ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃចន្ទនេះបានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប (ASEM) នៅខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខនេះតាមប្រព័ន្ធវីដេអូ ដោយហេតុថាកិច្ចប្រជុំកំពូលតាមបែបរូបវ័ន្តនឹងមិនអាចប្រព្រឹត្តទៅបានទេ ដោយសារតែស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា កម្ពុជានឹងទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានខាងលើនោះបានបញ្ជាក់ថា៖ «ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនិងការលេចឡើងនៃវីរុសបំលែងថ្មីបានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោករួមទាំងកម្ពុជាផង»។
រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក លុយ ដាវីត ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនោះថា៖ «កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកាឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដអូ»។
លោក លុយ ដាវីតបានបញ្ជាក់បន្ថែមថា៖ «សេចក្តីសម្រេចនេះធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថាការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឹនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះបាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី»។
សូមបញ្ជាក់ផងដែរថា កម្ពុជាដែលត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣គ្រោងនឹងធ្វើឡើងជាលក្ខណៈរូបវ័ន្ត ប៉ុន្តែការណ៍នេះត្រូវបានពន្យាពេលរួចមកហើយតាំងពីឆ្នាំ២០២០មក ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩មិនបានធូរស្បើយ៕