង​អ្នក​ចូលរួម​ ចំងាយ​១.៥ម៉ែត្រពី​គ្នា និង​ចំងាយ​ ៣ម៉ែត្រ​ពីសាកសព ហើយ​មិនត្រូវ​ឱ្យ​មាន​ការ​ហែក្បួន​ឡើយ»។

សូម​បញ្ជាក់​ផងដែរ​ថា ជំងឺកូវីដ​-១៩​កំពុង​រីករាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរនៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អ្នក​ឆ្លង​កើន​ដល់​៦៣.៦១៥នាក់​និង​អ្នក​ស្លាប់​កើន​ដល់​៩៨៦​នាក់​គិត​ត្រឹម​ថ្ងៃទី​១៣​ខែ​កក្កដា​ឆ្នាំ ២០២១នេះ៕