ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ថា ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឹរ៉ុប (ASEM) នៅខែ​វិច្ឆិកា​ឆ្នាំ ​២០២១​ខាង​មុខ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​ ដោយ​ហេតុថា​កិច្ច​ប្រជុំ​កំពូល​តាម​បែប​រូបវ័ន្ត​នឹង​មិន​អាច​ប្រព្រឹត្តទៅ​បាន​ទេ ដោយ​សារ​តែ​ស្ថាន​ភាព​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-១៩។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិការអន្តរជាតិ​​កម្ពុជា​នៅ​ថ្ងៃទី​១២ ​ខែ​កក្កដា ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​បន្ទុករៀប​ចំ​​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុបលើក​ទី១៣​ នៅ​ថ្ងៃ​ទី​២៥-២៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​តាមរយៈប្រព័ន្ធ​វីដេអូ​​។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​នោះ​បាន​បញ្ជាក់​ថា៖ «ដោយ​សារ​តែ​ជំងឺ​រាតត្បាតកូវីដ-១៩ កំពុង​រីក​រាល​ដាល​ខ្លាំង រួម​និង​ការ​លេច​ឡើង​នៃ​វីរុស​បំលែងថ្មី​បាន​បង្កើត​ឱ្យមាន​រលក​នៃ​ការ​ឆ្លង​ថ្មី​នៅ​បណ្តា​ប្រទេស​ជាច្រើន​ជុំ​វិញ​ពិភពលោក​រួម​ទាំង​កម្ពុជាផង»។

​​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ លោក លុយ ដាវីត ទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នោះ​​ថា៖ «​កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំកំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នៅ​ថ្ងៃទី​២៥​-២៦​ ខែ​វិច្ឆិកា​ឆ្នាំ​២០២១​តាម​រយៈប្រព័ន្ធ​វីដអូ»។

លោក​ លុយ​ ដាវីត​បាន​បញ្ជាក់បន្ថែម​ថា៖ «សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​បាន​បញ្ជាក់​ថា​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត គឹ​នឹង​មិន​មាន​សុវត្ថិភាព​ដល់​បណ្តា​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ដៃ​គូASEM  ដែល​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ឡើយ ហើយ​វា​ក៏​មិន​អាច​ប្រព្រឹត្តទៅ​បាន​ផង​ដែរ ព្រោះ​ជំងឺ​រាតត្បាត​នេះ​បាន​និង​កំពុង​បន្ត​រីក​រាល​ដាល​ខ្លាំង ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សកល​លោក​បាន​ដាក់​ចេញ​នូវ​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​សារជាថ្មី»។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ដែល​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុបលើ​ទី​១៣​គ្រោង​នឹង​ធ្វើ​ឡើង​ជា​លក្ខណៈរូបវ័ន្ត ប៉ុន្តែ​ការណ៍​​នេះ​ត្រូវ​បាន​ពន្យា​ពេល​​រួច​មក​ហើយ​តាំង​ពី​ឆ្នាំ​២០២០​មក​ ដោយ​សារ​តែ​ស្ថានភាព​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺកូវីដ-១៩​មិន​បាន​ធូរ​ស្បើយ៕