ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ពលរដ្ឋ ពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីទាំងអស់ ឱ្យបានដឹងពីគម្រោងការបន្តកម្មវិធីធ្វើមាតុភូមិនិវត្តន៍ រហូតដល់ដាច់ឆ្នាំ២០២១ ឬនៅពេលកម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្តកម្មវិធីគណនាឡើងវិញនូវការធ្វើមាតុភូមិនិវត្តន៍ (Repatriation Recalibration Programme) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឬរហូតដល់កម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។
សេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំបញ្ជរពិសេស (Special Counters) នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ដើម្បីជួយសម្របសម្រួលដល់ជនបរទេសខុសច្បាប់ទាំងអស់ដែលមានបំណងវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនតាមកម្មវិធីការគណនាឡើងវិញ (Recalibration Programme) ដោយមិនចាំបាច់ធ្វើការណាត់ជួបតាមប្រព័ន្ធអនឡាញ (Online Appointment System-STO)»។
រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ដើម្បីចូលរួមកម្មវិធីនេះនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ជនបរទេសខុសច្បាប់ទាំងអស់ត្រូវមានឯកសារ និងបំពេញលក្ខខណ្ឌដូចជាមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងច្បាប់ថតចម្លង សំបុត្រយន្តហោះត្រឡប់ទៅប្រទេសកំណើត ត្រូវទៅដល់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួយ៉ាងហោច៦ម៉ោងមុនការហោះហើរ បង់ថ្លៃផាកពិន័យចំនួន៥០០រីងហ្គីតដោយកាតដេប៊ីត (Debit Card) កាតក្រេឌីត (Credit Card) ឬ Touch N Go e-Wallet និងត្រូវមានលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ (RT-PCR Test) ដែលមានសុពលភាពរយៈពេល៧២ម៉ោងមុនការហោះហើរ។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «កម្មវិធីគណនាឡើងវិញ (Recalibration Programme) បើកដំណើរការជារៀងរាល់ថ្ងៃ (២៤ម៉ោង/៧ថ្ងៃ) ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១តទៅ»។
អ្នកចូលរួមកម្មវិធីនេះត្រូវចូលតាមច្រកទ្វារទី២ ទី៣ ទី៥ ឬទី៦ នៅជាន់ទី៥កន្លែងចេញដំណើរ ដើម្បីវាស់កម្តៅ មុននឹងទៅដំណើរការឯកសារនៅជាន់ទី៣ជិតកន្លែងមកដល់របស់អ្នកដំណើរក្នុងស្រុកនៃអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងខាងលើ៕